COVID-19
ជាតិ
ប្តីប្រពន្ធមួយគូ វ័យជាង៨០ឆ្នាំ កំពុងតស៊ូនឹងជំងឺកូវីដ-១៩
20, Jul 2021 , 4:14 pm        
រូបភាព
លោកតា ស្មោញ់ ម៉ោយ វ័យ៨៦ឆ្នាំ និងលោកយាយ ទឹម ជួន វ័យ៨៤ឆ្នាំ កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលវិទ្យាល័យសម្ដេច ឪ នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។(រូបពីហ្វេសប៊ុកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ )
លោកតា ស្មោញ់ ម៉ោយ វ័យ៨៦ឆ្នាំ និងលោកយាយ ទឹម ជួន វ័យ៨៤ឆ្នាំ កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលវិទ្យាល័យសម្ដេច ឪ នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។(រូបពីហ្វេសប៊ុកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ )
ភ្នំពេញ៖ ប្តីប្រពន្ធមួយគូ វ័យជាង៨០ឆ្នាំ កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលវិទ្យាល័យសម្ដេច ឪ នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។


 
រូបថតពីរសន្លឹកដែលបានបង្ហោះលើហ្វេសប៊ុកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបង្ហាញរូបភាពដ៏កម្សត់របស់លោកតា សាំង ម៉ោញ វ័យ៨៧ឆ្នាំ និងលោកយាយ ទឹម ជន  វ័យ៨២ឆ្នាំ ដេកសម្រាកព្យាបាលជំងឺកូវីដ-១៩ ទន្ទឹមគ្នា។ ស្ថិតនៅក្នុងសភាពស្បែកជ្រីវជ្រួញ ប្តីប្រពន្ធវ័យជរាមួយគូនេះ បានផ្ដល់កម្លាំងចិត្តឱ្យគ្នា តាមរយៈការចាប់ដៃគ្នាយ៉ាងណែន ដើម្បីតស៊ូប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
 
លោក សាំង ធី កូនប្រុសលោកតាយាយទាំងពីរ បានប្រាប់សារព័ត៌មានថ្មីៗថា ឪពុកម្ដាយខ្លួន បានរកឃើញជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៤ កក្កដាមកនេះ។ លោកតា និងយាយ បានឆ្លងជំងឺកូវីដ-១៩ ពីក្មួយប្រុសខ្លួន។ បើតាមលោក សាំង ធី ស្ថានភាពសុខភាពលោកយាយ ទឹម ជន មានសភាពធ្ងន់ធ្ងរជាងលោកឪពុកខ្លួន។
 
ក្រៅពីលោកតា សាំង ម៉ោញ វ័យ៨៧ឆ្នាំ និងលោកយាយ ទឹម ជន  វ័យ៨២ឆ្នាំនេះ ក៏មានសមាជិកគ្រួសារ រួមទាំងលោក សាំង ធី ផងនោះ ក៏មានជំងឺកូវីដ-១៩ ដែរ។ បើតាមលោក សាំង ធី សមាជិកគ្រួសារលោក សរុប៦នាក់ បានឆ្លងជំងឺកូវីដ-១៩ ហើយកំពុងសម្រាកព្យាបាលទាំងអស់គ្នា។

គិតត្រឹមថ្ងៃទី១៩កក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបង រកឃើញអ្នកឃើញកូវីដ-១៩ ចំនួន ២,០២៩នាក់ ដោយក្នុងនោះ មាន១,១១២នាក់ បានជាសះស្បើយពីជំងឺនេះ។ ស្លាប់ចំនួន២១នាក់ ខណៈអ្នកជំងឺកូវីដ-១៩ចំនួន៨៩៦នាក់ទៀត កំពុងសម្រាកព្យាបាល៕​
 

 


© រក្សាសិទ្ធិដោយ thmeythmey.com