អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃ បញ្ជាឱ្យសិក្សាបន្ថែមពីស្មៅប្រម៉ាត់មនុស្សដែលអាចព្យាបាលកូវីដ-១៩ កម្រិតស្រាល
22, Jul 2021 , 11:59 am        
រូបភាព
នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា។ រូបភាព៖ បាងកកប៉ុស្តិ៍
នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា។ រូបភាព៖ បាងកកប៉ុស្តិ៍
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចន្ទអូចា បានប្រាប់ឱ្យមន្រ្តីខ្លួនបង្កើតគណៈកម្មាធិការមួយ ដើម្បីសិក្សាការចម្រាញ់សារធាតុដែលមាននៅក្នុងស្មៅប្រម៉ាត់មនុស្ស (Andrographis paniculata)។ សារធាតុទាំងនោះ ទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលចេញរោគសញ្ញាកម្រិតស្រាល។

 
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី២០ ខែកក្កដា ដែលជជែកពីវិធានការបន្ថែម ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ លោកប្រាយុទ្ធ ចន្ទអូចា ប្រមុខរដ្ឋាភិបាលថៃ បានប្រកាសពីការរៀបចំគណៈកម្មាធិការមួយ ដើម្បីសម្របសម្រួលការសិក្សាលើសុវត្ថិភាព និងប្រសិទ្ធភាពរបស់សារធាតុស្មៅប្រមាត់មនុស្ស សម្រាប់អ្នកជំងឺកូវីដ-១៩។ លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីសុខាភិបាល  Anutin Charnvirakul ត្រូវបានតែងតាំងជាប្រធាននៃគណៈកម្មាធិការខាងលើ។ 
 
ម្យ៉ាងការជំរុញរបស់នាយករដ្ឋមន្រ្តីឱ្យសិក្សាបន្ថែមលើរុក្ខជាតិមួយនេះ ធ្វើឡើងក្នុងគោលបំណងធ្វើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តមួយ ដើម្បីលើកកម្ពស់ថ្នាំបុរាណថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
ការសម្រេចរបស់លោកប្រាយុទ្ធ ធ្វើឡើងបន្ទាប់ពីសំណើរបស់រដ្ឋមន្រ្តីយុត្តិធម៌ លោក Somsak Thepsutin ដែលទទូចឱ្យរដ្ឋាភិបាលបង្កើនការប្រើប្រាស់ថ្នាំបុរាណលើអ្នកជំងឺកូវីដ-១៩ ដែលចេញរោគសញ្ញាកម្រិតស្រាល។ សំណើរបស់លោករដ្ឋមន្រ្តីយុត្តិធម៌ ធ្វើឡើងស្របពេលនាយកដ្ឋានកែប្រែថៃ បានទទួលជោគជ័យ ក្នុងការព្យាបាលអ្នកជាប់ពន្ធនាគារ ១២៣៧៦នាក់ ដែលបានឆ្លងជំងឺកូវីដ-១៩ និងចេញរោគសញ្ញាកម្រិតស្រាល។ 
 
តាមការអះអាងរបស់លោករដ្ឋមន្រ្តីយុត្តិធម៌ ស្មៅប្រមាត់មនុស្ស ជាថ្នាំបុរាណ ដែលផ្តល់ប្រយោជន៍ច្រើន និងមានតម្រូវការខ្ពស់ ក្នុងការនាំចេញទៅបរទេស។ ស្មៅប្រភេទនេះ ក្នុងមួយគីឡូក្រាម មានតម្លៃជាង ១៣ដុល្លារ (៤៥០បាត)។ 
 
ពេលនេះ នាយកដ្ឋានកែប្រែ គ្រោងផលិតថ្នាំ ដែលយកចេញពីសារធាតុនៅក្នុងស្មៅប្រមាត់មនុស្សចំនួន៥០លានគ្រាប់ក្នុងរយៈពេល៤ខែ ក្នុងគោលបំណងផ្តល់ឱ្យអ្នកជាប់ពន្ធនាគារចំនួន៥០ភាគរយ នៃចំនួនអ្នកទោសសរុប។ 
 
សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ ករណីឆ្លងជំងឺកូវីដ-១៩ នៅថៃ កំពុងហក់ឡើងយ៉ាងខ្លាំង។ នៅថ្ងៃទី២២ ខែកក្កដា ថៃបានរាយការណ៍ករណីឆ្លងចំនួន ១៣៦៥៥ករណី និងអ្នកស្លាប់មានចំនួន ៨៧នាក់។ ករណីឆ្លងសរុបបានហក់ឡើងដល់ ៤៥៣១៣២ករណី និងអ្នកស្លាប់មានចំនួន ៣៦៩៧នាក់។ 
 
ស្របពេលករណីឆ្លងកំពុងហក់ឡើង ការផ្គត់ផ្គង់វ៉ាក់សាំងនៅក្នុងប្រទេស គឺមានសភាពយឺត ដែលធ្វើឱ្យប្រជាជនរិះគន់យ៉ាងខ្លាំង។ ទាក់ទិននឹងបញ្ហានេះ វិទ្យាស្ថានវ៉ាក់សាំងជាតិ បានចេញមុខសុំទោស ដែលកម្មវិធីផ្តល់វ៉ាក់សាំងមានសភាពយឺតយ៉ាវ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com