ជាតិ
សង្គមជាតិ
ក្រៅពីជាប់ពន្ធនាគារជិត២ឆ្នាំ សកម្មជនបរិស្ថាន៣នាក់ ត្រូវចោទពីបទរួមគំនិតក្បត់ជាតិបន្ថែមទៀត
21, Jul 2021 , 7:20 pm        
រូបភាព
យុវជន ថុន រដ្ឋា យុវតី ឡុង គន្ធា និង យុវតី ភួន កែវរស្មី (រូបពីស្ថានទូតអាមេរិកប្រចាំកម្ពុជា)
យុវជន ថុន រដ្ឋា យុវតី ឡុង គន្ធា និង យុវតី ភួន កែវរស្មី (រូបពីស្ថានទូតអាមេរិកប្រចាំកម្ពុជា)
យុវជន ថុន រដ្ឋា យុវតី ឡុង គន្ធា និង យុវតី ភួន កែវរស្មី ដែលជាសកម្មជនបរិស្ថាននៃក្រុមក្រុមមាតាធម្មជាតិ ត្រូវតុលាការភ្នំពេញ ចោទប្រកាន់១បទល្មើសបន្ថែមទៀត គឺបទរួមគំនិតក្បត់ (ជាតិ)។ ពួកគេទាំង៣នាក់ ត្រូវបញ្ជូនទៅឲ្យចៅក្រមស៊ើបសួរ សាកសួររយៈពេល២ថ្ងៃជាប់គ្នា គឺថ្ងៃទី២០និងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ។



លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ ប្រាប់ថា យុវជន ថុន រដ្ឋា យុវតី ឡុង គន្ធា និង យុវតី ភួន កែវរស្មី ត្រូវបានព្រះរាជអាជ្ញា ចោទប្រកាន់ពីរួមគំនិតក្បត់ (ជាតិ) នេះ ជាមួយសកម្មជនបរិស្ថាន៣នាក់ទៀតនៃក្រុមមាតាធម្មជាតិ គឺ យុវជន លី ចាន់ដារ៉ាវុទ្ធ យុវជន យីម លាងហ៊ី និង យុវតី ស៊ុន រដ្ឋា ដែលអ្នកទាំង៣ក្រោយនេះ ទើបនឹងត្រូវចាប់ខ្លួនក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១។ លោក បន្តថា ក្រោយចោទប្រកាន់ពីបទរួមគំនិតក្បត់ (ជាតិ) លើយុវជន ថុន រដ្ឋា យុវតី ឡុង គន្ធា និង យុវតី ភួន កែវរស្មី រួចហើយ ព្រះរាជអាជ្ញា ក៏បញ្ជូនទៅឲ្យចៅក្រមស៊ើបសួរ បន្តការស៊ើបសួរ។

មន្រ្តីសង្គមស៊ីវិលរូបនេះ ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា៖«ខ្ញុំ យល់ថា [ការចោទប្រកាន់ពីរួមគំនិតក្បត់ជាតិ] នេះ ជារឿងធ្ងន់ធ្ងរ។ ខ្ញុំ មើលទៅការចោទប្រកាន់នេះ ឆ្លុះបញ្ចាំងពីការគំរាមកំហែង បំភិតបំភ័យចំពោះសកម្មជនការពារបរិស្ថាន ជាពិសេសទាំងអ្នកជាប់ឃុំ និងយុវជនផ្សេងទៀត ដែលចូលរួមជាមួយពួកគាត់ ក្នុងកិច្ចការពារបរិស្ថាន ក៏ដូចជាអ្នកស្រឡាញ់បរិស្ថានចង់ចូលរួមការពារ»។

ក្រមព្រហ្មទណ្ឌ កំណត់ថា ការប្រព្រឹត្តបទល្មើសរួមគំនិតក្បត់ (ជាតិ) ត្រូវជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ឆ្លើយតបថា ចោទប្រកាន់នេះ គឺតុលាការ ធ្វើទៅតាមអង្គហេតុនិងអង្គច្បាប់។ លោក មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា៖«បើអង្គការឬក្រុមណាមួយរកឃើញថាធ្ងន់ធ្ងរពេក រកមេធាវីសម្រាប់ដោះស្រាយ ជាជាងបញ្ចេញព័ត៌មានក្នុងន័យនយោបាយ វាអត់ប្រយោជន៍ទេ។ កាលណាយើងនិយាយពីនីតិរដ្ឋ គឺមានអង្គហេតុ អង្គច្បាប់ និងមេធាវីក្នុងការការពារក្ដីតទាល់ជាមួយនឹងចៅក្រម»។

