ជាតិ
អ្នកនិពន្ធ ទឹម ម៉ានី៖«ចង់ឱ្យវិស័យភាពយន្តកម្ពុជារីកចម្រើនខ្លាំង ម្ចាស់ផលិតកម្មត្រូវឱ្យតម្លៃអ្នកនិពន្ធ»
22, Jul 2021 , 8:59 am        
រូបភាព
លោក ទឹម ម៉ានី អ្នកនិពន្ធប្រលោមលោក និពន្ធសេណារីយោកុន និងជាអ្នកដឹកនាំរឿង (រូបផ្ដល់ឱ្យ)
លោក ទឹម ម៉ានី អ្នកនិពន្ធប្រលោមលោក និពន្ធសេណារីយោកុន និងជាអ្នកដឹកនាំរឿង (រូបផ្ដល់ឱ្យ)
ភ្នំពេញ៖ អ្នកនិពន្ធ ទឹម ម៉ានី ដែលមាននាមប៉ាកាថា ស្មេរ គ្រោងថតភាពយន្តរឿង “ម៉ែ” ដែលប្រសូត្រចេញពីប្រលោមលោកដ៏ល្បីរបស់លោក ក្នុងពេលឆាប់ៗខាងមុខ។ ជាអ្នកនិពន្ធសេណារីយោ ជាអ្នកដឹកនាំថត ក៏ជាអ្នករើសតួសម្ដែងដោយខ្លួនឯង លោក ទឹម ម៉ានី ជឿជាក់ថាការធ្វើបែបនេះ នឹងធ្វើឱ្យរឿងរបស់លោកមានគុណភាព ហើយទទួលបានការគាំទ្រច្រើន។ លោក ទឹម ម៉ានី ថាផលិតកម្ម ឬក្រុមហ៊ុនទូរទស្សន៍ គួរផ្ដល់សិទ្ធិសម្រេចនិងឱ្យតម្លៃអ្នកនិពន្ធ ក្នុងការផលិតភាពយន្ត ទើបកុនខ្មែរល្អមើល។


 
ជារឿងដែលម្ចាស់ផលិតកម្ម ឬក្រុមហ៊ុនទូរទស្សន៍ គួរយកចិត្តទុកដាក់ ប្រសិនបើពួកគេចង់ឱ្យប្រជាជនខ្មែរ កាន់តែគាំទ្រវិស័យភាពយន្តកម្ពុជា។ នោះគឺការផ្ដល់សិទ្ធិពេញលេញ ឱ្យអ្នកនិពន្ធរឿង បានដឹងនាំថត និងជ្រើសរើសតួអង្គសម្ដែងដោយខ្លួនឯង ប្រសិនបើអ្នកនិពន្ធចង់បាន។
 
ជាក់ស្ដែងរឿង “ម៉ែ” ដែលជាប្រលោមលោកបែបមនោសញ្ចេតនាកម្សត់ និយាយពីស្ត្រីម្នាក់ប្រកបរបរលក់អេតចាយ នាងខំតស៊ូចិញ្ចឹមបីបាច់កូនប្រុសតែម្នាក់ឯង ហើយផ្គត់ផ្គង់គេឱ្យបានរៀនរហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រ ត្រូវបានអ្នកនិពន្ធចំណាយប្រាក់ថតជាភាពយន្តដោយខ្លួនឯង។
 
“ម៉ែ” ពុំមែនជារឿងទីមួយរបស់អ្នកនិពន្ធវ័យ៧៦ឆ្នាំ ទឹម ម៉ានី ឡើយ ដែលបានប្រែកាយពីប្រលោមលោកទៅជារឿងភាពយន្ត ប៉ុន្តែនេះជារឿងទី១២ហើយ ក្នុងចំណោមរឿងប្រលោមលោក ចំនួន៣០៦រឿង ដែលលោកបាននិពន្ធតាំងពីឆ្នាំ១៩៧២នោះ។ ក្នុងចំណោមរឿងកុនទាំង១២ ទាំងរឿងភាគនិងរឿងដុំ ដោយភាគច្រើនរឿងទាំងនោះ លក់ឱ្យផលិតកម្មនៅក្រៅប្រទេស គឺលោក ទឹម ម៉ានី ជាអ្នកដឹកនាំថតនិងរើសតួដោយខ្លួនឯងទាំងស្រុង។
 
ម្ចាស់រឿង “បក្សីចាកមែក” រូបនេះ ថាការប្រកាន់បក្សពួក ក៏ជាកត្តានាំឱ្យភាពយន្តខ្មែរធ្លាក់ចុះដែរ។ លោក ទឹម ម៉ានី បញ្ជាក់៖«វិស័យភាពយន្តកម្ពុជាមិនសូវមានការរីកចម្រើន អាចមកពីការប្រកាន់បក្សពួក និងប្រកាន់តួដែរ។ ខ្ញុំសរសើរថៃ គេមិនប្រកាន់បក្សពួកទេ តួណាសម្ដែងបាន គេយកតួហ្នឹង ដូច្នេះរឿងរបស់គេសម្ដែងសមមែន។ ខ្មែរមិនខ្វះតួទេ មិនបាច់យកតួដដែលៗទេ។ តួណាអាចសម្ដែងសមយើងយក បើតួនោះសម្ដែងមិនកើតត្រូវដូរចេញ»។ 
 
