ជាតិ
សេដ្ឋកិច្ច
របរលក់កែវឫស្សីរបស់លោក លោក វីរៈ ផ្ដល់ការងារដល់មនុស្សចាស់ក្នុងភូមិ អំឡុងវិបត្តិកូវីដ-១៩
19, Jul 2021 , 10:59 pm        
រូបភាព
រូបភាពផ្ដល់ដោយ លោក ម៉ុល វីរៈ ម្ចាស់អាជីវកម្មផលិតកែវឫស្សី ក្នុងខេត្តសៀមរាប។
រូបភាពផ្ដល់ដោយ លោក ម៉ុល វីរៈ ម្ចាស់អាជីវកម្មផលិតកែវឫស្សី ក្នុងខេត្តសៀមរាប។
ដោយ៖ ស៊ុល រ៉វី
 
ភ្នំពេញ៖ ជាអ្នកមានគំនិតច្នៃប្រឌិត និងហត្ថកោសល្យ លោក ម៉ុល វីរៈ បានចាប់មុខរបរកែច្នៃកែវទឹកពីឫស្សី។ មុខរបរនេះ បានផ្ដល់ការងារ និងប្រាក់ចំណូលមួយផ្នែកដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិ ទាំងយុវជន និងមនុស្សចាស់ប្រមាណជា ២០នាក់ ក្នុងខេត្តសៀមរាប ក្នុងអំឡុងវិបត្តិកូវីដ-១៩។

 
លោក ម៉ុល វីរៈ បានបង្កើតអាជីវកម្មលក់កែវឫស្សីឈ្មោះ «លង្វែក ១៥២៥-១៥៩៤» អំឡុងពេលកូវីដ-១៩នេះ។ ស្ថាបនិករូបនេះ បានបើកអាជីវកម្មនេះប្រមាណជា ២-៣ខែមកហើយ។ លោក វីរៈ បានទិញកែវឫស្សីពីអ្នកភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីមកលក់បន្ត។ អាជីវកម្មទើបតែដំណើរការនេះ បានប្រែក្លាយជាការងារ និងប្រភពប្រាក់ចំណូល ដល់ប្រជាជនមួយចំនួនក្នុងស្រុកសៀមរាប។ បច្ចុប្បន្នអាជីវកម្មហត្ថកម្មនេះ មានការគាំទ្រច្រើនពីអ្នកខេត្តសៀមរាប ខណៈការផ្គត់ផ្គង់មិនទាន់តម្រូវការអតិថិជន។
 
កែវឫស្សីខ្លះ មានពណ៌ត្នោតចាស់។ កែវឫស្សីខ្លះ មានពណ៌ត្នោតស្រាលរលើបរលោង និងមានទំហំប្រហាក់ប្រហែលគ្នាជាច្រើន។ បំពង់បឺត និងទ្រនាប់កែវធ្វើពីឫស្សី ត្រូវបានរៀបដាក់ក្នុងប្រអប់យ៉ាងស្រស់ស្អាត ជាទំនិញអតិថិជនបញ្ជាទិញ។ គ្រប់កែវទាំងអស់ ត្រូវបានសិប្បករធ្វើឡើងដោយបច្ចេកទេសបុរាណ ពោលគឺផលិតឡើងដោយដៃ និងមិនប្រើប្រាស់ថ្នាំគីមី ក្នុងការរក្សាគុណភាពនោះឡើយ។ ឫស្សីខ្លះទៀតសោតជ្រើសយកតែឫស្សីស្រុកមកផលិតតែប៉ុណ្ណោះ។ 


 រូបភាពផ្ដល់ដោយ លោក ម៉ុល វីរៈ ម្ចាស់អាជីវកម្មផលិតកែវឫស្សី ក្នុងខេត្តសៀមរាប។

លោក ម៉ុល វីរៈ បានប្រាប់មូលហេតុនៃការបង្កើតអាជីវកម្មនេះ តាមខ្សែទូរស័ព្ទដូច្នេះថា៖ «ឫស្សីនៅក្រោយផ្ទះនៅសល់ច្រើន។ ខ្ញុំយកមកច្នៃលមើល ហើយក៏កាប់មួយដើមច្នៃធ្វើកែវ។ ពេលធ្វើហើយស្អាត រួចថតបង្ហោះក៏មានគេចាប់អារម្មណ៍សួរនាំអ៊ីចឹងទៅ ហើយក៏មានអ្នកចាប់អារម្មណ៍កម្ម៉ង់ជាហូរហែមក។ ម្យ៉ាងទៀតការប្រើប្រាស់កែវឫស្សីនេះ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក»។
 
