ជាតិ
សុខភាព
វ៉ាក់សាំង១លានដូសទៀតបានមកដល់ ដែលធ្វើឱ្យកម្ពុជា មានវ៉ាក់សាំងសរុបជាង ១៧លាន ដូស
22, Jul 2021 , 11:25 am        
រូបភាព
វ៉ាក់សាំងរបស់ស៊ីណូហ្វាមចំនួន១លានដូស បានដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២២កក្កដា ឆ្នាំ២០២១។​
វ៉ាក់សាំងរបស់ស៊ីណូហ្វាមចំនួន១លានដូស បានដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២២កក្កដា ឆ្នាំ២០២១។​
ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម ចំនួន១លានដូសទៀត ដែលកម្ពុជាបញ្ជាទិញនោះ បានមកដល់ហើយ នាព្រឹកថ្ងៃទី២២កក្កដានេះ។ ទន្ទឹមនឹងការទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ជាបន្តបន្ទាប់  កម្ពុជា ក៏សម្រុកចាក់វ៉ាក់សាំងបង្ការជំងឺនេះ ដល់ពលរដ្ឋសម្រេចបានជាង៦លាននាក់ផងដែរ។

 
ការទទួលបាននូវវ៉ាក់សាំងស៊ីណូហ្វាម ១លានដូសទៀតនេះ បានធ្វើឱ្យកម្ពុជា មានវ៉ាក់សាំងបង្ការកូវីដ-១៩ សរុប ១៧,០២៤,០០០ដូស សម្រាប់ផ្តល់ឱ្យប្រជាពលរដ្ឋ។ ក្នុងនោះ វ៉ាក់សាំងរបស់ស៊ីណូហ្វាម មាន៦,២លានដូស  វ៉ាក់ស៊ីរបស់ស៊ីណូវ៉ាក់មាន ១០,៥លានដូស និងវ៉ាក់សាំងCoviShield របស់ក្រុមហ៊ុន AstraZeneca មានចំនួន ៣២៤,០០០ដូស។
 
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីទទួលវ៉ាក់សាំងរបស់ក្រុមហ៊ុនស៊ីណូហ្វាមនោះថា វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ចំនួន៣៣២,០០០ដូស ក្នុងចំណោមជំនួយ១លានដូស របស់ជប៉ុននឹងមកកម្ពុជា នាថ្ងៃទី២៣កក្កដា។ សម្រាប់ខែសីហា  តាមការគ្រោង កម្ពុជា នឹងទទួលបានវ៉ាក់សាំង៤លានដូសទៀត ពីប្រទេសចិន។ 
 
គិតត្រឹមថ្ងៃទី២១កក្កដា កម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋដែលមានដែលអាយុចាប់ពី១៨ឆ្នាំឡើង សរុប៦,៣៣៤,៣៧៨លាននាក់។ ចំនួននេះ គឺស្មើនឹងអត្រា៦៣,៣៤ភាគរយ នៃផែនការរបស់រដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំងឱ្យពលរដ្ឋបាន១០លាននាក់ ដែលគ្រោងសម្រេចនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១៕ 
 








Tag:
 Sinopharm
© រក្សាសិទ្ធិដោយ thmeythmey.com