លោក ទឹម ម៉ានី បានអះអាងថា លោកតែងតែសង្កេតយ៉ាងហ្មត់ចត់ចំពោះចរិតតួសម្ដែងនីមួយៗ មុននឹងលោកជ្រើសរើសនរណាម្នាក់ឱ្យដើរតួក្នុងរឿងរបស់ខ្លួន។  
ជាតួឯកស្រីក្នុងរឿង ”ម៉ែ” កញ្ញា ងិន ដានីត ដែលដើរតួជានាង កេសនី ត្រូវបានអ្នកនិពន្ធជ្រើសរើសមកសម្ដែងដោយផ្ទាល់។ ដានីត ដែលប្រឡូកចូលវិស័យសិល្បៈដំបូងក្នុងឆ្នាំ២០១២ អះអាងថា ក្រោយពីឆ្លងកាត់ការធ្វើការរួមគ្នាជាមួយលោក ទឹម ម៉ានី កន្លងមក ធ្វើឱ្យការសម្ដែងរបស់នាង រីកចម្រើនច្រើន ដ្បិតអីលោកមានវិធីពន្យល់នាងឱ្យចូលតួបានយ៉ាងល្អ។
ជាសិស្សរបស់លោក ស្វាយ សរ ផ្នែកតន្ត្រី ក៏ជាសិស្សផ្នែកសម្ដែងរបស់អ្នកស្រី ឌី សាវេត កញ្ញា ដានីដ ថានាងពិតជាសប្បាយចិត្ត នៅពេលដែលលោក ទឹម ម៉ានី ជឿជាក់លើសមត្ថភាពរបស់នាង ហើយជ្រើសរើសខ្លួនឱ្យសម្ដែងក្នុងរឿង “ម៉ែ”។
 

កញ្ញា ងិន ដានីដ តួឯកស្រីក្នុងរឿង «ម៉ែ» (រូបផ្ដល់ឱ្យ)
 
នារីកើតក្នុងស្រុកកៀនស្វាយវ័យ២៥ឆ្នាំ ដែលមានម្ដាយឪពុកជាតារាសម្ដែងជើងចាស់រូបនេះ បញ្ជាក់បន្ថែម៖«ខ្ញុំត្រូវដើរតួចរិតកាចឆ្នាស់ នេះជាបទពិសោធថ្មី ព្រោះខ្ញុំមិនធ្លាប់ដើរតួនេះទេ។ លោកគ្រូ(លោក ទឹម ម៉ានី) មានតិចនិចពន្យល់ច្រើន ធ្វើឱ្យខ្ញុំចេះបត់បែនតាមតួអង្គបានល្អ។ ខ្ញុំបានឆ្លងកាត់ការថតរឿងប្រមាណជាង១០រឿង ទាំងរឿងដុំ mv និងស្ពត។ ពីមុនខ្ញុំសម្ដែងអន់មែនទេ ប៉ុន្តែក្រោយពីលោកគ្រូព្យាយាមពន្យល់ ធ្វើឱ្យខ្ញុំសម្ដែងបានល្អជាលំដាប់។ គាត់យកចិត្តទុកដាក់លើសុខភាពរបស់តួ មើលថែតាំងពីអាហារ និងការស្នាក់នៅ»។
ចំណែកលោក ពៅពេជ្រ ឧត្តម វ័យ២៧ឆ្នាំ មកពីខេត្តកំពង់ស្ពឺវិញ ត្រូវដើរតួជា “នរិន្ទ” ដែលជាតួឯកប្រុសក្នុងរឿង “ម៉ែ”។ បុរសដែលចូលសិល្បៈពីឆ្នាំ២០១៦រូបនេះ ធ្លាប់បានសម្ដែងរឿងភាគ រឿងដុំ និងរឿងខ្លី បានច្រើនរឿងមកហើយ។ លោក បញ្ជាក់ថាអ្នកដឹកនាំរឿង “ម៉ែ” បានផ្ដល់ប្រលោមលោក ឱ្យលោកមើលដើម្បីឱ្យយល់សាច់រឿង មុននឹងអ្នកនិពន្ធផ្ដល់សេណារីយោឱ្យលោកសមរឿងបន្ថែមទៀត។
 
ឧត្តម ដែលចេះទាំងច្រៀងនិងសម្ដែង ពន្យល់បន្ថែម៖«គាត់(លោក ទឹម ម៉ានី) មិនទាមទារអ្វីពីខ្ញុំច្រើនទេ គាត់គ្រាន់តែចង់ឱ្យខ្ញុំសម្ដែងឱ្យដល់កម្រិត។ ខ្ញុំមិនអាចនិយាយបានថា ខ្ញុំនិងសម្ដែងល្អឥតខ្ចោះបានទេ តែសម្រាប់ខ្ញុំ មានតែការប្រឹងឱ្យអស់ពីសម្ថភាព។ ខ្ញុំធ្លាប់សម្ដែងក្នុងរឿងខ្លីរបស់គាត់ពីមុនដែរ តែរឿង”ម៉ែ” សម្រាប់ខ្ញុំ អស្ចារ្យ ព្រោះបង្ហាញពីតួអង្គដែលមានភាពតស៊ូក្នុងជីវិត»។
  