បុរសសម្បុរស្រអែមរូបនេះ បន្ថែមថា មុខរបរនេះ មិនសូវជាបានផ្ដល់កម្រៃច្រើនដល់ពួកគាត់ជា អ្នកផលិតនោះឡើយ ពោលអាចជួយទប់ទល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពួគគាត់ ក្នុងវិបត្តិកូវីដ-១៩នេះប៉ុណ្ណោះ។ 
បច្ចុប្បន្នអាជីវកម្មផលិតឫស្សីមួយនេះ អាចផ្គត់ផ្គង់ទៅកាន់អតិថិជនរបស់ខ្លួនចន្លោះពី ៨រយកែវ ទៅ១ពាន់កែវ ក្នុងតម្លៃ១២ ០០០រៀល ដែលតម្លៃនេះរួមទាំងការឆ្លាក់អក្សរលើកែវ។ ប៉ុន្តែការផលិតមិនទាន់អាចផ្គត់ផ្គងគ្រប់គ្រាន់លើទីផ្សារនៅឡើយនោះទេ។ 


  រូបភាពផ្ដល់ដោយ លោក ម៉ុល វីរៈ ម្ចាស់អាជីវកម្មផលិតកែវឫស្សី ក្នុងខេត្តសៀមរាប។

លោក វីរៈ លើកឡើងដូច្នេះថា៖ «តម្រូវការរាល់ថ្ងៃយើងនៅតែខ្វះខាតដដែល ដោយសារចំនួនអតិថិជនគាំទ្រ នៅតែបន្តកើនឡើង។ ប៉ុន្តែយើងខ្វះកម្លាំងពលកម្មផលិត ព្រោះយុវជនមានកម្លាំង។ ពួគគាត់ទៅធ្វើការសំណង់ ឬធ្វើការងារផ្សេងៗអស់ហើយ។ ម្យ៉ាងទៀតការផលិតមានរយៈពេលយូរ ដោយសារយើងប្រើកម្លាំងមនុស្សផ្ទាល់ គឺនៅឈូសអី ដោយដៃនៅឡើយទេ»។ 
 
ស្ថាបនិកអាជីវកម្មកែវឬស្សីរូបនេះ បរិច្ចាកថវិកាដែលលក់បានក្នុងមួយកែវចំនួន ២ពាន់រៀល ទៅកាន់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងខេត្តសៀមរាបផងដែរ។ យុទ្ធនាការនេះ នឹងចាប់ផ្ដើមពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។ 
 
ទោះបីជាបើកដំណើរការក្នុងអំឡុងពេលកូវីដ-១៩ក្ដី ក៏អាជីវកម្មមួយនេះ អាចដំណើរការបានរលូន និងជោគជ័យគួរសម ដោយទទួលបានការបញ្ជាទិញមិនដាច់ជារៀងរាល់ថ្ងៃ។ បច្ចុប្បន្ននេះ លោក ម៉ុល វីរៈ កំពុងស្វែងរកដៃគូវិនិយោគ និងទុនបន្ថែម ដើម្បីទិញនូវម៉ាស៊ីនប្រើប្រាស់ ដើម្បីបន្ថែមល្បឿនផលិតឱ្យទាន់តម្រូវការអតិថិជនរបស់ខ្លួន៕


  រូបភាពផ្ដល់ដោយ លោក ម៉ុល វីរៈ ម្ចាស់អាជីវកម្មផលិតកែវឫស្សី ក្នុងខេត្តសៀមរាប។
 
 
 
 
 
 
 
 
 
 
 
 
 

Tag:
 ThmeyThmey25
  ម៉ុល វីរៈ
  កែច្នៃកែវឫស្សី
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com