ជាតិ
អ្នកចិញ្ចឹមជ្រូកក្នុងស្រុក ស្នើឱ្យរដ្ឋធានាសុវត្ថិភាព និងតម្លៃនាំចូលជ្រូកពីថៃ ដើម្បីកុំឲ្យប៉ះពាល់តម្លៃទីផ្សារ
20, Jul 2021 , 9:48 am        
រូបភាព
រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ដោយ:
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុញ្ញាតឱ្យមានការនាំចូលជ្រូករស់ពីប្រទេសថៃ ដោយតម្រូវឱ្យក្រុមហ៊ុននាំចូលនោះ គោរពតាមគោលការណ៍របស់ក្រសួងកសិកម្ម។ ក្រុមអ្នកចិញ្ចឹមជ្រូកក្នុងស្រុក ស្នើឱ្យធានាសុវត្ថិភាព តម្លៃ និងនាំចូលក្នុងបរិមាណស្របតាមតម្រូវការរបស់កម្ពុជា។

 
លោក មៀច ពុទ្ធា អ្នកចិញ្ចឹមជ្រូកម្នាក់ ក្នុងខេត្តពោធិ៍សាត់ មិនជំទាស់នូវការសម្រេចរបស់ក្រសួងកសិកម្ម ដែលអនុញ្ញាតឲ្យនាំចូលជ្រូករស់ពីប្រទេសថៃ មកបំពេញតម្រូវការក្នុងស្រុកឡើយ។ ប៉ុន្តែអ្នកក្រុងពោធិ៍សាត់រូបនេះ ក៏មិនចង់ឃើញការបើកដៃឲ្យនាំជ្រូកចូលមកលើសលប់ ដែលនាំឲ្យប៉ះពាល់ដល់ទីផ្សារអ្នកចិញ្ចឹមជ្រូកក្នុងស្រុកដែរ។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ២៥ បុរសវ័យ ៣១ឆ្នាំរូបនេះ ដែលបានចិញ្ចឹមជ្រូកជាង ១០ឆ្នាំមកហើយ ជាលក្ខណៈគ្រួសារនោះ បានរៀបរាប់ដូច្នេះ៖«បច្ចុប្បន្ន ទីផ្សារជ្រូករស់ មានតម្លៃខ្ទង់ ១២ ៥០០រៀល ទៅ ១៣ ០០០រៀល គឺអាចទទួលយកបាន។ ខ្ញុំយល់ថា សព្វថ្ងៃ អ្នកចិញ្ចឹមជ្រូកក្នុងស្រុកច្រើន បើខ្វះសាច់ជ្រូក ក៏ខ្វះតិចដែរ។ ហើយបើសិន ក្រសួងអនុញ្ញាតឱ្យនាំចូលជ្រូករស់ច្រើនលើសពីតម្រូវការ នឹងប៉ះពាល់ដល់អ្នកចិញ្ចឹមជ្រូកក្នុងស្រុក តម្លៃជ្រូកអាចធ្លាក់ជាងនេះ»។
 
បច្ចុប្បន្ននេះ លោក ពុទ្ធា មានជ្រូកសរុប ប្រមាណ ៣០០ក្បាល ស្ថិតនៅភូមិលលកស សង្កាត់លលកស ក្រុងពោធិ៍សាត់។ ដ្បិតកម្ពុជា ជួបវិបត្តិកូវីដ-១៩ តែលោកនៅតែអាចលក់ជ្រូកជាប្រចាំ ទៅឱ្យឈ្មួញក្នុងស្រុក។ 
 
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ទទួលស្គាល់ថា កម្ពុជាមិនទាន់អាចផ្គត់ផ្គង់សាច់ជ្រូកគ្រប់គ្រាន់នៅឡើយ។ តែលោក ស៊្រុន ពៅ ក៏ស្នើឱ្យក្រសួងត្រួតពិនិត្យសុខភាពសត្វឱ្យបានត្រឹមត្រូវ និងនាំចូលត្រឹមបរិមាណដែលកម្ពុជាខ្វះខាតប៉ុណ្ណោះ ដើម្បីធានាសុវត្ថិភាពអ្នកបរិភោគ ព្រមទាំងចៀសវាងប៉ះពាល់ដល់ក្រុមអ្នកចិញ្ចឹមជ្រូកក្នុងស្រុក។ 
 
