អង់គ្លេស នឹងពង្រាយនាវាចម្បាំងពីរគ្រឿងជាអចិន្ត្រៃយ៍នៅអាស៊ី
អន្តរជាតិ
អង់គ្លេស នឹងពង្រាយនាវាចម្បាំងពីរគ្រឿងជាអចិន្ត្រៃយ៍នៅអាស៊ី
21, Jul 2021 , 7:29 pm        
រូបភាព
នាវាដឹកយន្តហោះ HMS Queen Elizabeth ដែលនឹងទៅដល់ជប៉ុននៅខែកញ្ញា។ រូបថត AFP
នាវាដឹកយន្តហោះ HMS Queen Elizabeth ដែលនឹងទៅដល់ជប៉ុននៅខែកញ្ញា។ រូបថត AFP
ដោយ៖ ជា ពេជ្រដាឡែន 
 
 
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស Ben Wallace ប្រកាសថា អង់គ្លេសនឹងដាក់ពង្រាយនាវាចម្បាំងចំនួនពីរ នៅអាស៊ីជាអចិន្ត្រៃយ៍ បន្ទាប់ពីនាវាផ្ទុកយន្តហោះ Queen Elizabeth និងនាវាអមមួយចំនួនធ្វើដំណើរទៅដល់ជប៉ុននៅខែកញ្ញាខាងមុខនេះ។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេសប្រកាសបែបនេះនៅក្នុងជំនួប ជាមួយសមភាគីជប៉ុននៅថ្ងៃទី២០ ខែកក្កដា។

 
«បន្ទាប់ពីទស្សនកិច្ចក្រុមនាវាចម្បាំង ចក្រភពអង់គ្លេសនឹងពង្រាយនាវាចម្បាំង២គ្រឿងទៅប្រចាំការជាអចិន្ត្រៃយ៍នៅក្នុងតំបន់នោះចាប់ពីចុងឆ្នាំនេះតទៅ»។ លោក Ben Wallace រដ្ឋមន្ត្រីការពារជាតិ អង់គ្លេសបានបញ្ជាក់បែបនេះក្នុងសេចក្ដីប្រកាសរួមគ្នាជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Nobuo Kishi ក្រោយជំនួបថ្ងៃទី២០ ខែកក្កដានៅទីក្រុងតូក្យូ។
 
ចំណែកមូលដ្ឋានទ័ពអចិន្ត្រៃយ៍របស់នាវាអង់គ្លេសដែលនឹងត្រូវដាក់ពង្រាយ នឹងមិនមានជាក់លាក់ ឡើយ។ នេះបើតាមអ្នកនាំពាក្យស្ថានទូតអង់គ្លេសប្រចាំនៅទីក្រុងតូក្យូ។ នេះមានន័យថា នាវាចម្បាំងអង់គ្លេស អាចចល័តតាមប្រទេសនានាក្នុងតំបន់អំឡុងបេសកកម្មរបស់ខ្លួន។
 
ការពង្រាយនាវាអចិន្រ្តៃយ៍នៅអាស៊ីនេះ ត្រូវមើលឃើញថា ជាការបង្កើនឥទ្ធិពលឡើងវិញរបស់អង់គ្លេសក្នុងតំបន់ និងដើម្បីទបទល់ចិន។ ជុំវិញរឿងនេះ អាមេរិកក៏រីករាយដែរ។ អ្នកនាំពាក្យ មន្ទីរបញ្ចកោណ បានសាទរចក្រភពអង់គ្លេសចំពោះការប្តេជ្ញាចិត្តជាមួយសម្ព័ន្ធមិត្ត និងដៃគូដែលនឹងសហការគ្នា គាំទ្រសេរីភាពនាវាចរណ៍ ព្រមទាំងគោរពតាមច្បាប់សមុទ្រនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
 
គម្រោងពង្រាយនាវាចម្បាំងរបស់អង់គ្លេសនៅចុងឆ្នាំ២០២១ នឹងធ្វើឡើងក្រោយទស្សនកិច្ចនៅជប៉ុនក្នុងខែកញ្ញារបស់ក្រុមនាវាចម្បាំងដែលដឹកនាំដោយនាវាដឹកយន្តហោះ HMS Queen Elizabeth ។ នាវាដឹកយន្តហោះ នឹងអមដំណើរនាវាពិឃាតចំនួន២គ្រឿង កងនាវាចំនួន២ នាវាដឹកជញ្ជូន២គ្រឿង និងនាវា២គ្រឿងទៀតមកពីអាមេរិក និងហូឡង់។
 
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Kishi បានលើកឡើងលើងថា នៅពេលទៅដល់ជប៉ុន នាវាផ្ទុកនាវា  និងនាវាចម្បាំងផ្សេងទៀត នឹងធ្វើដំណើរទៅកាន់កំពង់ផែនានាដែលជាមូលដ្ឋានកងទ័ពជើងទឹក អាមេរិក និងជប៉ុន ។ ក្នុងដំណើរទៅកាន់ជប៉ុន នាវាមួយក្រុមខាងលើ នឹងឆ្លងកាត់សមុទ្រចិនខាងត្បូង ហើយនឹងឈប់ចតនៅឥណ្ឌា សិង្ហបុរី និងកូរ៉េខាងត្បូង និងពេលទៅដល់ជប៉ុននា វានឹងចតនៅកំពង់ផែ Yokosuka ដែលជាទីបញ្ជាការកងនាវារបស់ជប៉ុន៕
 

Tag:
 អង់គ្លេស
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com