កីឡាអន្តរជាតិ
អន្តរជាតិ
IOC ទទួលស្គាល់សហព័ន្ធ និងកីឡាប្រដាល់ Muay Thai ជាផ្លូវការហើយ
21, Jul 2021 , 11:59 am        
រូបភាព
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ទទួលស្គាល់កីឡាប្រដាល់ Muay Thai និងសហព័ន្ធអន្តរជាតិកីឡា Muay Thai (IFMA) ផ្លូវការជាកីឡាកម្រិតអូឡាំពិក ប៉ុន្តែមិនទាន់ជាវិញ្ញាសាកីឡាអូឡាំពិកឡើយ ។ នេះបើតាមការបញ្ជាក់របស់លោកស្រី Patama Leeswadtrakul សមាជិក IOC នៅថ្ងៃទី២០ ខែកក្កដា។



បើយោងតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ័ លោកស្រី Patama និយាយថា ការទទួលស្គាល់ Muay Thai ជាកីឡាកម្រិតអន្តរជាតិ និង IFMA ធ្វើឡើងក្នុងកិច្ចប្រជុំធំរបស់ IOC លើកទី១៣៨ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
 
«នេះគឺជាការចាប់ផ្តើមនៃលទ្ធភាពរបស់ Muay Thai ដើម្បីក្លាយជាកីឡាអូឡាំពិក»។ លោកស្រី Patama ដែលបានចូលរួមក្នុងកិច្ចប្រជុំរបស់ IOC អះអាងដូច្នេះ មុនបន្ថែមថានេះក៏ដោយសារមានការលើកទឹកចិត្តពីបណ្តាប្រទេសសមាជិក រហូតឈានដល់ការការបោះឆ្នោត ដើម្បីទទួលស្គាល់ Muay Thai ជាផ្លូវការពីសំណាក់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ។


 
ក្រោយទទួលបានដំណឹងនេះ លោក Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ (NOCT) ធានាថា រដ្ឋាភិបាលថៃនឹងគាំទ្រ IFMA ពេញទំហឹង និងលើកកម្ពស់កីឡាប្រដាល់សេរី Muay Thai ឱ្យកាន់តែល្បីល្បញ ព្រមទាំងដាក់គោលដៅ ឱ្យកីឡានេះបង្ហាញខ្លួននៅព្រឹត្តិការណ៍អូឡាំពិកនាពេលអនាគតដ៏ខ្លី។
 
យ៉ាងណាក៏ដោយបើទោះ Muay Thai បានបង្ហាញខ្លួននៅកីឡាស៊ីហ្គេម SEA Games និងទទួលស្គាល់ដោយក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ក្តី ប៉ុន្តែ IFMA ដែលបានបង្កើតជាសហព័ន្ធអន្តរជាតិឡើងនៅឆ្នាំ១៩៩២ នៅតែប្រឈមមុខនឹងកិច្ចការជាច្រើនទៀត ដើម្បីអាចនាំ Muay Thai ឈានទៅក្នុងព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោក។ Muay Thai ក៏មិនទាន់បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games ដែលរៀបចំនៅក្រៅប្រទេសថៃដែរ។ 
 
ថៃ បានដាក់បញ្ចូលកីឡា Muay Thai សម្រាប់ប្រជែងមេដាយក្នុងកីឡាអាស៊ីមួយលើកប៉ុណ្ណោះ កាលដែលខ្លួនបានសិទ្ធិធ្វើម្ចាស់ផ្ទះនៅឆ្នាំ១៩៩៨ ដែលរៀបចំដោយ OCA៕
 

Tag:
 Muay Thai
© រក្សាសិទ្ធិដោយ thmeythmey.com