កីឡាអន្តរជាតិ
អន្តរជាតិ
ព្រះសង្ឃ សាសនិកអ៊ិស្លាម និងសាសនិកគ្រិស្តចំនួន៤៤៥អង្គ/នាក់ បានឆ្លងជំងឺកូវីដ-១៩
22, Jul 2021 , 11:29 am        
រូបភាព
ព្រះសង្ឃមួយអង្គត្រូវបានក្រុមគ្រូពេទ្យយកសំណាកនៅវត្តវារិន្ទព្រែកលៀប រូបភាពពីហ្វេសប៊ុកវត្តវារិន្ទព្រែកលៀប
ព្រះសង្ឃមួយអង្គត្រូវបានក្រុមគ្រូពេទ្យយកសំណាកនៅវត្តវារិន្ទព្រែកលៀប រូបភាពពីហ្វេសប៊ុកវត្តវារិន្ទព្រែកលៀប
ដោយ:
ភ្នំពេញ៖ ព្រះសង្ឃ សាសនិកអ៊ិស្លាម និងសាសនិកគ្រិស្តចំនួន៤៤៥អង្គ និងនាក់ហើយ បានឆ្លងជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី២២ កក្កដានេះ។ ក្នុងនោះមាន១២៤អង្គ និងនាក់បានជាសះស្បើយ ។ នេះបើតាមលោក សេង សុមុនី រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា។

 
ថ្លែងប្រាប់អ្នកសារព័ត៌មានថ្មីៗ លោក សេង សុមុនី បានបញ្ជាក់តួលេខថា ព្រះសង្ឃ២៣៩អង្គ  សាសនិកអ៊ិស្លាម ២០៣នាក់ និងសាសនិកគ្រិស្ត៣នាក់ បានឆ្លងជំងឺកូវីដ-១៩។ ក្នុងចំណោមនេះ មានព្រះសង្ឃ៦៦អង្គ សាសនិកអ៊ិស្លាម៦២នាក់ ជាសះស្បើយ ខណៈព្រះសង្ឃ២អង្គសុគត និងសាសនិកអ៊ិស្លាម៦នាក់ស្លាប់។ 
 
លោក សេង សុមុនី បានបញ្ជាក់ថា ក្រោយពីជំងឺកូវីដ-១៩ឆ្លងរាលដាលចូលវត្តភ្លាម វត្តនីមួយៗក៏បានអនុវត្តវិធានការបិទខ្ទប់ និងធ្វើចត្តាឡីស័កចំពោះព្រះសង្ឃ និងអ្នកពាក់ព័ន្ធដែលប៉ះផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺ។ 
 
រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានបញ្ជាក់ដូច្នេះ៖ «វត្តណាដែលមានផលប៉ះពាល់ដោយសារកូវីដ-១៩ លោកបិទរបង បិទទ្វារ និងបិទកុដិ។ ហើយយើងទុកកុដិណាដែលមិនប៉ះពាល់ គឺទុកឲ្យលោកចរាចរធម្មតា។ បើសិនជាយកចង្ហាន់នៅក្រៅ គឺត្រូវបាញ់អាល់កុល ដើម្បីប្រគេនព្រះសង្ឃយកទៅឆាន់»។  
 
លោករដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានអំពាវនាវដល់វត្តនីមួយៗ អនុវត្ត៣ការពារ និង៣កុំ ដើម្បីជាអាវក្រោះការពារជំងឺកូវីដ-១៩។
 
បើតាមលោក សេង សុមុនី ជំងឺកូវីដ-១៩បានរាលដាលឆ្លងដល់វត្តជាច្រើន ដែលស្ថិតនៅ៧ រាជធានី-ខេត្ត។ នៅរាជធានីភ្នំពេញ មានព្រះសង្ឃ១៣៤អង្គ បានឆ្លងជំងឺកូវីដ-១៩ ជាសះស្បើយ៦៥អង្គ និងសុគត១អង្គ។ កណ្តាលមាន១អង្គ តែជាសះស្បើយហើយ។ កំពតមាន១០អង្គ ដែលកំពុងគង់សម្រាកព្យាបាល។ ត្បូងឃ្មុំមាន៨៨អង្គ ដែលកំពុងគង់សម្រាកព្យាបាល ក្នុងនោះក៏មានតាជី និងដូនជី៤នាក់ដែរ។ ព្រៃវែងមាន៤អង្គ និងសុគត១អង្គ។ ស្វាយរៀង និងកំពង់ចាមមាន១អង្គដូចគ្នា ដែលកំពុងគង់សម្រាកព្យាបាល។ 
 
ចំពោះជំងឺកូវីដ-១៩ក៏បានឆ្លងដល់ សាសនិកអ៊ិស្លាម និងគ្រិស្ត នៅ៨ខេត្ត សរុបចំនួន២០៦នាក់។ ខេត្តកណ្តាលមានសាសនិកអ៊ិស្លាម២៦នាក់ ជាសះស្បើយ១នាក់ និងស្លាប់៣នាក់។ ខេត្តកំពតមានសាសនិកអ៊ិស្លាម២១នាក់ និងសាសនិកគ្រិស្ត៣នាក់។ ខេត្តរតនគិរី មានសាសនិក២នាក់  និងជា១នាក់។ ព្រះវិហារមានសាសនិកអ៊ិស្លាម១២នាក់ ជា៤នាក់ និងស្លាប់១នាក់។ 
 
រីខេត្តកោះកុងមានសាសនិកអ៊ិស្លាម៥៣នាក់ ជា៣០នាក់ និងស្លាប់១នាក់។ មណ្ឌលគីរីមានសាសនិកអ៊ិស្លាម១៧នាក់។ ត្បូងឃុំមានសាសនិកអ៊ិស្លាម៧០នាក់ ជា៥នាក់ និងស្លាប់១នាក់។ ចំណែកកំពង់ចាមមានសាសនិកអ៊ិស្លាម២នាក់ ដែលកំពុងសម្រាកព្យាបាល។
 
មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៦៩,៦០៨នាក់ ក្នុងនោះ៧,២២៤នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន ៦១,៧៧៩ នាក់ និងស្លាប់សរុប១,១៦៨នាក់៕ 
 
 

Tag:
 សាសនា
 ព្រះសង្ឃ
  អ៊ិស្លាម
  គ្រិស្ត
  ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com