ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ចិន បន្តផ្តល់ជំនួយ​២,៥លានដុល្លារទៀតដល់កម្ពុជា សម្រាប់បោសសម្អាតមីន
20, Jul 2021 , 11:20 pm        
រូបភាព
រូបពី CMAC
រូបពី CMAC
ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសចិន​ សម្រេចផ្តល់ជំនួយឥតសំណងចំនួន២,៥លានដុល្លារ ដល់កម្ពុជា  ​ សម្រាប់គាំទ្រកិច្ចប្រតិបត្តិការរបស់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) ក្នុងការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌពីសង្គ្រាម។ នេះបើតាមលោក ហេង រតនា អគ្គនាយក ​CMAC។



តាមរយៈទំព័រហ្វេសប៊ុក លោក ហេង រតនា បានសរសេរថា នារសៀលថ្ងៃទី២០កក្កដា ថា​ ថវិកាឥតសំណងចំនួន២,៥លានដុល្លារ ដែលរដ្ឋាភិបាលប្រទេសចិនប្រគល់ឱ្យកម្ពុជានេះ គឺដើម្បីគាំទ្រដល់សកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ នៅក្នុងខេត្តចំនួន៧ ដែលនឹងអនុវត្តចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២។ លោក បញ្ជាក់ថា៖«គម្រោងបោសសម្អាតមីន ដែលស្ថិតនៅក្រោមជំនួយរបស់រដ្ឋាភិបាលចិននេះ តាមផែនការ នឹងរំដោះផ្ទៃដីចម្ការមីន-ចម្ការសំណល់ជាតិផ្ទះពីសង្រ្គាម បានជាង១,៧០០ហិកតា»។

បើតាមលោក ហេង រតនា កញ្ចប់ថវិកាដែលកម្ពុជាទទួលបានពីចិនសម្រាប់បោះសម្អាតគ្រាប់មីនក្នុងរយៈពេលពេញមួយឆ្នាំនៃឆ្នាំ២០២២ខាងមុននេះ នឹងអនុវត្តដោយកងឯកភាពកម្ចាត់មីនទី៦​ មាននៅខេត្តព្រះវិហារ​ ឧត្តរមានជ័យ​ ស្ទឹងត្រែង​ និងកងឯកភាពកម្ចាត់មីនទី៤​ មានខេត្តសៀមរាប​ និងខេត្តកំពង់ធំ​ ដោយមាន​កម្លាំង​ប្រតិបត្តិការ​សរុប ជិត៣០០នាក់។​

អគ្គនាយក ​CMAC រូបនេះ​ បានរម្លឹកថា  កាលពីឆមាសទី១ ឆ្នាំ២០២១​ អង្គភាព CMAC រំដោះដីចម្ការមីន និងគ្រាប់សំណល់ជាតិផ្ទុះ បានជិត១០៨៣ហិកតា និងរុករកឃើញហើយកំទេចគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមជាង៥០០០គ្រាប់ តាមជំនួយថវិការបស់ចិនប្រមាណ២លានដុល្លារ៕

Tag:
 មីន
© រក្សាសិទ្ធិដោយ thmeythmey.com