ជាតិ
លោក នេត្រ ភក្ត្រា៖ សត្វ«ក្រៀល»នៅកម្ពុជា ប្រឈមធ្លាក់ចុះខ្លាំង
19, Jul 2021 , 9:59 pm        
រូបភាព
សត្វក្រៀល។ ប្រភពរូប៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន
សត្វក្រៀល។ ប្រភពរូប៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន
ភ្នំពេញ៖ ប្រភេទសត្វកម្រ«ក្រៀល»ដែលមានវត្តមាននៅទីតាំង១០កន្លែងខុសៗគ្នា នៅក្នុងទឹកដីកម្ពុជា កំពុងមាននិន្នាការធា្លក់ចុះខ្លាំង។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្រ្តា រដ្ឋាលេខាធិការក្រសួងបរិស្ថាន  ដែលបានបញ្ជាក់ថា ការធ្លាក់ចុះនូវប្រភេទបក្សីដ៏កម្រនេះ គឺដោយសារតែអត្រាស្លាប់កម្រិតខ្ពស់ ហើយអត្រាបង្កកំណើតមានកម្រិតទាប នៅឡើយ។

 
«ក្រៀល» ដែលជាប្រភេទសត្វកម្រ និងជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោកនោះ គឺត្រូវបានក្រុមអ្នកជំនាញរកឃើញថា មាននិន្នាការធ្លាក់ចុះខ្លាំងនៅទូទាំងពិភពលោក។ ក្នុងនោះ ក៏មានកម្ពុជា ផងដែរ។ បើតាមសំណេររបស់លោក នេត្រ ភក្ត្រា ដែលផ្តល់ឱ្យក្រុមអ្នកសារព័ត៌មានតាមប្រព័ន្ធតេលេក្រាម នារសៀលថ្ងៃទី១៩កក្កដា ការធ្លាក់ចុះនៃវត្តមានរបស់បក្សីនេះ គឺទាមទារយ៉ាងចាំបាច់ពីភាគីពាក់ព័ន្ធដែលត្រូវចូលរួមការពារ និងអភិរក្សប្រភេទសត្វដ៏កម្រនេះ រួមទាំងការថែរក្សាទីជម្រកពងកូន និងតំបន់ដីសើម ដែលជាកន្លែងស្វែងរកចំណីរបស់សត្វក្រៀល និងសត្វស្លាបផ្សេងៗទៀត។
 
បើតាមទិន្នន័យសិក្សាដោយអ្នកជំនាញ ចំនួនសត្វក្រៀល នៅលើពិភពលោកនាពេលបច្ចុប្បន្ន មាន ចន្លោះពី១៣,០០០ ទៅ១៥,០០០ក្បាល ដែលកំពុងរស់នៅក្នុងប្រទេសឥណ្ឌា អូស្ត្រាលី វៀតណាម ឡាវ និងកម្ពុជា។ ដោយឡែក កម្ពុជាមានសត្វក្រៀលចំនួន១៩៤ក្បាល ដែលកំពុងរស់នៅទីតាំងប្រមាណ១០កន្លែងខុសៗគ្នា។ នេះបើយោងតាមជំរឿនសត្វក្រៀលនៅចុងឆ្នាំ២០១៩និងដើមឆ្នាំ២០២០ របស់ក្រសួងបរិស្ថាន។ 



«ចំនួនសត្វក្រៀលត្រូវបានធ្លាក់ចុះយ៉ាងច្រើន នាប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារតែអត្រាស្លាប់កម្រិតខ្ពស់ និងអត្រាបង្កកំណើតមានកម្រិតទាបនៅឡើយ»។ នេះជាសម្តីរបស់ លោក នេត្រ ភក្តា្រ រៀបរាប់ថា ការធ្លាក់ចុះចំនួនសត្វក្រៀលនៅទូទាំងពិភពលោកនេះ គឺបណ្ដាលមកពីកត្តាគំរាមកំហែងផ្សេងៗដែលបង្កឡើងដោយមនុស្ស និងធម្មជាតិ។  កត្តាទាំងនោះ ដូចជា៖ ការបាត់បង់តំបន់ដីសើមដែលជាទីជម្រកដ៏សំខាន់របស់សត្វក្រៀល, ការរំខាន់នៅតំបន់ពងកូន ដែលនាំឱ្យអាត្រាបង្កកំណើតទាប, ការបំពុលដោយថ្នាំពុលកសិកម្ម ការថយចុះនូវវត្តមានចំណីអាហារ, ការកែប្រែប្រព័ន្ធជលសាស្ត្រ ជំងឺឆ្លង ការយកស៊ុតឬកូនសត្វក្រៀលពីសំបុកដើម្បីចិញ្ចឹម ឬជួញដូរ, ការសម្លាប់ដោយសត្វឆ្កែខាំ និងការប្រែប្រួលអាកាសធាតុជាដើម។
 
