អត្ថបទពាណិជ្ជកម្ម
មូលនិធិក្រៅប្រទេសឧបត្ថម្ភជិត ៥០ម៉ឺនដុល្លារ ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
20, Jul 2021 , 2:14 pm        
រូបភាព
ដោយ: ថ្មីៗ
មូលនិធិមួយនៅក្រៅប្រទេសកំពុងឧបត្ថម្ភឧបករណ៍វេជ្ជសាស្រ្តឯកទេស និងមូលនិធិ ដែលគិតជាទឹកប្រាក់សរុបជិត ៥០ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់ការផ្គត់ផ្គង់ជំនួយសង្គ្រោះបន្ទាន់ និងជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
 
ការឧបត្ថម្ភនេះដែរ ជាការឧបត្ថម្ភធំបំផុតមួយ របស់មូលនិធិឯកជននៅក្រៅប្រទេស ដែលត្រូវបានធ្វើឡើងក្នុងនាមជាមូលនិធិពុទ្ធសាសនាខ្មែរ (A Khmer Buddhist Foundation) មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដោយមានការសម្របសម្រួលពីអង្គការ Digital Divide Data ដែលជាអង្គការសង្គមមួយ មានមូលដ្ឋានក្នុងប្រទេសកម្ពុជា។
 
អ្នកស្រី Lyna Lam ដែលជាស្ថាបនិកមូលនិធិពុទ្ធសាសនាខ្មែរ គឺជាជនភៀសខ្លួនកម្ពុជា ដែលបច្ចុប្បន្នរស់នៅក្នុងទីក្រុងសានហ្រ្វានស៊ីស្កូ។ អ្នកស្រី Lyna បានរៀបការជាមួយលោក Chris Larsen ស្ថាបនិកក្រុមហ៊ុន Ripple ដែលជាក្រុមហ៊ុនរូបិយប័ណ្ណឌីជីថល (cryptocurrency)។
 
អ្នកស្រី Lyna Lam ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ មូលនិធិពុទ្ធសាសនាខ្មែរ បានថ្លែងថា៖ «យើងមានក្តីក្រៀមក្រំដែលបានទទួលដំណឹងអំពីស្ថានភាពជំងឺកូវីដ-១៩ ធ្ងន់ធ្ងរនៅកម្ពុជា។ បើទោះជាយើងដឹងថា ប្រជាជនកម្ពុជាមានភាពធន់ និងមានប្រវត្តិស្ទុះងើបឡើងវិញពីភាពលំបាកខ្លាំងជាងពីពេលមុនក៏ដោយ ក៏យើងដឹងថា ការផ្គត់ផ្គង់ និងធនធានបន្ថែមអាចជួយពន្លឿនដល់ការស្ទុះងើបឡើងវិញរបស់ពួកគាត់ និងទប់ស្កាត់ការរាតត្បាតដ៏អាក្រក់នេះ»។


 
អ្នកស្រីបន្ថែមថា៖ «យើងជឿថា វាមានសារៈសំខាន់សម្រាប់ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក ក្នុងការជួយដល់ប្រទេសកម្ពុជាតាមមធ្យោបាយណាមួយដែលពួកគាត់អាចធ្វើបាន គឺដូចទៅនឹងពលរដ្ឋឥណ្ឌាអាមេរិកាំង ដែលបានប្រឹងប្រែងជួយក្នុងវិបត្តិកូវីដក្នុងប្រទេសឥណ្ឌា ដូច្នេះដែរ។ បើអ្នកមានធនធានដែលអាចជួយបាន សូមពិចារណាជួយដោយកុំបង្អែបង្អង់»។
 
