ភ្នំពេញ៖ សហជីពនិងសង្គមស៊ីវិល ទទូចឲ្យម្ចាស់ម៉ាកល្បីៗ ជួយកម្មកររងគ្រោះដោយសារវិបត្តិកូវីដ-១៩។ ការស្នើនេះ ធ្វើឡើងក្រោយរកឃើញថា កម្មករក្នុងវិស័យកាត់ដេរនៅកម្ពុជា បាត់បង់ប្រាក់ឈ្នួល១០៩លានដុល្លារ នាអំឡុងពេលបិទខ្ទប់។
កម្មករក្នុងវិស័យរោងចក្រកាត់ដេរសម្លៀបំពាក់ និងស្បែកជើងនៅកម្ពុជា ជាង៧៨ម៉ឺននាក់ បានបាត់បង់ប្រាក់ឈ្នួលជាង១០៩លានដុល្លារ នៅអំឡុងពេលបិទខ្ទប់ ពីខែមេសាដល់ខែឧសភា។ ពួកគេទាំងនោះ ធ្វើការក្នុងរោងចក្រផលិតសម្លៀបំពាក់និងស្បែកជើងឲ្យម៉ាកល្បីៗ ដូចជា Adidas, VF, Target, H&M, Puma, Levi និង Nike ជាដើម។ នេះបើរបាយការណ៍របស់ Cambodian trade unions និង Clean clothes campaign ដែលបានចុះស្ទង់មតិនៅរោងចក្រចំនួន១១៤។
ក្នុងរបាយការណ៍បានសរសេរយ៉ាងដូច្នេះថា៖ «នៅអំឡុងរីករាលដាលកូវីដ-១៩ និងបិទខ្ទប់ក្នុងខែមេសានិងឧសភា ឆ្នាំ២០២១ មានកម្មករ៧៨៤ពាន់នាក់ ក្នុងវិស័យការដេរនៅកម្ពុជា បានបាត់បង់ប្រាក់ឈ្នួល១០៩លានដុល្លារ។ តួលេខនេះ គឺផ្អែកតាមការវាយតម្លៃលើរោងចក្រចំនួន១១៤ ដែលធ្វើឡើងដោយសហព័ន្ធសហជីព។ គិតទាំងប្រាក់ឈ្នួលនិងប្រាក់ផ្សេងទៀតរយៈពេល១៣ខែ នៃអំឡុងពេលរាលដាលកូវីដ-១៩ កម្មករកាត់ដេរនៅកម្ពុត្រូវបានប៉ាន់ស្មានថា បាត់ប្រាក់ឈ្នួលជាង៣៩៣លានដុល្លារ»។
ជុំវិញរបាយការណ៍នេះ លោក អាត ធន់ ប្រធានសហភាពការងារកម្ពុជាយល់ថា កម្មករកាត់ដេរនៅកម្ពុជា ដែលបាត់បង់ប្រាក់ឈ្នួលទាំងនេះ ដោយសារការកាត់ប្រាក់ខែ ព្យួរការងារ និងត្រូវបានការបញ្ឈប់ជាដើម។ បើតាមលោក អាត ធន់ ក្រុមសហជីពគ្រោងរៀបចំយុទ្ធនាការស្នើឲ្យម្ចាស់ម៉ាកផលិតផលល្បីៗទាំងនោះ ទទួលខុសត្រូវលើកម្លាំងពលកម្ម ដែលធ្វើការងារឲ្យពួកគេ។
លោក អាត ធន់ ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃទី១៩ កក្កដាថា៖ «ការបាត់ចំណូលដ៏ច្រើននេះ គឺបញ្ហាកើនឡើងនៃភាពក្រីក្រនិងការលំបាករបស់កម្មករកាន់តែខ្លាំងឡើង...ម្ចាស់ម៉ាក់ល្បីៗគួរមានកាតព្វកិច្ចក្នុងការជួយឬផ្ដល់អត្ថប្រយោជន៍ជាថវិកានៅអំឡុងពេលបិទខ្ទប់ ឬពេលកម្មករជួបបញ្ហា ព្រោះម្ចាស់ម៉ាក់ល្បីៗទាំងនោះ ទទួលបានផលពីកម្លាំងរបស់កម្មកររហូតដល់ធ្វើជាអ្នកមាន នរណាក៏ស្គាល់ជុំវិញពិភពលោកអស់ពេលជាច្រើនឆ្នាំមកហើយ»។