ដើម្បីអភិរក្សនិងការពារនូវប្រភេទសត្វស្លាបដ៏កម្រដែលកំពុងរស់នៅក្នុងទឹកដីកម្ពុជានេះ ក្រសួងបរិស្ថាន កំពុងសហការជាមួយអង្គការដៃគូក្នុងការអភិរក្សសត្វក្រៀល និងទីជម្រករបស់ពួកវាដោយឧទ្យានុរក្ស តែងតែល្បាតនៅតំបន់ការពារធម្មជាតិ ដែលជាជម្រករបស់សត្វក្រៀល។ លើសពីនេះ ក្រសួងក៏កំពុងសិក្សាពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ, ការគ្រប់គ្រងនិងដាក់តំបន់ដីសើមសំខាន់ៗ ដែលជាតំបន់ការពារធម្មជាតិ និងធ្វើជំរឿនសត្វក្រៀលជារៀងរាល់ឆ្នាំ ដើម្បីប្រមូលនិងរក្សាទុកទិន្នន័យជាក់លាក់នៃចំនួនសត្វក្រៀលនៅកម្ពុជា។ នេះបើតាមការរៀបរាប់របស់លោក នេត្រ ភក្ត្រា។ 
 
លោករដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បាននិយាយដូច្នេះ៖  «យើងក៏បានលើកទឹកចិត្តដល់សម្មភាពអភិរក្ស និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានតាមរយៈទេសចរណ៍ធម្មជាតិ និងការសាកល្បងធ្វើស្រូវមិត្តក្រៀល។ លើសពីនេះទៀត យើងបានអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីសត្វក្រៀលដល់សាធារណជន និងតែងតែរៀបចំប្រារព្ធទិវាតំបន់ដីសើមពិភពលោក និងទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក ជាដើម»។ 


 
ទាក់ទងនឹងទីជម្រកសត្វក្រៀលនៅកម្ពុជា លោក ស្រី ស៊ុនលាង អគ្គនាយករងនៃអគ្គនាយកដ្ឋាន រដ្ឋបាលការពារនិងអភិរក្សធម្មជាតិ បានលើកឡើង ថា សត្វក្រៀលបានប្រើប្រាស់ទីជម្រកផ្សេងៗគ្នាដែលមានវិសាលភាពធំគ្របដណ្ដប់ទូទាំងកម្ពុជា ដែលនេះជាតម្រូវការនានា នៅរដូវកាលផ្សេងៗគ្នាសម្រាប់សត្វក្រៀល។ បើតាមលោក ស៊ុនលាង រដូវពងកូនរបស់សត្វក្រៀល គឺចាប់ពីខែកក្កដា ដល់ ខែតុលា  ដោធ្វើបំលាស់ទីទៅភាគខាងជើងនិងភាគឦសាន(ខាងជើងឈាងខាងកើត)នៃកម្ពុជា។ លោកបានបន្ថែមថា នៅក្នុងព្រៃដែលសំបូរដោយតំបន់ដីសើមតូចៗ(ត្រពាំង ឬថ្លុកទឹក) គឺជាទីជម្រកដ៏សំខាន់សម្រាប់បន្តពូជរបស់សត្វដ៏កម្រនេះ។
 
លោក ស៊ុនលាង បានបញ្ជាក់ថា ចំនួនសត្វក្រៀលរបស់កម្ពុជាប្រហែលពាក់កណ្ដាលបានផ្លាស់ទីទៅតំបន់នានានៃអាងទន្លេសាប ដោយរាប់បញ្ចូលទាំងតំបន់ការពារទេសភាពអាងត្រពាំងថ្ម ផងដែរ។ ដោយឡែកចំនួនសត្វក្រៀលប្រហែលពាក់កណ្ដាលទៀត គឺផ្លាស់ទីទៅតំបន់ដីសណ្ដរទន្លេមេគង្គនៃប្រទេសកម្ពុជា និងវៀតណាម។ តំបន់ដីសណ្ដរទន្លេមេគង្គនៃប្រទេសកម្ពុជានោះរួមមាន៖ តំបន់ការពារទេសភាពអន្លង់ព្រីងក្នុងខេត្តកំពត និងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ។ 
 
សូមជម្រាបថា ក្រៀល គឺជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាចហោះហើរបាន។ ជាទូទៅ សត្វក្រៀលមានកម្ពស់ប្រហែល ១,៧៦ម៉ែត្រ ទម្ងន់ ពី៥ទៅ១២គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង២,៥ម៉ែត្រ។ សត្វក្រៀលមានសម្បុរប្រផេះលើដងខ្លួន ត្រង់កនៃផ្នែកខាងលើនិងក្បាលមានពណ៌ក្រហម ក្បាលផ្នែកខាងលើបំផុតនិងត្រចៀកមានពណ៌ប្រផេះស្រាល។ សត្វក្រៀលត្រូវបានចាត់ជាប្រភេទសត្វងាយរងគ្រោះនៅក្នុងបញ្ជីក្រហមនៃអង្គការ IUCN៕ 
 

Tag:
 ក្រៀល
  លោក នេត្រ ភក្រ្តា
© រក្សាសិទ្ធិដោយ thmeythmey.com