កីឡាករម្នាក់នៅហ្កាណា ស៊ុតចូលទីខ្លួនឯង២គ្រាប់ ដើម្បីកុំឲ្យក្រុមភ្នាល់បាល់ចាក់ត្រូវតាមហាងឆេង
កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករម្នាក់នៅហ្កាណា ស៊ុតចូលទីខ្លួនឯង២គ្រាប់ ដើម្បីកុំឲ្យក្រុមភ្នាល់បាល់ចាក់ត្រូវតាមហាងឆេង
20, Jul 2021 , 2:29 pm        
រូបភាព
ខ្សែការពារ Hashmin Musah របស់ក្លិប Inter Allies សារភាពថាគ្រាប់បាល់ស៊ុតបញ្ចូលទីខ្លួនឯង (own goal) ចំនួនពីរគ្រាប់ ក្នុងការប្រកួតលីគកីឡាបាល់ទាត់កំពូលហ្កាណា Ghana Premier League សុទ្ធតែជាគ្រាប់បាល់គ្រោងទុក។ Musah ធ្វើដូច្នេះ ដើម្បីផ្លាស់ប្តូរលទ្ធផលកុំឱ្យអ្នកភ្នាល់បាល់ចាក់ត្រូវ។


ជំនួបលីគសប្តាហ៍ចុងក្រោយ នៅថ្ងៃទី១៧ ខែកក្កដា ក្រុម Inter Allies បានចាញ់ Ashanti Gold ក្នុងលទ្ធផលដល់ទៅ ៧-០។ ក្នុងចំណោម៧គ្រាប់ ៥គ្រាប់ដំបូងស៊ុតបញ្ចូលទីដោយកីឡាកររបស់ Ashanti Gold ឯគ្រាប់ទី៦និងទី៧ កើតឡើងនៅនាទី៧៨, ៨២ ជាគ្រាប់បាល់ស៊ុតចូលទីខ្លួនឯងពីសំណាក់កីឡាករ Musah របស់ Inter Allies។
 
Musah ខ្សែការពារវ័យ២៤ឆ្នាំ បានក្លាយជាប្រធានបទក្តៅសម្រាប់ការពិភាក្សា ក្នុងចំណោមក្រុមផ្សេងៗនៅក្របខណ្ឌ Premier League របស់ហ្កាណា បន្ទាប់ពីប្តូរចូលលេងត្រឹម១២នាទីហើយធ្វើឱ្យបាល់ចូលទីខ្លួនឯងដល់ទៅ២គ្រាប់។
 
Musah បានប្រាប់កាសែតក្នុងស្រុកដោយខ្លួនឯងថា រូបគេមានចេតនាស៊ុតបញ្ចូលទីក្រុមខ្លួនទាំងពីរគ្រាប់ ដើម្បីផ្លាស់ប្តូរលទ្ធផល និងដើម្បីឱ្យអ្នកភ្នាល់បាល់ចាក់ខុស។
 
«បន្ទាប់ពីការប្រកួត ក្រុមបច្ចេកទេសរបស់ខ្ញុំបានសរសើរខ្ញុំ ដែលអាចយកបានប្រាក់ពីអ្នកភ្នាល់។ ខ្ញុំបានសន្យានឹងគ្រូបង្វឹករបស់ខ្ញុំថា ប្រសិនបើគាត់អនុញ្ញាតឱ្យខ្ញុំលេងពីកៅអីបម្រុង ខ្ញុំនឹងធ្វើឱ្យអ្នកភ្នាល់បាល់ចាញ់។ ហើយបន្ទាប់ពីការប្រកួតក្រុមរបស់ខ្ញុំបានអបអរសាទរខ្ញុំ»។ Musah បានបញ្ជាក់ប្រាប់ Kumasi FM អំពីចេតនារបស់ខ្លួនដូច្នេះ។
ខ្សែការពារសញ្ជាតិហ្គាណារូបនេះ បន្ថែមថារូបគេសុខចិត្តចាញ់ការប្រកួតនោះ ប៉ុន្តែមិនអនុញ្ញាតិឱ្យអ្នកភ្នាល់ឈ្នះនោះទេ។
 
បើទោះឈ្នះ ឬចាញ់ប្រកួតនេះក្តី ក៏ក្រុម Inter Allies ដែលនៅបាតតារាង ត្រូវកាត់ចេញទៅក្របខណ្ឌទី២ដដែល។ Inter Allies រកបាន២៦ពិន្ទុក្រោយការប្រកួតពេញមួយរដូវកាលនៅ Premier League ឯ Ashanti Gold បញ្ចប់ទៅក្នុងចំណាត់ថ្នាក់ទី៩ចំណោមក្រុមទាំង១៨។ ក្រុម Hearts of Oak ជាម្ចាស់ជើងឯកលីគកំពូលហ្កាណា ដោយរកបាន៦១ពិន្ទុ នាំមុខក្រុមលេខ២ Asante Kotoko SC ៤ពិន្ទុ៕
 

Tag:
 Hashmin Musah
  កំណត់លទ្ធផលទុកមុន
© រក្សាសិទ្ធិដោយ thmeythmey.com