COVID-19
ជាតិ
ទោះបិទផ្សារព្រះដាក់ តែអាជីវករ អាចបន្តលក់ដូររកចំណូលនៅផ្សារក្រមួន
22, Jul 2021 , 7:59 am        
រូបភាព
ទិដ្ឋភាពផ្សារក្រមួនលើផ្លូវក្នុងភូមិព្រះដាក់នៅថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២១។ រូបភាពពី លោក ឃឹម ហ្វីណង់
ទិដ្ឋភាពផ្សារក្រមួនលើផ្លូវក្នុងភូមិព្រះដាក់នៅថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២១។ រូបភាពពី លោក ឃឹម ហ្វីណង់
ភ្នំពេញ៖ រដ្ឋបាលស្រុកបន្ទាយស្រី បានបង្កើតផ្សារក្រមួនបណ្តោះអាសន្ន សម្រាប់អាជីវករផ្សារព្រះដាក់ ក្រោយរកឃើញករណីវិជ្ជមានកូវីដ-១៩។ ផ្សារក្រមួននេះ នឹងជួយសម្រួលដល់អាជីវករក្នុងការបន្តមុខរបរប្រចាំថ្ងៃរបស់ខ្លួន ទោះផ្សារព្រះដាក់បានផ្អាកដំណើរការក្តី។ ផ្សារនេះ នឹងដំណើរការបណ្តោះអាសន្នរយៈពេល១ខែ លើផ្លូវបេតុងក្នុងភូមិព្រះដាក់។


ផ្លូវបេតុងមួយខ្សែ ក្នុងភូមិព្រះដាក់ ស្រុកបន្ទាយស្រី បានក្លាយជាទីតាំងផ្សារក្រមួនបណ្តោះអាសន្នសម្រាប់អាជីវករផ្សារព្រះដាក់ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវី-១៩ ចំនួន៣នាក់ នៅក្នុងផ្សារ។ ក្រោយមានផ្ទុះករណីនេះ រដ្ឋបាលស្រុកបន្ទាយស្រី បានចុះត្រួតពិនិត្យទីតាំងផ្សារ និងបានមើលឃើញថា ផ្សារព្រះដាក់មានលក្ខណៈតូចចង្អៀត និងមិនមានខ្យល់ចេញចូលល្អ ដែលមានហានិភ័យខ្ពស់នៃការរីករាលដាលមេរោគកូវីដ-១៩។
 
ផ្សារក្រមួនលើផ្លូវបេតុងនេះ នឹងជួយសម្រួលដល់ពលរដ្ឋក្នុងភូមិព្រះដាក់ក្នុងការទិញអីវ៉ាន់ ជាពិសេសអាជីវករ ដែលជាអ្នកលក់ដូរនៅក្នុងផ្សារ អាចបន្តមុខរបរប្រចាំថ្ងៃរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាជីវភាពផងដែរ។


 
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ប្រាប់សារព័ត៌មានThmeythmey25ថា ៖«វាមិនអាចបានល្អដូចផ្សារដើម១០០ភាគរយទេ តែវាបានជួយផ្តល់ឱកាសឱ្យបងប្អូនអាជីវករអាចបន្តមុខរបរប្រចាំថ្ងៃរបស់គាត់បាន បើមិនដូច្នេះទេ ពួកគាត់ប្រាកដជាដាច់បាយហើយ។ ម្យ៉ាងទៀត អ្នកព្រះដាក់មិនចាំបាច់ទៅផ្សារនៅក្រៅឃុំសម្រាប់តម្រូវការប្រចាំថ្ងៃក្នុងពេលដែលផ្សារចាស់ត្រូវបានផ្អាក»។
 
ដ្បិតថា ផ្លូវបេតុដែលមានចម្ងាយ១៥០ម៉ែត្រនេះ ត្រូវបានប្រើជាទីតាំងលក់ដូរថ្មីសម្រាប់អាជីវករផ្សារព្រះដាក់ ប៉ុន្តែលោកអភិបាលស្រុកបានលើកឡើងថា វាមិនមានការរំខានដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋទេ ព្រោះផ្លូវនេះមិនសូវមានចរាចរណ៍ឡើយ។ ផ្លូវបេតុងនេះ បានគូសគំនូសជាតូបសម្រាប់អាជីវករ ដោយមានទទឹង១.២ម៉ែត្រ និងបណ្តោយ ១.៥ម៉ែត្រ ហើយទីតាំងនីមួយៗមានគម្លាតពីគ្នា ៣ម៉ែត្រកន្លះ។ តូប ដែលរដ្ឋបាលស្រុកគូសលើផ្លូវបេតុងនេះ មានសរុបចំនួន៦០ ដោយបច្ចុប្បន្នមានអាជីរករលក់ដូរប្រមាណ៥០តូបហើយ។


 លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី។រូបភាពពី៖ លោក ឃឹម ហ្វីណង់
 
យ៉ាងណាមិញ រដ្ឋបាលស្រុកបន្ទាយស្រី ក៏កំពុងកែសម្រួលផ្សារចាស់ឲ្យមានភាពល្អប្រសើរជាងមុន ដើម្បីឲ្យមានខ្យល់ដកដង្ហើមចេញចូលបានល្អ។ ជាមួយគ្នានេះ អាជីវករ
នឹងអាចត្រឡប់ទៅលក់ដូរនៅផ្សារវិញធម្មតា ក្រោយស្ថានភាពធូរស្រាល។
 
សូមជម្រាបថា ពលរដ្ឋក្នុងស្រុកបន្ទាយស្រីទាំងអស់មានសរុប ១៨០១០នាក់ ហើយបច្ចុប្បន្នពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងលើកទី១ ចាប់ពីថ្ងៃទី១៥ ខែកក្កដា មានចំនួន១ម៉ឺននាក់ហើយ។ ការចាក់វ៉ាក់សាំងលើកទី១ នឹងបញ្ចប់នៅថ្ងៃទី៣០ កក្កដាខាងមុននេះ ហើយពលរដ្ឋនឹងត្រូវទទួលការចាក់វ៉ាក់សាំងលើទី១ ចាប់ពីទី៥ ខែសីហា ឆ្នាំ២០២១៕


 ទិដ្ឋភាពអាជីវករលក់ដូរលើផ្លូវបេតុងក្នុងភូមិព្រះដាក់។ រូបភាពពី៖ លោក ឃឹម ហ្វីណង់
 
 

Tag:
 ផ្សារក្រមួន
  ផ្សារព្រះដាក់
 បន្ទាយស្រី
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com