ជាតិ
សុខភាព
កូវីដ-១៩ បានឆក់យកជីវិតលោកយាយ ចេញពីលោកតា
22, Jul 2021 , 10:37 am        
រូបភាព
កូវីដ-១៩ បានឆក់យកជីវិតលោកយាយ ទឹម ជន វ័យ៨២ឆ្នាំ ពីលោកតា សាំង ម៉ោញ វ័យ៨៧ឆ្នាំ ដែលជាស្វាមី។ លោកតា សាំង ម៉ោញ កំពុងសម្រាកព្យាបាលជំងឺនេះ នៅមណ្ឌលវិទ្យាល័យសម្ដេច ឪ នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។


 
ប្តីប្រពន្ធវ័យជរាមួយគូនេះ បានសម្រាកព្យាបាលជំងឺកូវីដ-១៩ អស់ជាច្រើនថ្ងៃហើយ មុននឹងលោកយាយចាកចោលលោកតា។ លោក សាំង ធី ដែលជាកូនប្រុសបង្កើតរបស់ដូនចាស់ទាំងពីរនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey យ៉ាងខ្លី តាមទូរសព្ទថា លោកយាយ ទឹម ជន ដែលជាម្តាយខ្លួន បានទទួលមរណភាព កាលពីម៉ោង៤ទៀបភ្លឺ នាថ្ងៃទី២២កក្កដា។ ដោយឡែក ឪពុកខ្លួន កំពុងបន្តសម្រាកព្យាបាលជំងឺកូវីដ-១៩ ដោយពាក់អុកស៊ីសែនជាប់នឹងមុខ។ 
 
បើតាម លោក សាំង ធី ឪពុកម្ដាយខ្លួន បានរកឃើញជំងឺកូវីដ-១៩ ពីថ្ងៃទី១៤កក្កដា ឆ្នាំ២០២១។  លោកតា និងយាយ បានឆ្លងជំងឺកូវីដ-១៩ ពីក្មួយប្រុសរបស់ខ្លួន។


 ក្រុមគ្រូពេទ្យ បានយកសពលោកយាយ ជឹម ជន មកបូជា។ រូបថត៖ មន្ទីរសុខាភិបាលខេត្តបាត់ដំបង
 
កាលពីថ្ងៃទី២០កក្កដា អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបង្ហោះរូបថត២សន្លឹករបស់ប្តីប្រពន្ធមួយគូខាងលើ កំពុងដេកសម្រាកព្យាបាលជំងឺកូវីដ-១៩ ទន្ទឹមគ្នា។ ស្ថិតនៅក្នុងសភាពស្បែកជ្រីវជ្រួញ ប្តីប្រពន្ធវ័យជរាមួយគូនេះ បានផ្ដល់កម្លាំងចិត្តឱ្យគ្នា តាមរយៈការចាប់ដៃគ្នាយ៉ាងណែន ដើម្បីតស៊ូប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ រូបភាពដ៏កម្សត់របស់លោកតាវ័យ៨៧ឆ្នាំ និងលោកយាយវ័យ៨២ឆ្នាំនេះ បានការគាំទ្រ និងលើកចិត្តពីជាច្រើន ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។
 
គិតត្រឹមថ្ងៃទី២០កក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបង រកឃើញអ្នកឃើញកូវីដ-១៩ ចំនួន ២,១៥៨នាក់ ដោយក្នុងនោះ មាន១,២០៣នាក់ បានជាសះស្បើយពីជំងឺនេះ។ ស្លាប់ចំនួន២៣នាក់ ខណៈអ្នកជំងឺកូវីដ-១៩ចំនួន៩៣២នាក់ទៀត កំពុងសម្រាកព្យាបាល៕


 លោកតា សាំង ម៉ោញ វ័យ៨៧ឆ្នាំ ដែលជាស្វាមីរបស់លោកយាយ ទឹម ជន ទទួលបានអំណោយពីសប្បុរសជន

Tag:
 COVID-19
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com