អន្តរជាតិ
តុលាការកំពូលហ្វីលីពីន៖ ICC នៅតែអាចកាត់ទោសមន្រ្តីរដ្ឋាភិបាលបាន
22, Jul 2021 , 2:29 pm        
រូបភាព
លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ។ រូបភាព៖ AP
លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ។ រូបភាព៖ AP
តុលាការកំពូលហ្វីលីពីន បានសម្រេចថា តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) អាចកាត់ទោស មន្រ្តីរដ្ឋាភិបាលពីបទឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តមុនពេលហ្វីលីពីនដកខ្លួនចេញពីតុលាការអន្តរជាតិមួយនេះ។ ការសម្រេចបែបនេះ ផ្ទុយទៅនឹងការអះអាងរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ដែលយល់ថា តុលាការ ICC គ្មានយុត្តាធិការមកលើហ្វីលីពីន ព្រោះហ្វីលីពីនបានដកខ្លួនចេញរួចហើយ។


ក្នុងសេចក្តីសម្រេចមួយដែលធ្វើឡើងកាលពីខែមីនា តែទើបចេញផ្សាយជាសាធារណៈ នៅថ្ងៃទី២១ ខែកក្កដា តុលាការកំពូលហ្វីលីពីន បានលើកឡើងថា ICC នៅតែមានយុត្តិការកាត់ទោសមន្រ្តីរដ្ឋាភិបាលហ្វីលីពីនចំពោះបទឧក្រិដ្ឋកើតមុនឆ្នាំ២០១៩។ 
 
«បើទោះហ្វីលីពីនបានដាក់លិខិតូបករណ៍ដកខ្លួនចេញក៏ដោយ ហ្វីលីពីន មិនអាចគេចពីនីតិវិធីព្រហ្មទណ្ឌបានឡើយ»។ អង្គចៅក្រមដែលសមាជិកចំនួន១៥រូប នៃតុលាការកំពូលហ្វីលីពីន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា នីតិវិធី ដែលផ្តើមមុនពេលសមាជិកតុលាការ ICC ដកខ្លួនចេញ អាចចាប់បង្ខំឱ្យរដ្ឋទាំងនោះសហការជាមួយបាន។ 
 
សេចក្តីសម្រេចដដែលនេះ បានបន្តថា តុលាការព្រហ្មទណ្ឌអន្តរជាតិ នៅតែមានយុត្តាធិការ គ្រប់បទឧក្រិដ្ឋទាំងអស់ ដែលប្រព្រឹត្តដោយសមាជិករដ្ឋាភិបាលហ្វីលីពីនរហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។ បានន័យថា តុលាការ ICC អាចកាត់ទោសអ្នកប្រព្រឹត្តបទល្មើសមុនខែមីនា ឆ្នាំ២០១៩នោះ។ 
 
ការចេញផ្សាយសេចក្តីសម្រេចរបស់តុលាការកំពូល ធ្វើឡើងបន្ទាប់ពី ICC នៅខែមិថុនាកន្លងមក បានស្វះស្វែងរកការស៊ើបអង្កេតពេញលេញមួយ ទាក់ទិននឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងពេលរដ្ឋាភិបាលហ្វីលីពីនបើកយុទ្ធនាការ សង្រ្គាមប្រឆាំងនឹងគ្រឿងញៀនពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩។ 
 
យ៉ាងណាមិញ រដ្ឋាភិបាលហ្វីលីពីន បានបដិសេធ មិនសហការជាមួយតុលាការ ICC ឡើយ ដោយចាត់ទុកជារឿងមិនត្រឹមត្រូវ។ ហ្វីលីពីន ក៏ដកសមាជិកភាពពី ICC នៅក្នុងឆ្នាំ២០១៩ បន្ទាប់ពីតុលាការអន្តរជាតិមួយនេះ បានបើកការស៊ើបអង្កេតបឋមមួយនៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់ហ្វីលីពីន។ 
 
កន្លងមក ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានច្រានចោលម្តងហើយម្តងទៀតថា ICC គ្មានអំណាច ក្នុងការស៊ើបអង្កេតលើរូបលោកឡើយ ហើយហ្វីលីពីន ក៏មិនសហការជាមួយការស៊ើបអង្កេតខុសច្បាប់នោះដែរ៕
 

Tag:
 ហ្វីលីពីន
  ICC
© រក្សាសិទ្ធិដោយ thmeythmey.com