កីឡាជាតិ
ជាតិ
លោក ស សុខា ទទូចឲ្យភាគីពាក់ព័ន្ធ ពិនិត្យមើលការងារ និងវាយតម្លៃលើអាជ្ញាកណ្តាលឡើងវិញ
21, Jul 2021 , 10:49 am        
រូបភាព
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាស្ថាបនិកក្លិបវិសាខា
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាស្ថាបនិកក្លិបវិសាខា
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាស្ថាបនិកក្លិបវិសាខា លោក ស សុខា បានទទូចឲ្យភាគីពាក់ព័ន្ធទាំងអស់ ពិនិត្យមើលការងារ និងវាយតម្លៃលើអាជ្ញាកណ្តាលឡើងវិញ។ លោក ស សុខា លើកឡើងបែបនេះ ក្រោយពីឃើញសារលោក Akihiro Kato ម្ចាស់ក្លិបអង្គរថាយហ្គឺ បង្ហាញការមិនពេញចិត្តចំពោះអាជ្ញាកណ្ដាលកាត់សេចក្តី នៅក្នុងការប្រកួតជាមួយណាហ្គាវើលដ៍ កាលពីថ្ងៃទី២០ កក្កដា។


លោក Akihiro Kato បានបង្ហោះឃ្លីបវីដេអូ ត្រង់ចំណុចខ្សែប្រយុទ្ធ E.Cruz បានលោតតែតបាល់បញ្ចូលទីក្រុមណាហ្គាវើលដ៍ នៅនាទី៥៥ ដែលជាឱកាសជួយឲ្យអង្គរថាយហ្គឺ នាំមុខ១ទល់០មុនហើយ។ ប៉ុន្តែបែរជាត្រូវអាជ្ញាកណ្ដាលខ្សែបន្ទាត់ លើកទង់ពិន័យ និងកាត់សេចក្តីសម្រេចថា គ្រាប់បាល់តែតចូលទីនេះ ជាគ្រាប់មិនបានការទៅវិញ។ គ្រាប់បាល់មិនបានការនេះ ក៏បានធ្វើឲ្យអង្គរថាយហ្គឺ រងបរាជ័យដោយលទ្ធផល១-២ ណាហ្គាវើលដ៍។  
 
ដោយសារការសម្រេចរបស់អាជ្ញាកណ្ដាលបែបនេះ ទើបធ្វើឲ្យលោក Akihiro Kato ម្ចាស់ក្លិបអង្គរថាយហ្គឺ មិនបានសប្បាយចិត្តឡើយ។ ម្ចាស់ក្លិបជនជាតិជប៉ុន ដែលចេះភាសាខ្មែរដែរនោះ បានសរសេរលើហ្វេសប៊ុកខ្លួន ដោយភ្ជាប់ជាមួយរូបសញ្ញា (Sticker) ទឹកភ្នែក ដោយប្រយោលដូច្នេះ៖«រហូតមកដល់ពេលនេះខ្ញុំបានលះបង់របស់របរផ្សេងៗ [ដើម្បីវិស័យកីឡាបាល់ទាត់]។ តើ foul នេះនៅឯណា [ចំណុចកំហុសកន្លែងណា]? តើនេះពិតជាល្អសម្រាប់បាល់ទាត់កម្ពុជាមែនទេ? [ការសម្រេចបែបនេះ] ព្រោះយើងជាក្លិបជប៉ុន?»។
 
លោក ស សុខា ដែលបានឃើញសាររបស់ជនជាតិជប៉ុន ម្ចាស់ក្លិបអង្គរថាយហ្គឺរូបនេះ ក៏បានចូលខ្លួនមកសម្របសម្រួលស្ថានការណ៍។ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡារូបនេះ បានស្នើឲ្យភាគីពាក់ព័ន្ធ ពិនិត្យមើលការងារ និងវាយតម្លៃលើអាជ្ញាកណ្តាលឡើងវិញ។ លោក ស សុខា ក៏សង្កត់ធ្ងន់ថា បញ្ហាអាជ្ញាកណ្ដាលនេះ បានកើតឡើងដដែលៗ ច្រើនលើកច្រើនសារពេកហើយ ។
 
«ចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាលលើទីលាន យល់ថា មានការលំបាក ក៏ប៉ុន្តែយើងត្រូវតែមើលមួយចំហៀងទៀត ការដាក់ទុនរបស់ក្លិបនីមួយៗសព្វថ្ងៃ ក្នុងមួយឆ្នាំៗចំណាយមិនក្រោមជាង ៦០ម៉ឺន ទៅ ១លានដុល្លារទេ។ ដូច្នេះទទូចឲ្យភាគីពាក់ព័ន្ធទាំងអស់ មេត្តាជួយពិនិត្យមើលការងារនេះ និងធ្វើការវាយតម្លៃទៅលើអាជ្ញាកណ្តាលឡើងវិញ»។ នេះជាសំណេររបស់ស្ថាបនិកក្លិបវិសាខា ដែលយល់ពីអារម្មណ៍ម្ចាស់ក្លិបអង្គថាយហ្គឺ ដោយភ្ជាប់នឹងការសរសើរចំពោះលោក អាគីហ៊ីរ៉ូ កាតូ ( Akihiro Kato ) ដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីវិស័យកីឡាបាល់ទាត់នៅកម្ពុជា អស់ជាច្រើនឆ្នាំមកនេះ។
 
ជុំវិញបញ្ហានេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នឹងពិនិត្យដោះស្រាយករណីអាជ្ញាកណ្ដាលនេះ។ លេខាធិការប្រតិបត្តិ CNCC លោក ឈីវ បុត្រា បានចូលទៅឆ្លើយតបនឹងគណនីហ្វេសប៊ុកលោក Akihiro Kato ម្ចាស់ក្លិបអង្គរថាយហ្គឺ ជាភាសាអង់គ្លេស ក្នុងន័យដូច្នេះថា៖«ពួកយើង នឹងធ្វើការលើករណីនេះ ជាមួយនាយកដ្ឋានអាជ្ញាកណ្ដាល»។
 
ការបរាជ័យរបស់ក្លិបអង្គរថាយហ្គឺ ក្នុងការប្រកួតជាមួយណាហ្គាវើលដ៍ ដោយលទ្ធផល ១-២ កាលពីថ្ងៃទី២០ កក្កដា បានធ្វើឲ្យបាត់ឱកាសទទួលបាន៣ពិន្ទុ ខណៈក្លិបក្រោមការដឹកនាំរបស់លោក Akihiro Katoនេះ កំពុងឈរនៅកំពូលតារាងបណ្ដោះអាសន្ន ដោយមាន១៩ពិន្ទុក្នុងដៃ ក្រោយប្រកួត៩លើក ឈ្នះ៦ ចាញ់២ និងស្មើ១ដង។ 
 
ក្លិបវិសាខា ឈរលេខ២ មាន១៨ពិន្ទុ ក្រោយប្រកួត៨លើក ឈ្នះ៥ និងស្មើ៣ ស្របពេលណាហ្គាវើលដ៍ ឈ្នះ៥ ចាញ់១ និងស្មើ២ មាន១៧ពិន្ទុ ឈរនៅលេខ៣ ៕

Tag:
 ស សុខា
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com