ជាតិ
ពីនេះ ពីនោះ
កម្ទេចមីគ្មានគុណភាពជាង២តោន ដែលនាំចូលពីថៃ ត្រូវបានរឹបអូស
19, Jul 2021 , 4:14 pm        
រូបភាព
កម្ទេចមី គ្មានគុណភាព និងមិនអនុញ្ញាតនាំចូលប្រមាណ ២.២តោន ត្រូវបានមន្ត្រី ក.ប.ប សាខាខេត្តបន្ទាយជ័យរឹបអូន នៅចំណុចឃុំគោកមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ រូបភាពពី ទំព័រហ្វេសប៊ុក ក.ប.ប។
កម្ទេចមី គ្មានគុណភាព និងមិនអនុញ្ញាតនាំចូលប្រមាណ ២.២តោន ត្រូវបានមន្ត្រី ក.ប.ប សាខាខេត្តបន្ទាយជ័យរឹបអូន នៅចំណុចឃុំគោកមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ រូបភាពពី ទំព័រហ្វេសប៊ុក ក.ប.ប។
ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ រកឃើញ និងរឹបអូសកម្ទេចមីប្រមាណ ២,២តោន ជាទំនិញគ្មានគុណភាព នាំចូលពីប្រទេសថៃ នៅថ្ងៃទី១៧ ខែកក្កដា ។ បច្ចុប្បន្នទំនិញទាំងនោះ ត្រូវបានរក្សាទុករង់ចាំការបំផ្លាញ ខណៈម្ចាស់អាជីវកម្មរងការពិន័យអន្តរការណ៍។


 
មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខាខេត្តបន្ទាយមានជ័យ បានរកឃើញ និងរឹបអូសកម្ទេចមីចំនួន ២,២២៥គីឡូក្រាម ស្មើនឹង ១៤២,៤០០កញ្ចប់តូច។ ទំនិញទាំងនោះ ត្រូវបានមន្ត្រីរឹបអូសបាន នៅចំណុចខាងកើតច្រកបឹងត្រកួន ចម្ងាយប្រមាណ១គីឡូម៉ែត្រ ស្ថិតក្នុងឃុំគោកមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
 
កម្ទេចមី ដែលមន្ត្រីក.ប.ប រឹបអូសទាំងនោះ ជាប្រភេទទំនិញគ្មានគុណភាព និងសុវត្ថិភាព ដែលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ និងមិនត្រូវបានអនុញ្ញាតឱ្យចរាចរលើទីផ្សារ។ ជុំវិញករណីនេះ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានអគ្គនាយកដ្ឋាន ក.ប.ប សាខាខេត្តបន្ទាយមានជ័យ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរស័ព្ទដូច្នេះថា៖ «កម្ទេចមីនេះ វាមិនមែន ស្អុយរលួយអីនោះទេ។ វាជាកាកសំណល់មីកញ្ចប់ ដែលជ្រុះនៅកម្រាលឥដ្ឋ និងសល់ពីការវេចខ្ចប់ពីមីកញ្ចប់ ហើយយកមកវេចខ្ចប់លក់ គ្មានម៉ាកសញ្ញាត្រឹមត្រូវ។ ដូច្នេះវាគ្មានអនាម័យ ដែលជាទំនិញដែលមិនត្រូវឱ្យនាំចូល និងមិនអាចធ្វើជាចំណីអាហារសម្រាប់មនុស្ស ជាពិសេសកុមារ»។
 
ដោយឡែកអ្នកនាំចូលទំនិញទាំងនេះវិញ ប្រធានអគ្គនាយកដ្ឋាន ក.ប.ប អះអាងថា មន្ត្រីបានធ្វើកំណត់ហេតុដកហូតពីម្ចាស់ទំនិញ ដោយតម្រូវឲ្យពួកគេចុះកិច្ចសន្យាបញ្ឈប់ការចរាចរទំនិញគ្មានគុណភាព និងត្រូវបានពិន័យអន្តរាការណ៍។ ទំនិញទាំងនោះ ត្រូវបានរឹបអូស និងរង់ចាំការអនុញ្ញាតបំផ្លាញចោលពីតុលាការ។
 
បើតាមលោក សាន វិជ្ជាសារ៉ាវុធ កម្ទេចមីនេះ មានចរាចរតែក្នុងទីផ្សារប្រទេសកម្ពុជាប៉ុណ្ណោះ ពុំមានលក់ក្នុងប្រទេសវៀតណាម ឬថៃនោះឡើយ។ កម្ទេចមីនេះ វាបង្កផលប៉ះពាល់លើសុខភាពអ្នកបរិភោគដូចជា ប៉ះពាល់លើពោះវៀន ក្រពះ ប្រព័ន្ធរំលាយអាហារ អាចបង្កជាអាការៈក្ដៅខ្លួន និងឈឺពោះ ជាដើម៕
 
 

Tag:
 ThmeyThmey25
  ទំនិញខូចគុណភាព
  កម្ទេចមី
  បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com