ជាតិ
សង្គមជាតិ
ពលរដ្ឋខកខានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ តាមកាលបរិច្ឆេទ រដ្ឋបាលខេត្តកណ្តាល មិនបន្តចាក់ឲ្យទៀតឡើយ
20, Jul 2021 , 6:59 pm        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តកណ្តាល
រូបភាពពីរដ្ឋបាលខេត្តកណ្តាល
ដោយ:
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្តាលក្រើនរំលឹកជាថ្មី ដល់ពលរដ្ឋឲ្យរួសរាន់ទៅចាក់វ៉ាក់សំាងកូវីដ-១៩ដូសទី១ នៅត្រឹមម៉ោង៥ល្ងាច ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅតាមក្រុង និងស្រុកទាំង១១ក្នុងខេត្តកណ្តាល។

 
រដ្ឋបាលខេត្តកណ្តាលបានកំណត់ទីតាំងចំនួន១១ ដែលស្ថិតក្នុងក្រុង និងស្រុកនៃខេត្តកណ្តាល។ ក្នុងនោះរួមមានក្រុងតាខ្មៅ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ,ស្រុកកណ្តាលស្ទឹង នៅមន្ទីរពេទ្យបង្អែកកណ្តាលស្ទឹង,ស្រុកកៀនស្វាយ នៅមន្ទីរពេទ្យបង្អែកកៀនស្វាយ,ស្រុកខ្សាច់កណ្តាល នៅមន្ទីរពេទ្យបង្អែកខ្សាច់កណ្តាល,ស្រុកកោះធំ នៅមន្ទីរពេទ្យបង្អែកកោះធំ,ស្រុកលើកដែក នៅមន្ទីរពេទ្យបង្អែកលើកដែក,ស្រុកល្វាឯមនៅមន្ទីរពេទ្យបង្អែកល្វាឯម,ស្រុកមុខកំពូងនៅមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រកាកោង,ស្រុកអង្គស្នួលនៅមន្ទីរពេទ្យបង្អែកអង្គស្នួល,ស្រុកពញាឮ នៅមន្ទីរពេទ្យបង្អែកពញាឮ និងស្រុកស្អាងនៅមន្ទីរពេទ្យបង្អែកស្អាង។
 
ក្នុងករណីពលរដ្ឋខកខានមិនបានទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ទៅតាមកាលបរិច្ឆេទ និងទីតាំងដែលបានកំណត់ទេ រដ្ឋបាលខេត្តនឹងមិនបន្តចាក់វ៉ាក់សំាងកូវីដ-១៩ដូសទី១ទៀតឡើយ។ រដ្ឋបាលខេត្តកណ្តាល បានសង្កត់ធ្ងន់ដូច្នេះ។
 
ពលរដ្ឋខេត្តកណ្តាលជិត៦០ម៉ឺននាក់ហើយបានចាក់វ៉ាក់សាំងកូវីដ-១៩នៅដូសទី១ ឬស្មើនឹង៩៨ភាគរយ។ ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ជិត៦០ម៉ឺននាក់នោះ គឺមានជាង៥៣ម៉ឺននាក់បានចាក់វ៉ាក់សាំងកូវីដ-១៩ ម្ជុលទី២។ នេះបើតាមលោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល ដែលបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗ។
 
គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ខេត្តកណ្តាលមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៨៨៥០ ជាសះស្បើយ៧,៥៨៧ និងស្លាប់១១៧។ 
 
សូមបញ្ជាក់ថា កម្ពុជាមានពលរដ្ឋជាង៦,១លាននាក់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី១ ឬស្មើនឹង៦០,៦១ភាគរយ ដោយក្នុងនោះគឺ៤,១លាននាក់បានចាក់វ៉ាក់សាំងកូវីដ-១៩នៅម្ជុលទី២៕ 
 

Tag:
 វ៉ាក់សាំងកូវីដ-១៩
 ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com