ជាតិ
លោក ស៊ុន ចាន់ថុល៖ ក្រសួងនៅតែប្រកាន់ជំហរផាកពិន័យ រថយន្តដឹកលើសទម្ងន់គ្រប់ប្រភេទ
21, Jul 2021 , 4:32 pm        
រូបភាព
លោក ស៊ុន ចាន់ថុល ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលផ្តល់សេវាសាធារណៈទី៥ នៅផ្សារហេរីថេក វ៉ក់ នៅថ្ងៃទី២១ កក្កដា ឆ្នាំ២០២១។ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
លោក ស៊ុន ចាន់ថុល ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលផ្តល់សេវាសាធារណៈទី៥ នៅផ្សារហេរីថេក វ៉ក់ នៅថ្ងៃទី២១ កក្កដា ឆ្នាំ២០២១។ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ: ថ្មីៗ
សៅ សុខអេង និង អ៊ីសា រ៉ហានី
 
 
សៀមរាប៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ពីខេត្តសៀមរាប បានថ្លែងសារធ្ងន់ៗ ទៅកាន់អ្នកបើករថយន្តធុនធ្ងន់ទាំងអស់ ឱ្យគោរពច្បាប់ចរាចរណ៍ ដោយមិនត្រូវដឹកលើសទម្ងន់នោះទេ ប្រសិនមិនចង់រងការពិន័យ និងឃាត់រថយន្តទុក១ឆ្នាំ។ លោក ស៊ុន ចាន់ថុល ពន្យល់ថា ការដឹកលើសទម្ងន់១០តោន ស្នើនឹងរថយន្ត១ម៉ឺនគ្រឿង រត់ស្របគ្នាលើផ្លូវ១ម៉ឺនដង។


សូមស្ដាប់សំឡេងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ៖ 



 
ទោះមានការតវ៉ាពីសំណាក់ម្ចាស់រថយន្តដឹកទំនិញក្តី ក៏គ្មានការអនុគ្រោះដែរ។ ថ្លែងក្នុងពិធីដាក់សម្ពោធជាផ្លូវការនូវមណ្ឌលផ្តល់សេវាសាធារណៈ ថ្មីមួយទៀតនៅទីក្រុងសៀមរាប នៅព្រឹកថ្ងៃទី២១ កក្កដា លោក ស៊ុន ចាន់ថុល បានបញ្ជាក់ច្បាស់ៗថា ក្រសួងនៅតែប្រកាន់គោលជំហចុះផាកពិន័យសម្រាប់យានយន្តគ្រប់ប្រភេទដែលដឹកលើសទម្ងន់ មិនថាជារថយន្តអ្នកធំ អ្នកតូច អ្នកមាន អ្នកក្រ ឱ្យតែដឹកលើសពី២០ភាគរយ នោះនឹងរងការផាកពិន័យហើយ ថែមទាំងឃាត់រថយន្តទុករយៈពេល១ឆ្នាំទៀត។ 
 
ទំនងឆ្លើយតបទៅនឹងក្រុមអ្នកបើករថយន្តធុនធ្ងន់ ដែលតវ៉ាសុំដំឡើងទម្ងន់ដឹក នៅពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងសាធារណការ បានបញ្ជាក់យ៉ាងដូច្នេះថា៖« ច្បាប់ជាធរមាន យើងខ្ញុំអនុវត្តតាមច្បាប់ រហូតលុះត្រាតែមានវិសោធនកម្មច្បាប់ អានឹងទើបយើងអនុវត្តតាមច្បាប់ថ្មី»។
 
កាលពីថ្ងៃទី២០ កក្កដា ម្ចាស់ និងអ្នកបើករថយន្ត ដឹកទំនិញបានចេញតវ៉ា ដោយស្នើឲ្យក្រសួងសាធារណការ កុំឃាត់រថយន្តដែលដឹកលើសទម្ងន់ទុកមួយឆ្នាំ ដោយគ្រាន់តែពិន័យជាទឹកប្រាក់  រួមទាំងដំឡើងទម្ងន់ដឹកទំនិញ លើសពីការកំណត់របស់ក្រសួងផងដែរ។ ឆ្លើយតបការតវ៉ានេះ ក្រសួងសាធារណការ 
បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ក្រសួងមិនអាចយល់ស្របតាមការស្នើសុំ៣ចំណុច របស់ម្ចាស់រថយន្តបានឡើយ។ បើតាមក្រសួងសាធារណការ សំណូមពរពួកគេទាំងនេះ គឺផ្ទុយនឹងបទប្បញ្ញតិ្តដែលចែងក្នុងមាត្រា២៦ និងមាត្រា៦០ ច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ 
 
កន្លងមក ក្រសួងនិងគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក៏បានណែនាំ ផ្សព្វផ្សាយអំពីច្បាប់ស្តីពីផ្លូវថ្នល់ ច្បាប់លិខិតបទដ្ឋានគតិយុត្ត និងទុកពេលពេលសមស្រប មុននឹងដាក់ចេញនូវវិធានការតឹងរឹង តាមបទបញ្ញត្តិច្បាប់ជាធរមានផងដែរ។  
 
តាមរយៈអ្នកសារព័ត៌មាន លោករដ្ឋមន្រ្តីសាធារណការ ស្នើឱ្យពលរដ្ឋទាំងអស់ត្រូវយល់ពីច្បាប់ផ្លូវថ្នល់មាត្រាទី៦០ ដោយមិនត្រូវដឹកលើសទម្ងន់នោះទេ ប្រសិនបើមិនចង់រងការផាកពិន័យ និងឃាត់រថយន្តទុក១ឆ្នាំ។ លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ពលរដ្ឋទាំងអស់មានកាតព្វកិច្ចចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិ ដូចជាផ្លូវថ្នល់ជាដើម ដ្បិតថារដ្ឋពិបាកខ្លាំងណាស់ទម្រាំរកថវិកាមកកសាងផ្លូវមួយខ្សែៗបាន។
 
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកក្កដា ម្ចាស់រថយន្តដែលរងពិន័យពីការដឹកលើសទម្ងន់បានចេញមុខតវ៉ាទាមទារនូវ៣ចំណុច ដូចជា ការស្នើសុំដំឡើងទម្ងន់ ឬដឹកជញ្ជូនលើសទម្ងន់ក្នុងចន្លោះចាប់ពី៩តោន ទៅ១៥តោន តាមប្រភេទរថយន្តធុនធ្ងន់បន្ថែមពីទម្ងន់នៃច្បាប់បានកំណត់។ ការស្នើសុំត្រឹមផាកពិន័យ ដោយមិនចាំបាច់ឃាត់ទុករថយន្ត១ឆ្នាំឡើយ ដោយគ្រាន់តែពិន័យជាទឹកប្រាក់បានហើយ និងការស្នើសុំផ្តល់រថយន្តដែលឃាត់ទុកកន្លងមកឲ្យម្ចាស់រថយន្តវិញ ដោយគ្រាន់តែផាកពិន័យជាទឹកប្រាក់។
 
 

Tag:
 ដឹកលើសទម្ងន់
  ផ្លូវថ្នល់
  ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com