អន្តរជាតិ
រុស្ស៊ី បង្ហាញយន្តហោះចម្បាំងថ្មី ដើម្បីប្រជែងយន្តហោះចម្បាំងអាមេរិក F-35
21, Jul 2021 , 8:29 pm        
រូបភាព
យន្តហោះចម្បាំងរុស្ស៊ី The Checkmate។ រូបភាព៖ AP
យន្តហោះចម្បាំងរុស្ស៊ី The Checkmate។ រូបភាព៖ AP
រុស្ស៊ី នៅថ្ងៃទី២០ ខែកក្កដា បានបញ្ចេញយន្តហោះចម្បាំងប្រភេទ Sukhoi ស៊េរីថ្មី ដើម្បីប្រជែងជាមួយយន្តហោះចម្បាំងអាមេរិកធុន F-35 ។ យន្តហោះ ដែលត្រូវបានដាក់រហស្សនាម «The Checkmate» មានសមត្ថភាពវាយប្រហារគោលដៅចំនួន ៦ក្នុងពេលដំណាលគ្នា។

 
 
យន្តហោះចម្បាំងរុស្ស៊ីប្រភេទថ្មីដែលអាចបំបាំងកាយផង ត្រូវបានរាយការណ៍ថា ផលិតឡើង ដើម្បីបំពេញចិត្តលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន។ វាត្រូវបានផលិតឡើងតាំងពីខែឧសភា ឆ្នាំ២០២០ មកម្លេះ។ ដោយផ្អែកតាមវីដេអូដាក់បង្ហាញយន្តហោះ The Checkmate ត្រូវបានអភិវឌ្ឍក្នុងរយៈពេលកំណត់ត្រាមួយ។ 
 
ព័ត៌មានតិចតួចណាស់ ត្រូវបានបង្ហាញពីសមត្ថភាពយន្តហោះចម្បាំងរុស្ស៊ី ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Rostec និងក្រុមហ៊ុនរដ្ឋរុស្ស៊ី United Aircraft Corporation។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ក្រុមហ៊ុន Rostec បានអះអាងថា យន្តហោះចម្បាំងជំនាន់ទី៥ មានម៉ាស៊ីនមួយ និងបំពាក់បញ្ញាសិប្បនិម្មិតផងដែរ។ មិនតែប៉ុណ្ណោះ វាអាចវាយប្រហារគោលដៅចំនួន៦ ក្នុងពេលដំណាលគ្នារួមទាំងនៅលើដី ទឹក និងអាកាស។ 
 
យន្តហោះចម្បាំង ដែលអាចបំពាក់ដ្រូន និងបញ្ជាដ្រូនក្នុងពេលហោះហើរនេះ មានតម្លៃចាប់ពី២៥លានដុល្លារទៅ៣០លានដុល្លារប៉ុណ្ណោះ។ 
 
ទាក់ទិននឹងការកម្មង់ទិញ អគ្គនាយកក្រុមហ៊ុន United Aircraft Corporation លោក Yury Slyusar បានលើកឡើងថា យន្តហោះចម្បាំង The Checkmate នឹងអាចផ្តល់ទៅប្រទេសកម្មង់ទិញចាប់ពីឆ្នាំ២០២៦ តទៅ។ បើតាមអគ្គនាយករូបនេះ យន្តហោះចម្បាំងចំនួន ៣០០គ្រឿង អាចនឹងត្រូវបានកម្មង់ទិញក្នុងរយៈពេល ១៥ឆ្នាំ ជាមួយតម្លៃទាបជាងយន្តហោះអាមេរិក F-35 ដល់ទៅ៧ដង។ ប្រទេសដែលអាចទិញយន្តហោះចម្បាំងមួយនេះពីរុស្ស៊ី មានមកតំបន់មជ្ឈិមបូព៌ា, អាមេរិកឡាទីន និងអាស៊ីជាដើម។ 
 
សូមបញ្ជាក់ថា F-35 ជាយន្តហោះចម្បាំងដ៏ខ្លាំងមួយ។ យន្តហោះចម្បាំង ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនអាមេរិក Lockheed Martin មួយនេះ មាន៣ប្រភេទ ដូចជា F-35A, F-35B និង F-35C។ យន្តហោះចម្បាំងទាំង ៣ប្រភេទនេះ គឺមានសមត្ថភាពប្រហាក់ប្រហែលគ្នា គ្រាន់តែមានភាពខុសគ្នាលើសមត្ថភាពហោះឡើង និងចុះចតប៉ុណ្ណោះ។
 
ក្នុងមួយគ្រឿង F-35 អាចមានតម្លៃរហូតដល់ទៅ ៨០លានដុល្លារឯណោះ ហើយចំណាយច្រើនក្នុងពេលប្រតិបត្តិការម្តងៗ។ ថ្លៃចំណាយ និងថែទាំ អាចតម្លៃរហូតដល់ ៣៦០០០ ដុល្លារជាមធ្យម នៅពេលយន្តហោះចម្បាំងប្រភេទនេះ ហោះហើរម្តងៗ។ ក្រុមហ៊ុន Lockheed Martin អះអាងថា ខ្លួន នឹងអាចកាត់បន្ថយថ្លៃចំណាយមកត្រឹម ២៥០០០ដុល្លារ ក្នុងមួយម៉ោង ប្រសិនបើខ្លួនទទួលបានកុងត្រាលើការថែទាំផ្តាច់មុខ។ កន្លងមក អ៊ីស្រាអែល ជប៉ុន កូរ៉េខាងត្បូង ប៉ូឡូញ បែលហ្ស៊ិក និងសិង្ហបុរីជាដើម បានទិញ និងកម្ម៉ង់ទិញយន្តហោះចម្បាំង F-35 ៕
 

Tag:
 រុស្ស៊ី
  យន្តហោះចម្បាំង
© រក្សាសិទ្ធិដោយ thmeythmey.com