អន្តរជាតិ
អាមេរិកចាត់ថ្នាក់អង់គ្លេសជាប្រទេសមានហានិភ័យកូវីដ-១៩ខ្ពស់ និងហាមមិនឱ្យប្រជាជនធ្វើដំណើរទៅ អ្នកដំណើរកំពុងដើរនៅអាកាសយានដ្ឋាន Heathrow ក្នុងទីក្រុងឡុងដ៍។ រូបថត AFP
× ក្រសួងការបរទេសអាមេរិក និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) ថ្ងៃទី១៩ ខែកក្កដា បានចាត់ ថ្នាក់ចក្រភពអង់គ្លេសជាប្រទេសមានហានិភ័យខ្ពស់បំផុត និងព្រមានមិនឱ្យប្រជាជនធ្វើដំណើរទៅ ឡើយ។ ការព្រមាននេះធ្វើឡើងស្របពេលអង់គ្លេសលើកការរឹតត្បិតក្នុងប្រទេស ទោះករណីឆ្លងជំងឺ កូវីដ-១៩ហក់ឡើងខ្ពស់សន្ធឹកក្នុងពេលប៉ុន្មានសប្ដាហ៍មកនេះ។
ក្នុងបញ្ជីរបស់ក្រសួងការបរទេសអាមេរិក និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ចក្រភពអង់គ្លេស ស្ថិតក្នុងកម្រិតលេខ៤ ដែលមានហានិភ័យខ្ពស់បំផុត និងជាគោលដៅត្រូវចៀសវាងការធ្វើដំណើរតែម្ដង។
កាលពីខែឧសភា រដ្ឋាភិបាលអាមេរិកបានទម្លាក់ចំណាត់ថ្នាក់ចក្រភពអង់គ្លេសមកត្រឹមកម្រិតទី៣ ជា ប្រទេសមានហានិភ័យខ្ពស់មធ្យមទៅហើយ ដែលប្រជាជនអាចធ្វើដំណើរទៅបាន ប្រសិនជាបានចាក់ វ៉ាក់សាំងពេញលេញរួចហើយ។
ក៏ប៉ុន្តែប៉ុន្មានខែក្រោយនេះ ករណីឆ្លងជំងឺកូវីដ-១៩នៅចក្រភពអង់គ្លេសហក់ឡើងយ៉ាងសន្ធឹកដោយ ខ្ពស់បំផុតក្នុងមួយថ្ងៃករណីឆ្លងមានប្រមាណ៥ម៉ឺនករណីឯណោះ។ ប្រជាជនអង់គ្លេសរាប់ពាន់ នាក់តម្រូវឱ្យធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល១០ថ្ងៃទៀតផង។ លើសពីនោះ ចក្រភពអង់គ្លេស ក៏ចាប់ផ្ដើមបន្ធូរវិធានការរឹតត្បិតផងដែរ។
ក្នុងការណែនាំថ្មី CDC អាមេរិក ផ្ដល់យោបល់ថា ប្រសិនបើអ្នកដែលចាំបាច់ដាច់ខាតត្រូវតែធ្វើដំណើរ ទៅអង់គ្លេស បុគ្គលនោះត្រូវតែបានចាក់វ៉ាក់សាំងរួចរាល់ មុនពេលធ្វើដំណើរ។ ចំណែកការណែនាំធ្វើដំណើររបស់ក្រសួងការបរទេសអាមេរិកវិញ សង្កត់ធ្ងន់ថា «មិនត្រូវធ្វើដំណើរទៅចក្រភពអង់គ្លេសនោះ ឡើយ»។
តាំងពីខែមីនា ឆ្នាំ២០២០ អាមេរិកបានរឹតត្បិតមិនឱ្យជនបរទេសមិនមែនជាពលរដ្ឋអាមេរិកចូលមកប្រទេសខ្លួននោះទេ ប្រសិនបើពួកគេបានស្នាក់នៅចក្រភពអង់គ្លេសមុន ពេលមកដល់។ ចំណែកឯ ចក្រភពអង់គ្លេសវិញបានអនុញ្ញាតឱ្យប្រជាជនអាមេរិកធ្វើដំណើរមកប្រទេសខ្លួនបាន ប៉ុន្តែត្រូវធ្វើ ចត្តាឡីស័ករយៈពេល១០ថ្ងៃនៅពេលមកដល់ និងធ្វើតេស្តកូវីដ-១៩ចំនួន ពីរលើក។
រដ្ឋាភិបាលចក្រភពអង់គ្លេសថ្ងៃទី១៩ ខែកក្កដា ក៏បានបញ្ចប់ការរឹតត្បិតដែលទប់ស្កាត់ ការរីកដាលជំងឺ កូវីដ-១៩ នៅអង់គ្លេស។ ចំណាត់ការថ្មីនេះរួមមានទាំងការលុបចោលបម្រាមពាក់ម៉ាស់នៅទី សាធារណៈ ការរក្សាគម្លាតសុវត្ថិភាព ការធ្វើការងារពីផ្ទះ ព្រមទាំងការអនុញ្ញាតឱ្យក្លិបរាត្រី និង អាជីវកម្មផ្សេងទៀតបើកឡើងវិញជាដើម។
ទាក់ទងបញ្ហាធ្វើដំណើរនេះដែរ កាលពីខែមិថុនាកន្លងមក រដ្ឋបាលលោក ចូ បៃឌិន បានអះអាងថា ខ្លួន បានបង្កើតក្រុមអ្នកជំនាញដើម្បីធ្វើការជាមួយចក្រភពអង់គ្លេស កាណាដា ម៉ិកស៊ិក និងបណ្ដាប្រទេស សហភាពអឺរ៉ុប ដើម្បីកំណត់មធ្យោបាយល្អបំផុតក្នុងការអនុញ្ញាតឱ្យមានការធ្វើដំណើរឆ្លងប្រទេស ឡើងវិញដោយសុវត្ថិភាព បន្ទាប់ពីរឹតត្បិតអស់រយៈពេលច្រើនជាងមួយឆ្នាំមកហើយនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com