ជាតិ
អត្ថន័យនិមិត្តសញ្ញាខេត្តកំពង់ធំ!
21, Jul 2021 , 9:59 pm        
រូបភាព
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ និមិត្តសញ្ញាខេត្តកំពង់ធំនេះ ដែលធ្វើពីថ្មភក់ មានកម្ពស់បួនម៉ែត្រ ត្រូវបានដាក់តម្កល់នៅក្រុងស្ទឹងសែន។ រដ្ឋបាលខេត្ត គ្រោងរៀបចំសួនច្បារ ដើម្បីបង្កើតសោភ័ណភាពទៀតផង។


 
និមិត្តសញ្ញាខេត្តកំពង់ធំ  បានដាក់បញ្ចូលនូវរូបតំណាងចំនួនប្រាំរួមមាន ៖ រូបប្រាសាទយាយព័ន្ធ, រូបបដិមាតោ, រូបដំរីជាន់ខ្លា, កួរស្រូវ និងដើមឈើ។ រដ្ឋបាលខេត្តកំពង់ធំ បានលើកតម្កល់និមិត្តសញ្ញាខេត្តកំពង់ធំ  ក្នុងភូមិ១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី២០ ខែកក្កដាកន្លងទៅ។ 
 
បើតាមរដ្ឋបាលខេត្តកំពង់ធំ រូបប្រាសាទយាយព័ន្ធ តំណាងឱ្យភាពរុងរឿងនៃស្ថាបត្យកម្មខ្មែរនាសតវត្សរ៍ទី៧ ដែលមាននៅតំបន់ប្រាសាទសំបូរព្រៃគុក និងតំណាងឱ្យជំនឿរបស់ខ្មែរបុរាណក្នុងការគោរពព្រហ្មញ្ញសាសនា។ ចំពោះ រូបបដិមាតោ តំណាងឱ្យភាពអស្ចារ្យនៃសិល្ប:ខ្មែរនាចុងសម័យចេនឡាក្នុងតំបន់ប្រាសាទសំបូរព្រៃគុក និងតំណាងឱ្យអំណាច អានុភាពខ្លាំងក្លា។
 
ចំណែក រូបដំរីជាន់ខ្លា តំណាងឱ្យរូបសំណាក ដែលមាននៅខេត្តកំពង់ធំ តាំងពីអំឡុងសតវត្សរ៍ទី៦០ និងឆ្លុះបញ្ចាំងពីតថភាពធនធានធម្មជាតិនៃខេត្តកំពង់ធំ។ ដោយឡែក រូបកួរស្រូវ តំណាងឱ្យភាពសម្បូរសប្បាយ និងភាពរុងរឿងនៃវិស័យកសិកម្ម ពិសេសគឺភោគផលនៃដំណាំស្រូវ។ រីឯ រូបដើមឈើវិញ តំណាងឱ្យភាពរីកចម្រើនលើវិស័យកសិឧស្សាហកម្ម ដែលខេត្តកំពង់ធំសម្បូរដោយដីមានជីជាតិ អំណោយផលដល់ដំណាំកសិកម្ម និងកសិឧស្សាហកម្ម។


 រូបភាពរដ្ឋបាលខេត្តកំពង់ធំ

លោក ហ៊ិន សោភណ័ ប្រធានមន្ទីរវប្បធម៌ប្រចាំខេត្តកំពង់ធំ រីករាយដែលខេត្តកំពង់ធំ អាចបង្ហាញនិមិត្តរូបតំណាងមានបញ្ចូលរូបភាពសក្តានុពលផ្សេងៗនៅក្នុងខេត្តនេះ។ ប្រធានមន្ទីរវប្បធម៌ប្រចាំខេត្តកំពង់ធំរូបនេះ លើកឡើងថា នេះក៏ជាឱកាសដែលអាចបង្ហាញថាខេត្តកំពង់ធំ មានភាពសម្បូរបែបទាំងផ្នែកវប្បធម៌ ធម្មជាតិ និងវិស័យកសិកម្ម។
 
លោក ហ៊ិន សោភណ័ បន្តយ៉ាងដូច្នេះ៖ « បន្ទាប់ពីដំឡើងហើយ ក្រុមការងារត្រូវការប្រើពេល២ទៅ៣ថ្ងៃ ដើម្បីរៀបចំលាបពណ៌បន្ថែមលើសត្វ និងចារអក្សរ រួមទាំងធ្លាក់ក្បាច់មួយចំនួន។ ទន្ទឹមនឹងនេះ ក៏ត្រូវរង់ចាំ ការរៀបចំសួនច្បារនៅជុំវិញ ដើម្បីបន្ថែមសោភ័ណភាព កន្លែងតម្កល់និមិត្តរូបនេះផងដែរ»។
 
ក្រោយតំឡើងនិមិត្តសញ្ញាខេត្ត រដ្ឋបាលខេត្ត នឹងរៀបចំសួនច្បារលម្អបន្ថែមទៀត។ លោក ស ប៉ាហូ នាយករងសាលាខេត្តកំពង់ធំ ប្រាប់សារព័ត៌មានថ្មីៗថា ខេត្តនឹងដាំផ្កា និងកូនឈើមួយចំនួន ដោយមានរៀបឥដ្ឋការ៉ូ ជាផ្លូវ ដើម្បីបង្កើនសោភ័ណភាព និងសម្រួលដល់ការទស្សនារបស់សាធារណជន។ បើតាមលោក ស ប៉ាហូ សកម្មភាពក្នុងការរៀបចំ និងរចនាសួនច្បារ អាចប្រើពេល៣ខែ និងចំណាយទឹកប្រាក់ប្រមាណ ៥រយលានរៀល។
 
និមិត្តសញ្ញាខេត្តកំពង់ធំ នឹងក្លាយជាផ្នែកមួួយទាក់ទាញទេសចរណ៍។ លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ លើកឡើងថា និមិត្តសញ្ញានេះ អាចជាផ្នែកមួយជួយទាក់ទាញទេសចរណ៍កាន់តែចង់ស្វែងយកប្រវត្តិ និងកម្សាន្តនៅក្នុងខេត្តនេះកាន់តែច្រើន។ 
 
«កាលណាយើងមាននិមិត្តរូបប្រចាំខេត្ត មានន័យថា មានកន្លែងនិងធនធានដែលត្រូវបង្ហាញដល់សាធារណជន ដើម្បីស្វែងយល់បន្ថែម។ ខ្ញុំសង្ឃឹមថា រូបភាពតំណាងខេត្តនេះ នឹងជួយទាក់ទាញ ឱ្យប្រជាពលរដ្ឋខេត្តដទៃ រួមទាំងទេសចរណ៍ផ្សេងជាតិ និងអត្តជាតិឱ្យចាប់អាម្មរណ៍លើខេត្តកំពង់ធំ »។ នេះជាការពន្យល់របស់លោក សេង អាន៕
 
 

Tag:
 កំពង់ធំ
  និមិត្តសញ្ញា
© រក្សាសិទ្ធិដោយ thmeythmey.com