ប្រធានសមាគមរូបនេះបានប្រាប់សារព័ត៌មាន ThmeyThmey25 ដូច្នេះ៖«តាមពិតការនាំចូលជ្រូករស់ពីខាងក្រៅ អាចប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុកពិតមែន បើក្រសួងមិនបានត្រួតពិនិត្យបានត្រឹមត្រូវ។ យើងគាំទ្រ ឱ្យមានការនាំចូលជ្រូករស់ ព្រោះសព្វថ្ងៃ ការផ្គត់ផ្គង់ ប្រចាំថ្ងៃ នៅខ្វះខាតនៅឡើយ»។
 
លោក ស្រ៊ុន ពៅ បានបន្ថែមទៀតថា សព្វថ្ងៃ កម្ពុជានាំចូលជ្រូករស់ពីខាងក្រៅ ក្នុងបរិមាណ ១ពាន់ក្បាលប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ ដូច្នេះបរិមាណនៃការនាំចូលនេះ មិនបង្កហានិភ័យសម្រាប់អ្នកចិញ្ចឹមជ្រូក ក្នុងស្រុកឡើយ។ លោក ពៅ បន្តថា គុណភាពជ្រូក និងតម្លៃ ក៏មិនខុសគ្នា ជាមួយជ្រូកក្នុងស្រុកដែរ។ ប៉ុន្តែបញ្ហាដែលលោក ពៅ ព្រួយបារម្ភនោះ គឺឈ្មួញខិលខូចមួយចំនួន ឆ្លៀតយកឱកាសនេះ ដើម្បីនាំជ្រូកខុសច្បាប់ចូលមកកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ទីផ្សារជ្រូកក្នុងស្រុក និងប៉ះពាល់ដល់សុខភាពសាធារណៈ។ 


លោក ស្រ៊ុន ពៅ ប្រធានសមាគអ្នកចិញ្ចឹមសត្វកម្ពុជា (រូបពីតេឡេក្រាមរបស់លោក)

ជាទូទៅកម្ពុជា មានតម្រូវការជ្រូករស់ប្រមាណ ៨ពាន់ក្បាល ក្នុងមួយថ្ងៃ ហើយកម្ពុជា មានលទ្ធភាពផ្គត់ផ្គង់ជ្រូករស់ ប្រមាណ ៧ពាន់ក្បាល ក្នុងមួយថ្ងៃ នៅលើទីផ្សារ ដូច្នេះកម្ពុជា ត្រូវការនាំចូលជ្រូករស់ពីខាងក្រៅ ប្រមាណ ១ពាន់ក្បាល ជារៀងរាល់ថ្ងៃ។ បច្ចុប្បន្នកម្ពុជា មានក្រុមហ៊ុនចំនួន៦ ដែលបានកំពុងទទួលបានគោលការណ៍នាំជ្រូកចូលពីប្រទេសថៃ មកកម្ពុជា និងមានក្រុមហ៊ុន ចំនួន៤ ផ្សេងទៀត គ្រោងនាំចូល។  
 
មុនពេលវិបត្តិកូវីដ-១៩ ថ្លៃដើមជ្រូកសាច់ បានប្រែប្រួលក្នុងរង្វង់ពី ៧ ៥០០រៀល ទៅ ៩ ០០០រៀល ក្នុងមួយគីឡូក្រាម។ បច្ចុប្បន្ន ថ្លៃដើមផលិតជ្រូកសាច់កើនឡើង ប្រមាណ ១០ ៥០០រៀល ទៅ ១២ ០០០រៀល ក្នុងមួយគីឡូក្រាម។ ថ្វីបើ ថ្លៃដើមផលិតជ្រូកសាច់កើនឡើង ស្របនឹងការរាលដាលនៃជំងឺកូវីដ-១៩ តែតម្លៃជ្រូករស់ក្នុងស្រុកមិនមានការប្រែប្រួលនោះទេ គឺស្ថិតក្នុងចន្លោះ ១០៥០០រៀល ទៅ ១៣៦០០រៀល ក្នុងមួយគីឡូក្រាម។
 
បច្ចុប្បន្ន កម្ពុជា អាចផ្គត់ផ្គង់ជ្រូកសាច់នៅក្នុងស្រុកបាន ៨៥ភាគរយ ខណៈ ៦ខែ ក្នុងឆ្នាំ២០២១ មានកសិដ្ឋានចិញ្ចឹមជ្រូកបង្កើតថ្មី ចំនួន ៦១កន្លែង ក្នុងនោះ មានកសិដ្ឋានចិញ្ចឹមជ្រូកពូជ ៧កន្លែង និងកសិដ្ឋានចិញ្ចឹមជ្រូកសាច់ ចំនួន ៥៤កន្លែង៕ 
 
 

Tag:
 នាំចូលជ្រូក
© រក្សាសិទ្ធិដោយ thmeythmey.com