ជាតិ
មន្ទីរកសិកម្មត្បូងឃ្មុំ៖ កសិករមិនគួរកាប់ស្វាយចន្ទីឬ កៅស៊ូ ដោយផ្លាស់ប្តូរដំណាំតាមតម្រូវការទីផ្សារឡើយ
19, Jul 2021 , 8:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ការផ្លាស់ប្ដូរដំណាំ ទៅតាមតម្រូវការទីផ្សារ ជារឿងប្រសើរសម្រាប់កសិករ តែវិធីនេះ ល្អ ចំពោះដំណាំរយៈពេលខ្លីប៉ុណ្ណោះ។ ដូច្នេះកសិករមិនគួរកាប់ស្វាយចន្ទីឬ កៅស៊ូ ទៅដាំដំណាំតាមតម្រូវការទីផ្សារឡើយ។ នេះបើតាមលោក ហេង ពិសិដ្ឋ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ។

 
លោក ហេង ពិសិដ្ឋ ពន្យល់ថា គ្រប់ប្រភេទដំណាំទាំងអស់ មិនមែនសុទ្ធតែអាចផ្លាស់ប្ដូរភ្លាមៗនោះទេ ពិសេសដំណាំរយៈពេលវែង ដូចជាកៅស៊ូ និងស្វាយចន្ទីជាដើម។ លោក ពិសិដ្ឋ មិនលើកទឹកចិត្តឱ្យកសិករធ្វើបែបនេះឡើយ ព្រោះវាខាតបង់ពេលវេលា និងថវិកាច្រើន។
 
ប្រធានមន្ទីរកសិកម្មរូបនេះ បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរសព្ទបែបនេះ៖«ការផ្លាស់ប្ដូរដំណាំ វាជាការល្អ ព្រោះអាចដាំតាមតម្រូវការទីផ្សារ និងកែប្រែគុណភាពដី។ តែខ្ញុំមិនលើកទឹកចិត្តដល់កសិករធ្វើបែបនេះទេ សម្រាប់ដំណាំរយៈពេលវែង»។
 
កន្លងមក មានករណីកាប់ដំណាំកៅស៊ូចោល រួចមកដាំស្វាយចន្ទី ឬកាប់ស្វាយចន្ទី ទៅដាំកៅស៊ូវិញ នៅខេត្តត្បូងឃ្មុំ ដើម្បីឱ្យស្របតាមតម្រូវការ និងតម្លៃ នៅលើទីផ្សារ ។ ប៉ុន្តែសកម្មភាពបែបនេះ ហាក់ថមថយទៅវិញ ក្នុងខេត្តត្បូងឃ្មុំ ដោយសារកសិករ កាន់តែយល់ដឹងទូលាយ ពីទីផ្សារកសិកម្ម ទាំងក្នុងស្រុក និងអន្តរជាតិ។ នេះបើតាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ ។


 លោក ហេង ពិសិដ្ឋ(រូបស្ដាំ) ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ចុះពិនិត្យកន្លែងបណ្ដុះកូនស្វាយចន្ទីមួយកន្លែងក្នុងខេត្តត្ពូងឃ្មុំ
 
បើតាមលោក ហេង ពិសិដ្ឋ ដំណាំស្វាយចន្ទី ដំឡូងមី និងកៅស៊ូ ជាដំណាំសក្ដានុពល ក្នុងខេត្តត្បូងឃ្មុំ។ ក្នុងនោះ ដំណាំកៅស៊ូ មានផ្ទៃដី ៨៧០០០ហិកតា។ ចំណែក ដំណាំដំឡូងមី មានផ្ទៃដី ប្រមាណ ៥០០០០ហិកតា។ រីឯ ដំណាំស្វាយចន្ទី មានផ្ទៃដី ៨៧៩០ហិកតា។ ប្រធានមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ទៀតថា ឆ្នាំនេះទីផ្សារស្វាយចន្ទី កៅស៊ូ និងដំឡូងមី ហាក់ប្រសើរជាងឆ្នាំទៅ។ 
 
បច្ចុប្បន្នដំណាំស្វាយចន្ទី កំពុងមានទីផ្សារល្អ និងជាដំណាំអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានចែករំលែកវិធីសាស្រ្តមួយចំនួន ដើម្បីឱ្យកសិករអាចដាំស្វាយចន្ទី ទទួលបានទិន្នផលល្អ។ ក្នុងនោះកសិករត្រូវចេះរៀបចំដី, ការជ្រើសរើសពូជ,ការដាំឱ្យមានគម្លាតដើម,ការជីករណ្ដៅ និងការរៀបចំឱ្យប្រព័ន្ធស្រោចស្រពឱ្យបានត្រឹមត្រូវ៕ 
 

Tag:
 ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com