កីឡាអន្តរជាតិ
អន្តរជាតិ
UNESCO ដកទីក្រុង Liverpool ចេញពីបេតិកភណ្ឌពិភពលោក ដោយសារគម្រោងអភិវឌ្ឍន៍
24, Jul 2021 , 11:05 am        
រូបភាព
ទិដ្ឋភាពទីក្រុង Liverpool របស់អង់គ្លេស។ រូបថត Xinhua
ទិដ្ឋភាពទីក្រុង Liverpool របស់អង់គ្លេស។ រូបថត Xinhua
ដោយ៖ជា យូគៀង
ទីក្រុង Liverpool ត្រូវបានអង្គការ UNESCO ដកចេញពីបញ្ជីទីក្រុងបេតិកភ័ណ្ឌពិភពលោក ដោយសារតែការអភិវឌ្ឍតំបន់មាត់ទឹកនៃទីក្រុងមួយនេះ ដែលធ្វើឱ្យប៉ះពាល់ទម្រង់ដើមរបស់ទីក្រុង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់UNESCO នាកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌលើកទី៤៤ នៅក្រុង ហ្វូចូវ ប្រទេសចិន នៅថ្ងៃទី២១ កក្កដា។


 
UNESCO ធ្លាប់ព្រមានទីក្រុងដែលស្ថិតនៅក្នុងតំបន់ Merseyside ប្រទេសអង់គ្លេសមួយនេះរួចមកហើយអំពីការអភិវឌ្ឍទីក្រុង ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃបេតិកភណ្ឌរបស់ទីក្រុងមួយនេះ រួមមានការសាងសង់កីឡដ្ឋានថ្មីរបស់ក្លិប Everton ដែលមានតម្លៃដល់ទៅ៥០០លានអឺរ៉ូ នៅជាប់មាត់ទឹកBramley Moore Dock ផ្ទាល់តែម្តង ដោយបានធ្វើឲ្យបាត់បង់លក្ខណៈសភាពដើមប្រវតិ្តសាស្រ្ត នៃទីក្រុង Liverpool។
 
លោកស្រី Joanne Anderson ដែលជាអភិបាលក្រុង Liverpool ចាត់ទុកការដកឋានៈនេះថា ជាការសម្រេចចិត្តមួយ ដែលពិតជាពិបាកនឹងយល់បាន។
 
ទីក្រុង Liverpool បានក្លាយជាទីក្រុងទី៣ ដែលត្រូវយូណេស្កូដកហូតឋានៈជាទីក្រុងបេតិកភណ្ឌពិភពលោក បន្ទាប់ពីបានទទួលនាមមួយ នេះអស់រយៈពេល៤៣ឆ្នាំ។ ចំណែកការដកហូត២ទីក្រុងផ្សេងទៀត ធ្វើឡើងនៅឆ្នាំ ២០០៧ ពីដែនជម្រកសត្វព្រៃរបស់អូម៉ង់ និងឆ្នាំ២០០៩ ពីតំបន់ជ្រលងភ្នំអែលបេ នាទីក្រុងត្រែសស្តេនរបស់អាល្លឺម៉ង់។
 
ជុំវិញករណីនេះ អ្នកនយោបាយផ្នែកបាល់ទាត់ ព្រមទាំងសមាជិកបណ្ឌិត្យសភាជាង៣០រូបក្នុងទីក្រុង Liverpool ក៏បានចុះហត្ថលេខា លើលិខិតមួយផ្ញើទៅកាសែត The Time កាលពីខែមិថុនាកន្លងទៅ ដោយបានទទូច UNESCO កុំដកនាមបេតិកភណ្ឌពិភពលោក របស់ទីក្រុងនេះចេញ។ ពួកគេអះអាងថា ការសាងសង់កីឡដ្ឋានរបស់ក្លិប Everton នៅតំបន់ដែលក្រីក្រនេះ អាចជួយនាំមនុស្សរាប់លាននាក់ មកកាន់តំបន់ដែលជាប់មាត់សមុទ្រនេះ ហើយពួកគេអាចសិក្សាពីប្រវត្តិសាស្រ្ត ស្ថាបត្យកម្ម និងតំបន់សមុទ្ររបស់អង់គ្លេសតែម្តង។
 
ទីក្រុង Liverpool ធ្លាប់បានទទួលរង្វាន់ ថាជាទីក្រុងដែលសម្បូរទៅដោយប្រវត្តិសាស្រ្ត និងផ្នែកស្ថាបត្យកម្មដ៏ល្អឯកនៃសំណង់ ហើយត្រូវបានដាក់បញ្ចូលជាទីតាំងប្រវត្តិសាស្រ្ត ដូចទៅនឹងប្រាសាទ Taj Mahal របស់ឥណ្ឌា និងប្រាសាទ Pyramid របស់អេហ្សីប៕
 

© រក្សាសិទ្ធិដោយ thmeythmey.com