កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកតូក្យូ៖ ដោយសារកំហុសបច្ចេកទេស អ្នកហែលទឹកប៉ូឡូញ៦រូប ត្រូវបញ្ជូនទៅផ្ទះវិញ
21, Jul 2021 , 3:51 pm        
រូបភាព
អតត្តពលិកហែលទឹកប៉ូឡូញ៦នាក់ ខកខានប្រជែងមេដាយនៅអូឡាំពិកក្រុងតូក្យូ បន្ទាប់ពីត្រូវបញ្ជូនត្រឡប់ទៅផ្ទះ ដោយសារកំហុសផ្នែករដ្ឋបាលរបស់សហព័ន្ធកីឡាហែលទឹកប៉ូឡូញ (PZP)។




លោក Pawel Slominski នាយកប្រត្តិបត្តិ PZP សោកស្តាយយ៉ាងខ្លាំង ចំពោះស្ថានភាពមិននឹកស្មានដល់ ដែលកើតឡើងដោយសារកំហុសអចេតនាមួយចំនួន រហូតធ្វើឱ្យកីឡាករ កីឡាការិនី៦រូប មិនអាចចូលរួមដណ្តើមមេដាយ នៅអូឡាំពិករដូវក្តៅ ហើយត្រូវវិលទៅប៉ូឡូញវិញ។ នេះបើតាមការចុះផ្សាយរបស់កាសែត CNN។
 
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅក្រុងតូក្យូឆ្នាំ២០២០ នឹងផ្ដើមការប្រកួតផ្លូវការចាប់ពីថ្ងៃទី២៣ ខែកក្កដាតទៅ ក្រោយពន្យាររយៈពេលមួយឆ្នាំ ដោយសារជំងឺកូវីដ-១៩។ អត្តពលិករាប់ពាន់នាក់ មកពីជុំវិញពិភពលោក រួមទាំងកម្ពុជាផង បានធ្វើដំណើរទៅដល់ទឹកដីជប៉ុនហើយ ដើម្បីចូលរួមដណ្តើមមេដាយ ពីព្រឹត្តិការណ៍ដ៏ធំដែលរៀបចំ៤ឆ្នាំម្តងនេះ។
 
ជាអកុសល អ្នកហែលទឹក៦នាក់ របស់ប៉ូឡូដែលធ្វើដំណើរទៅដល់តូក្យូហើយ តែបែរជាខកឱកាសចូលរួមប្រកួតប្រជែងទៅវិញ ដោយសារកំហុសបច្ចេកទេស របស់សហព័ន្ធខ្លួន។ កំហុសដែលនាំឱ្យមានរឿងនេះ គឺសហព័ន្ធកីឡាហែលទឹកប៉ូឡូញ បញ្ជូនអត្តពលិកទៅតូក្យូដល់ទៅ២៣នាក់ ខណៈពួកគេមានកូតាតែ១៧នាក់ប៉ុណ្ណោះ។ 
 
អត្តពលិកទាំង៦រូប រួមមាន Alicja Tchórz, Aleksandra Polańska, Mateusz Chowaniec, Dominika Kossakowska, Jan Hołub និង Bartosz Piszczorowicz ដែលត្រូវបានបង្ខំឱ្យចាកចេញពីក្រុងតូក្យូ បានអំពាវនាវឱ្យក្រុមប្រឹក្សាភិបាល របស់ PZP ទាំងមូលលាលែងពីតំណែងភ្លាមៗ ចំពោះការបង្កកំហុសនេះ។ នេះបើតាមលិខិតចំហមួយ ផ្ញើទៅកាន់ លោក Slominski ពីសំណាក់អ្នកហែលទឹកទាំង៦រូប។
 
ទាំង៦រូបខាងលើ ដែលបានត្រឡប់ទៅដល់ផ្ទះវិញនៅថ្ងៃទី១៨ ខែកក្កដា រៀបរាប់ថាការធ្វេសប្រហែលរបស់ PZP បានបំផ្លាញការទុកចិត្តរបស់ខ្លួន និងក្តីសុបិនក្លាយជាកីឡាករអូឡាំពិករបស់ពួកគេ។
 
រីឯអត្តពលិកហែលទឹកប៉ូឡូញ ១៦រូបទៀត ក៏បានចោទមន្ត្រីរបស់ PZP ថាមិនចេះធ្វើការ និងមិនយល់ពីបទបញ្ជារបស់សហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA) ទើបបណ្តាលឱ្យមានករណីនេះកើតឡើង៕
 

Tag:
 PZP
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com