កីឡាអន្តរជាតិ
អន្តរជាតិ
លោកតាអាយុ១០០ឆ្នាំម្នាក់ កត់ត្រារាល់គ្រាប់បាល់របស់ Messi
22, Jul 2021 , 3:55 pm        
រូបភាព
លោកតា Hernán Mastrángelo អាយុ ១០០ ឆ្នាំ បានកត់ត្រាលើក្រដាសសៀវភៅ នៅរាល់ការស៊ុតបញ្ចូលទីរបស់តារាឆ្នើម Lionel Messi។ លោកតា Mastrángelo និយាយថា ដោយសារក្តីស្រឡាញ់ និងគាំទ្រ Messi ទើបលោកធ្វើដូច្នេះរាប់ឆ្នាំមកហើយ គឺស្ទើរតែគ្រប់គ្រាប់បាល់ទាំងអស់។


លោកតា Mastrángelo អ្នកផលិតសូកូឡា ដែលរស់នៅក្នុងក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន មានចំណង់ចំណូលចិត្តផ្នែកកីឡាបាល់ទាត់ និងតែងតែតាមដានការប្រកួតរបស់ Messi។ លោតា ថែមទាំងកត់ត្រារាល់ការស៊ុតបញ្ចូលទី របស់ខ្សែប្រយុទ្ធក្រុម Barcelona ទាំងការប្រកួតរបស់ក្លិប និងជម្រើសជាតិ។
 
កំណត់ត្រារបស់លោកតា ត្រូវបានចៅប្រុសថតបង្ហោះលើបណ្តាញសង្គម ដោយទទួលបានការភ្ញាក់ផ្អើល ពីអ្នកប្រើបណ្តាញសង្គមផ្សេងទៀត រួមទាំង Messi ផ្ទាល់តែម្តង។ ថ្មីៗនេះ ក្រោយឈ្នះពានរង្វាន់ Copa America ជាមួយអាហ្សង់ទីនជាលើកដំបូង Messi បានថត និងផ្ញើសារជាវីដេអូ អរគុណដល់លោកតា Mastrángelo ទៀតផង។


 
លោកតា Mastrángelo សញ្ជាតិអាហ្សង់ទីនរូបនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «ខ្ញុំស្រង់ទិន្នន័យគ្រាប់បាល់ទាំងអស់ ដែល Messi សម្រេចបាន។ ខ្ញុំតែងតែតាមដានគាត់ជានិច្ច។ ខ្ញុំតែងតែតាមដានការប្រកួត ប៉ុន្តែប្រសិនបើខ្ញុំមិនមានពេលវេលាមើលទេ ចៅប្រុសរបស់ខ្ញុំ នឹងរាយការណ៍ប្រាប់ខ្ញុំ នៅក្រោយបញ្ចប់ការប្រកួត»។
 
លោកតាវ័យ១០០ឆ្នាំ ត្រូវបានគេដឹងថា មិនចូលចិត្តប្រើទូរសព្ទដៃ ឬកុំព្យូទ័រនោះទេ។ ដូច្នេះលោកកត់ត្រានៅលើសន្លឹកក្រដាស ដោយសសរសេរឈ្មោះក្រុមគូប្រជែង កាលបរិច្ឆេទ និងចំនួនគ្រាប់បាល់ ដោយមានកែវពង្រីកជាជំនួយ។ មកទល់ពេលនេះ លោកតាកត់ត្រាចំនួនគ្រាប់បាល់របស់ Messi ដល់ទៅជាង ៧០០គ្រាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
 
ក្រោយព័ត៌មាននេះ ដឹងទៅដល់ Messi នៅចំរូបគេឈ្នះ Copa América នោះ ចៅប្រុសរបស់ Mastrángelo បានទទួលការហៅពីសាច់ញាតិរបស់រាតាឆ្នើមវ័យ៣៤ឆ្នាំ ដើម្បីអរគុណតាមរយៈវីដេអូ។
 
Messi បាននិយាយទៅកាន់ Mastrángelo ថា៖ «សួស្តី Hernán ខ្ញុំបានដឹងរឿងនេះ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់។ សូម្បីតែខ្ញុំ មិនដែលកត់ត្រាគ្រាប់ស៊ុតរបស់ខ្លួនឯងផង។ ខ្ញុំសូមអរគុណលោកខ្លាំងណាស់ សម្រាប់អ្វីដែលលោកបានធ្វើ»។
 
លោកតា Mastrángelo មានការភ្ញាក់ផ្អើល និងរំជួលចិត្តជាខ្លាំង នៅពេលលោកបានទទួលសារ Messi ដែលលោកគាំទ្រពេញបេះដូង៕
 


Tag:
 Hernán Mastrángelo
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com