ឆ្លើយនឹងតបសារព័ត៌មានថ្មីៗ យុវជន ភួន ពុទ្ធារិទ្ធ ដែលបងប្រុសរបស់យុវតី ភួន កែវរស្មី និយាយថា៖«បើមេធាវីមិនអាចជួបពួកគាត់ទាំង៣ផ្ទាល់បាន ខ្ញុំនឹងធ្វើលិខិតស្នើរទៅខាងលីកាដូ សុំជំនួយផ្លូវច្បាប់ជាមេធាវី ដើម្បីការពារក្ដីឲ្យប្អូនខ្ញុំ»។ លោក អំ សំអាត អះអាងថា អង្គការលីកាដូ នឹងបន្តផ្តល់មេធាវីការពារក្តីឲ្យយុវជនទាំង៣នាក់នេះ។ 

ពួកគេទាំង៣នាក់ ត្រូវចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២០ ដោយសារតែពួកគេ ពាក់ព័ន្ធនឹងយុទ្ធនាការធ្វើដំណើរពីវត្តភ្នំ ទៅកាន់គេហដ្ឋានរបស់សម្តេចសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីស្នើសុំអន្តរគមន៍បញ្ឈប់ការលុបបឹងតាមោក។ ការពាក់ព័ន្ធនឹងយុទ្ធនាការនេះ ធ្វើឲ្យពួកគេ ត្រូវចោទពីញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ដោយពេលនោះ ពួកគេ មិនទាន់ត្រូវចោទពីបទរួមគំនិតក្បត់ (ជាតិ) ទេ។  

ក្រោមបទចោទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម តុលាការ បានសម្រេចសេចក្តី កាលពីខែឧសភា ឆ្នាំ២០២១ ឲ្យយុវជន ថុន រដ្ឋា ជាប់ពន្ធនាគារ២០ខែ យុវតី ឡុង គន្ធា និង យុវតី ភួន កែវស្មី ជាប់ពន្ធនាគារ១៨ខែ។

ដោយឡែក សកម្មជន៣នាក់ គឺយុវជន លី ចាន់ដារ៉ាវុទ្ធ យុវជន យីម លាងហ៊ី និង យុវតី ស៊ុន រដ្ឋា ដែលទើបនឹងត្រូវចាប់ខ្លួន ត្រូវចោទពីបទប្រមាថព្រះមហាក្សត្រ និងបទរួមគំនិតជាតិ។ ពួកគេ ត្រូវចោទនិងចាប់ខ្លួន ក្រោយកម្លាំងសមត្ថកិច្ច ចាប់បានការសន្ទនារបស់ពួកគេ ជាមួយនឹងលោកអាឡិច (Alejandro Gonzalez Davidson) ជនជាតិអេស្បាញ ដែលជាស្ថាបនិកនៃអង្គការមាតាធម្មជាតិនៅកម្ពុជា (Mother Nature Cambodia) ដោយសមត្ថកិច្ច យល់ថា ការសន្ទនានោះ គឺមានលក្ខណៈប្រមាថព្រះមហាក្សត្រ ហើយក៏ជាការួមគំនិតក្បត់ (ជាតិ) ដែរ។ លោក អាឡិច ត្រូវបណ្តេញចេញពីកម្ពុជា កាលពីឆ្នាំ២០១៥ ហើយអង្គការមាតាធម្មជាតិ ត្រូវក្រសួងមហាផ្ទៃលុបចេញពីបញ្ជី កាលពីឆ្នាំ២០១៧។

បើតាមលោក អំ សំអាត មូលហេតុដែលសកម្មជនទាំំង៣នាក់ គឺយុវជន ថុន រដ្ឋា យុវតី ឡុង គន្ធា និង យុវតី ភួន កែវរស្មី ត្រូវចោទពីបទរួមគំនិតក្បត់ (ជាតិ) គឺដោយសារតុលាការ រកឃើញថា ពួកគេ ជាប់ពាក់ព័ន្ធជាមួយនឹងបទល្មើសដូចគ្នា ដែលសកម្មជន៣ទៀត គឺយុវជន លី ចាន់ដារ៉ាវុទ្ធ យុវជន យីម លាងហ៊ី និង យុវតី ស៊ុន រដ្ឋា បានប្រព្រឹត្ត។ ដូច្នេះ ពួកគេទាំង៦នាក់ ត្រូវស្ថិតក្នុងការសង្ស័យពីបទរួមគំនិតក្បត់ (ជាតិ) ទាំងអស់គ្នា។

ការចោទប្រកាន់យុវជនក្មេងៗពីបទរួមគំនិតក្បត់ (ជាតិ) នេះ រងការរិះគន់ពីអង្គការជាតិ-អន្តរជាតិមួយចំនួន តែមន្រ្តីរដ្ឋាភិបាលកម្ពុជា បកស្រាយថា សមត្ថកិច្ចនិងតុលាការកម្ពុជា អនុវត្តទៅតាមច្បាប់៕

Tag:
 សកម្មជន
  បទរួមគំនិតក្បត់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com