 លោក ពៅពេជ្រ ឧត្តម  តួស្ដែងក្នុងរឿង«ម៉ែ» (រូបផ្ដល់ឱ្យ)

សម្រាប់អ្នកនិពន្ធប្រលោមលោក ទឹម ម៉ានី ពុំដែលលក់សេណារីយោរឿងរបស់ខ្លួន ឱ្យក្រុមហ៊ុន ឬផលិតកម្មណាមួយឡើយ ព្រោះគេទិញតែសាច់រឿងរបស់លោក ដោយឱ្យអ្នកដទៃជាអ្នកដឹក និងរើសតួ។ លោកថា អ្នកមិនមែនជាអ្នកនិពន្ធ មិនអាចយល់ទីជម្រៅនៃរឿង ហើយក៏មិនអាចរើសតួឱ្យត្រូវនឹងមនោសញ្ចេតនារឿងបានដែរ។
 
«ខ្ញុំសំណូមពរឱ្យម្ចាស់ផលិតកម្ម ឬក្រុមហ៊ុនទូរទស្សន៍ ឱ្យតម្លៃអ្នកនិពន្ធ ហើយស្ដាប់តាមអ្នកនិពន្ធ ក្នុងការសម្រេចចិត្តរើសតួអង្គ។ អ្នកដឹងនាំរឿង អ្នកនិពន្ធ និងអ្នករើសតួ គួរតែជាមនុស្សតែមួយ ទើបអាចធានា គុណភាពរឿងបាន។ អ្នកដឹកខ្លះដែលមិនមែនជាអ្នកនិពន្ធ គេមើលតាមតែការសរសេរ(scribe) ហើយគេថតឱ្យតែបានៗទេ។ ធ្លាប់មានគេឱ្យតម្លៃរឿងខ្ញុំមួយភាគ ពី២រយទៅ៣រយដុល្លារ គេទុកឈ្មោះអ្នកនិពន្ធឱ្យខ្ញុំ តែគេឱ្យអ្នកដទៃដឹក ខ្ញុំអត់លក់ទេ ព្រោះគេនឹងធ្វើឱ្យរឿងខ្ញុំខូច»។ 
 
ប្រសិនបើចំនួននៃការឆ្លងជំងឺកូវីដ-១៩ ចុះមកត្រឹមប្រមាណ១០នាក់ក្នុងមួយថ្ងៃ “ម៉ែ” នឹងក្រុងពលីថតនៅក្នុងខែសីហាខាងមុខ។ ទោះជាយ៉ាងណា បើស្ថានភាពកូវីដ-១៩ នៅតែមិនធូរស្បើយទេនោះ លោកនឹងលើកពេលថតរឿងនេះបន្តទៀត។
 
ភាពយន្តរឿង “ម៉ែ” គ្រោងចាយទុនជាង២ម៉ឺនដុល្លារ ដោយចំណាយពេលថតប្រមាណ១ខែ។ ទីតាំងថតមាននៅខេត្តមណ្ឌលគិរី និងនៅរាជធានីភ្នំពេញ។
ជាគម្រោងបន្ទាប់លោក ទឹម ម៉ានី នឹងផលិតភាពយន្តមួយទៀត គឺរឿង “ប្រពន្ធ” (BL) ជាប្រភេទប្រុសស្រឡាញ់ប្រុស ស្រីស្រឡាញ់ស្រី ប្រុសស្រឡាញ់ទាំងស្រីទាំងប្រុស ស្រីស្រឡាញ់ទាំងប្រុសទាំងស្រី ដែលឆ្លុះបញ្ចាំងពីតថភាពសង្គមសព្វថ្ងៃ បន្ទាប់ពីរឿង”ម៉ែ”។
 
ភាពយន្តទាំង១២រឿង ដែលកើតចេញពីប្រលោមលោករបស់លោក ទឹម ម៉ានី មានរឿង ពស់សកស្រកា, ម្ចាស់បឹងមរណៈ, ប្រាសាទអាថ៌កំបាំង, ដើមក្រូចយន្តស្នេហ៍, ផ្កាអាទិទេព, កំណត់ដួងចិត្ត, ព្យុះចិត្តមានះ, រន្ទះចិត្តស្នេហ៍, ព្យុះកំហឹងសងលោហិត, មកុដផ្កាស្នោ, ចតុកោណស្នេហ៍(BL) និងរឿង ម៉ែ៕
 

Tag:
 កុន
  ភាពយន្ត
 សិល្បៈ
 
© រក្សាសិទ្ធិដោយ thmeythmey.com