កីឡាអន្តរជាតិ
អន្តរជាតិ
អូស្ត្រាលី ឈ្នះសិទ្ធិធ្វើម្ចាស់ផ្ទះអូឡាំពិកជាលើកទី៣ នៅឆ្នាំ ២០៣២
22, Jul 2021 , 10:57 am        
រូបភាព
ព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកឆ្នាំ២០៣២ នឹងឆ្ពោះទៅកាន់ទីក្រុងប្រ៊ីសបេន ប្រទេសអូស្ត្រាលី។ លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ប្រកាសដូច្នេះនៅថ្ងៃទី២១ ខែកក្កដា នាទីក្រុងតូក្យូ ខណៈអូស្ត្រាលីនឹងរៀបចំកីឡារដូវក្តៅលំដាប់ពិភពលោកជាលើកទី ៣។



នាកិច្ចប្រជុំធំរបស់ IOC លើកទី១៣៨ នៅទីក្រុងតូក្យូ ប្រទេសជប៉ុនជាទីប្រារព្ធធ្វើអូឡាំពិកឆ្នាំ២០២០ លោក Bach បានប្រគល់ជូនសិទ្ធិធ្វើម្ចាស់អូឡាំពិកលើកទី៣៥ ទៅឱ្យក្រុងប្រ៊ីសបេន ប្រទេសអូស្ត្រាលី ដោយប្រជែងឈ្នះអេស្ប៉ាញ និងអាល្លឺម៉ង់។
 
លោក Adrian Schrinner ចៅហ្វាយក្រុងប្រ៊ីសបេន រំភើបសម្រាប់ការផ្តល់ជូននេះ ដោយលើកឡើងថានេះជាកិច្ចខិតខំប្រឹងប្រែងដើម្បីនាំក្រុងដែលលោកគ្រប់គ្រងរយៈពេល៦ឆ្នាំ ក្លាយជាទីក្រុងម្ចាស់ផ្ទះកីឡាលំដាប់ពិភពលោក។


 
លោក Schrinner អះអាងថាការធ្វើជាម្ចាស់ផ្ទះអូឡាំពិក និងប៉ារ៉ាឡាំពិកនឹងផ្តល់ប្រាក់ចំនួន ៨,១ ពាន់លានដុល្លារអាមេរិកសម្រាប់សេដ្ឋកិច្ចតំបន់ឃ្វីនឡែន។ យោងតាមកាសែត The Guardian ការប៉ាន់ស្មានចំណាយលើកការរៀបចំក្រុងប្រ៊ីសបេនសម្រាប់ព្រឹត្តិការណ៍អូឡាំពិកនេះ ប្រហែលអស់ ៥ ពាន់លានដុល្លារអាមេរិក។
 
នេះជាលើកទី៣ហើយដែលអូស្ត្រាលី ឈ្នះសិទ្ធិធ្វើម្ចាស់ផ្ទះកីឡារដូវក្តៅ ខណៈ២លើកកន្លងមកធ្វើនៅឆ្នាំ១៩៥៦ នៅមែលប៊ន និងឆ្នាំ២០០០ នៅស៊ីដនី។
 
អូឡាំពិក និងប៉ារ៉ាឡាំពិកឆ្នាំ២០២៤ ត្រូវធ្វើនៅក្រុងប៉ារីស ប្រទេសបារាំង មុនពេលក្រុង Los Angeles របស់អាមេរិកនឹងរៀបចំនៅឆ្នាំ២០២៨៕ 
 
 

Tag:
 IOC
  Olympic
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com