យោងតាមលោក Jeremy Hockenstein ប្រធានអង្គការ Digital Divide Data បានឱ្យដឹងថា៖ «ទឹកប្រាក់ចំនួន ២៥ម៉ឺនដុល្លារ ត្រូវបានចំណាយលើឧបករណ៍វេជ្ជសាស្រ្តឯកទេសនានាដូចជា ឧបករណ៍ជំនួយដកដង្ហើម (ventilators) ម៉ាស៊ីនលំហូរអុកស៊ីសែន (high-flow oxygen cannulas) ឧបករណ៍តាមដានស្ថានភាពអ្នកជំងឺ និងឧបករណ៍ចាក់ថ្នាំស្វ័យប្រវត្តិ (automatic injection pumps) ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ព្រមទាំងអំណោយជាកុំព្យូទ័រយួរដៃ និងទូរស័ព្ទចល័តជូនដល់ក្រុមការងាររបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩។ទឹកប្រាក់ចំនួន២០ម៉ឺនដុល្លារផ្សេងទៀតត្រូវបានឧបត្ថម្ភដល់អង្គការ Friends-International ដែលមានមូលដ្ឋាននៅកម្ពុជា និងដៃគូរបស់អង្គការ ChildSafe Alliance សម្រាប់ជំនួយបន្ទាន់ និងការគាំទ្រដល់គ្រួសារក្រីក្រ និងអ្នកគ្មានផ្ទះសម្បែងក្នុងខេត្តចំនួន ៩ ក្នុងប្រទេសកម្ពុជា»។
 
មូលនិធិពុទ្ធសាសនាខ្មែរ បានចំណាយពេល ២ខែដើម្បីទាក់ទងជាមួយអង្គការ Digital Divide Data ក្រុមវេជ្ជបណ្ឌិតខ្មែរ ដែលមានមូលដ្ឋាននៅកម្ពុជា និងក្រុមវេជ្ជបណ្ឌិតនៅសហរដ្ឋអាមេរិក ដើម្បីវាយតម្លៃថាតើឧបករណ៍មួយណាដែលជាតម្រូវការបន្ទាន់បំផុត។
 
ក្នុងនាមជាស្ថាបនិករបស់មូលនិធិពុទ្ធសាសនាខ្មែរ អ្នកស្រី Lyna Lam មានចិត្តចង់ជួយប្រទេសកំណើតរបស់គាត់ ក្នុងការដោះស្រាយបញ្ហានានា ដែលកម្ពុជាកំពុងប្រឈមក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩។ អ្នកស្រី Lyna និងគ្រួសាររបស់គាត់ចំនួន ៧នាក់ គឺជាពលរដ្ឋខ្មែរ ដែលបានរត់គេចខ្លួនចេញពីប្រទេសវៀតណាមក្នុងឆ្នាំ១៩៧៩ នៅពេលដែលគាត់ទើបតែមានអាយុ ៩ឆ្នាំ ក្នុងពេលដែលរបបខ្មែរក្រហមបានបញ្ចប់។ ការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក បានចំណាយពេលជិត ៤ឆ្នាំ។ ការចំណាយពេលលើការធ្វើដំណើរនេះរួមទាំងការស្នាក់នៅក្នុងជំរុំជនភៀសខ្លួនក្នុងប្រទេសថៃ និងហ្វីលីពីនផងដែរ។
 


អ្នកស្រី Lyna និយាយអំពីការធ្វើដំណើរនេះថា៖ «វាគឺជាជីវិតដ៏លំបាក មានអាហារឬទឹកតិចតួច និងមានទីធ្លាតូចនិងគ្មានសុវត្ថិភាព ប៉ុន្តែយើងដឹងថា ជាចុងក្រោយយើងបានក្លាយជាអ្នកដែលមានសំណាង»។
 