កន្លងមកបណ្ដាសហជីពនៅកម្ពុជា បានសហការជាមួយសហជីពអន្តរជា អង្គការILO និងអង្គការជាច្រើនទៀត បានស្នើទៅរដ្ឋាភិបាលនិងអ្នកបញ្ជាទិញ ឲ្យជួយដោះស្រាយបញ្ហាកម្មករជាហូរហែរមកហើយ ប៉ុន្តែពុំទាន់ទទួលបានលទ្ធផលនោះទេ។ នេះបើតាមលោក អាត ធន់។
«ដូច្នេះយើងនូវតែបន្តទាមទារឲ្យមានអ្នកបញ្ជាទិញឬម្ចាស់ម៉ាកល្បី ជួយដល់កម្មករយើងវិញនៅអំឡុងពេលលំបាកនេះ យើងនឹងរៀបចំយុទ្ធនាការទាមទារបន្តទៀត»។ នេះជាការអះអាងរបស់លោក អាត ធន់ ដោយស្នើឲ្យរដ្ឋាភិបាល ជួយកម្មករបន្ថែមទៀត រួមទាំងស្វែងរកការងារឲ្យកម្មករ ដើម្បីឲ្យពួកគេមានលំនឹងសេដ្ឋកិច្ចនៃចំណូលប្រចាំថ្ងៃ។
ពាក់ព័ន្ធនឹងរបាយការណ៍ខាងលើនេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា សុំមិនបកស្រាយឬឆ្លើយតប។
ជុំវិញបញ្ហានេះ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស របស់អង្គការសង់ត្រាល់យល់ថា ម្ចាស់ម៉ាកល្បីៗខាងលើនេះ គួរចេញមុខនិយាយទៅកាន់អ្នកផ្គត់ផ្គង់របស់ពួកគេ ដើម្បីធានានូវសុវត្ថិភាពនិងសុខភាពនៅកន្លែងការងារ។ លើសពីនេះ ពួកគេគួរពិចារណា ជួយដល់ដល់កម្មករណា រងផលប៉ះពាល់ឬព្យួរការងារនាអំឡុងពេលបិទខ្ទប់។
«ពួកគេ(អ្នកបញ្ជាទិញឬម្ចាស់ម៉ាកល្បីៗ) គួរតែជួយទៅអ្នកផ្គត់ផ្គង់ ដែលភាគីរោងចក្ររបស់ពួកគេ ដើម្បីឲ្យអ្នកផ្គត់ផ្គង់នោះ បង្កើតជាជំនួយសង្គមជួយដល់កម្មករ ដែលជាអ្នកផលិតឲ្យពួកគេក្នុងអំឡុងពេលនេះ»។ នេះបើតាមលោក ឃុន ថារ៉ូ ដោយបន្ថែមថា រដ្ឋគួរឲ្យរោងចក្រធានានូវប្រាក់ឈ្នួលពេញលេញ ដល់កម្មករដែលឆ្លងកូវីដ-១៩ ហើយកំពុងសម្រាកព្យាបាល រួមទាំងកម្មករដែលព្យួរការងារធ្វើជាដើម។
បន្ថែមពីនេះ រដ្ឋាភិបាលគួរតែ ឲ្យរោងចក្រផ្អាកប្រតិបត្តិការខ្លួនបណ្ដោះអាសន្ន រយៈពេលពីរសប្ដាហ៍ នៅផ្នែកណាមួយដែលមានកម្មករឆ្លងកូវីដ-១៩ ឬអ្នកពាក់ព័ន្ធ ដើម្បីការពារកុំឲ្យឆ្លងពីកន្លែងមួយទៅកន្លែងមួយ។ លោក ថារ៉ូ បន្ថែមបែបនេះ៕