កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
F1៖ Hamilton ឈ្នះនៅអង់គ្លេស តែរងការរិះគន់ ក្រោយធ្វើឱ្យ Verstappen ចូលពេទ្យ
19, Jul 2021 , 7:39 pm        
រូបភាព
Lewis Hamilton បានវាយបកពីការពិន័យ ១០ វិនាទីសម្រាប់ការប៉ះទង្គិចជាមួយគូប្រជែង Max Verstappen ដើម្បីយកឈ្នះ Charles Leclerc ក្នុងការប្រណាំងរថយន្ត Formula One នៅកម្មវិធី British Grand Prix ប្រទេសអង់គ្លេស។


 
ម្ចាស់ការពារជើងឯក Hamilton ត្រូវរងការរិះគន់ចំពោះការប៉ះទង្គិចគ្នាជាមួយ Verstappen ដែលបើកបរឱ្យក្រុម Red Bull នៅលើជុំទីមួយដែលធ្វើឱ្យអ្នកប្រណាំងហូឡង់ធ្លាក់ ចេញពីការប្រកួតនៅទីលានទី១០នៃព្រឹត្តិការណ៍ប្រណាំងរថយន្តពិភពលោករដូវកាលឆ្នាំ២០២១។
 
 
Verstappen ដែលកំពុងនាំមុខគេក្នុងតារាង F1 ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រោយ ប៉ះទង្គិចគ្នា តែមិនប៉ះពាល់អ្វីទេ ខណៈ Hamilton បន្តព្យាយាមរហូតយកឈ្នះការប្រណាំងនេះបើទោះត្រូវពិន័យ១០នាទីក៏ដោយ។ អ្នកប្រណាំងអង់គ្លេសដែលបើកឱ្យ Mercedes សម្រេចទីមុនគេដោយប្រើថេរវេលា១ម៉ោង ៥៨នាទី និង២៣វិនាទី តាមពីក្រោយដោយ Charles Leclerc ដែលបើកឱ្យ Ferrari ខណៈ Valtteri Bottas មិត្តរួមក្រុម Mercedes បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣។
 
ជ័យជម្នះដ៏ចម្រូងចម្រាសនៅចំពោះមុខអ្នកគាំទ្រផ្ទាល់ ១លាន៤សែននាក់នៅអង់គ្លេស British Grand Prix បានជួយ Hamilton កាន់បន្ថយការនាំមុនរបស់ Verstappen នៅសល់ត្រឹម ៨ពិន្ទុវិញ។
 
ឆ្លងកាត់ការប្រណាំង១០លើក Verstappen នៅរក្សាចំណាត់ថ្នាក់ទី១ដដែល ដោយរកបាន១៨៥ពិន្ទុ តាមពីក្រោយដោយ Hamilton ដែលមាន១៧៧ពិន្ទុ។ លេខ៣ Lando Norris ដែលបើកឱ្យក្រុម McLaren ឡើងទៅចំណាត់ថ្នាក់ទី៣ មាន១១៣ពិន្ទុ ខណៈ Sergio Perez ធ្លាក់ទៅលេខ៥មាន១០៤ពិន្ទុ។ Bottas កើនពិន្ទុបាន១០៨ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី៤។
 
ផ្នែកគ្រឿងម៉ាស៊ីនវិញ Red Bull នៅតែនាំមុខគេដដែលដោយរកបានពិន្ទុ១៨៩ពិន្ទុ ប៉ុន្តែ Mercedes តាមប្រកៀកមែនទែន ដោយតាមពីក្រោយត្រឹម៤ពិន្ទុប៉ុណ្ណោះ។
 
ការប្រណាំងនៅទីលានទី១១ នៃព្រឹត្តិការណ៍ F1 រដូវកាលនេះនឹងធ្វើនៅប្រទេសហុងគ្រី ក្នុងកម្មវិធី Hungarian Grand Prix នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២១៕
 

Tag:
 Lewis Hamilton
  Formula One
© រក្សាសិទ្ធិដោយ thmeythmey.com