នៅពេលគាត់ និងគ្រួសាររបស់គាត់បានទៅដល់សហរដ្ឋអាមេរិក ស្ថានភាពរបស់អ្នកស្រី Lyna មានភាពប្រសើរឡើង។ ដំបូងឡើយ គាត់និងគ្រួសាររបស់គាត់បានរស់នៅក្នុងតំបន់គម្រោងលំនៅឋានមួយ ដែលសម្បូរដោយអំពើឧក្រិដ្ឋកម្មក្នុងទីក្រុង Pittsburgh រដ្ឋ California។ នៅទីនោះហើយដែលអ្នកស្រី Lyna និងគ្រួសាររបស់គាត់ទទួលបានការជួយជ្រោមជ្រែងពី ស្រ្តីម្នាក់ដែលធ្វើការងារឱ្យអាជ្ញាធរលំនៅឋានក្នុងតំបន់នោះ ដែលបានផ្តល់ជូនគ្រួសាររបស់អ្នកស្រី នូវប្រាក់ឧបត្ថម្ភធនសម្រាប់ថ្លៃជួលកន្លែងស្នាក់នៅ។
 
ជាច្រើនឆ្នាំកន្លងផុតទៅ បន្ទាប់ពីធ្វើការងារនៅក្នុងវិស័យកម្មវិធីកុំព្យូទ័រ អ្នកស្រី Lyna បានបើកភោជនីយដ្ឋានផ្ទាល់ខ្លួន តែក្រោយមកអ្នកស្រីបានលក់ភោជនីយដ្ឋាននេះវិញ។ អ្នកស្រីបានរៀបការជាមួយលោក Chris Larsen ក្នុងឆ្នាំ២០០៣។
 
ឥឡូវ អ្នកស្រី Lyna ផ្តោតលើការគាំទ្រដល់ពលរដ្ឋខ្មែរដែលរស់នៅទាំងក្នុងសហរដ្ឋអាមេរិក និងក្នុងប្រទេសកម្ពុជា និងវៀតណាម។ នាពេលបច្ចុប្បន្ន អ្នកស្រីកំពុងសាងសង់ព្រះវិហារព្រះពុទ្ធសាសនាមួយក្នុងទីក្រុង San Jose រដ្ឋ California។ អ្នកស្រីក៏ជាអ្នកឧបត្ថម្ភម្នាក់ផងដែរ ដល់កម្មវិធី Larsen Lam ICONIQ Impact Award ដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់ដំណោះស្រាយនវានុវត្តន៍ដល់វិបត្តិជនភៀសខ្លួនក្នុងពិភពលោក។ អ្នកស្រី Lyna ក៏កំពុងផ្តល់ហិរញ្ញវត្ថុផងដែរដល់កម្មវិធីមួយដើម្បីចងក្រង និងធ្វើឌីជីថលនីយកម្មអក្សរខ្មែរ ដែលមានសារៈសំខាន់ខ្លាំងដល់ការរក្សាវប្បធម៌ខ្មែរ។
 
អ្នកស្រី Lyna បានបើកដំណើរការមូលនិធិពុទ្ធសាសនាខ្មែរនេះឡើងក្នុងឆ្នាំ២០១៨ ពីព្រោះអ្នកស្រីបានមើលឃើញថា ការគាំទ្រ ការបង្ហាត់បង្រៀន និងទឹកប្រាក់បន្តិចបន្តួចអាចផ្លាស់ប្តូរជីវិតមនុស្សបាន ដោយប្រែក្លាយពីក្តីអស់សង្ឃឹម និងភាពក្រីក្រ ទៅជាការបង្កើនភាពអង់អាច និងការចូលរួមចំណែកណាមួយវិញ។
 
អ្នកស្រីបានថ្លែងថា៖ «ខ្ញុំដឹងថា បងប្អូនខ្មែរយើងចិត្តល្អ មានការគោរពគ្នា មានសុទិដ្ឋិនិយម ហើយកន្លងមកបានបង្ហាញនូវភាពមិនចុះចាញ់។ ខ្ញុំដឹងថា ជាមួយនឹងជំនួយតិចតួចនេះ ប្រជាពលរដ្ឋខ្មែរនឹងកាន់តែមានភាពរឹងមាំឡើង»៕
 
សម្រាប់ព័ត៌មានបន្ថែម៖
លោក គុណ គួរចេតនា (QED) 012 955 233 ([email protected])
 
(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com