ជាតិ
សង្គមជាតិ
ក្រសួងប្រៃសណីយ៍ ពិនិត្យឃើញក្រុមហ៊ុនស្មាត អនុវត្តនីតិវិធីខុស ចំពោះអតិថិជន
22, Jul 2021 , 4:29 pm        
រូបភាព
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ដោយ:
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរកឃើញក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី បានកាត់ផ្តាច់លេខទូរសព្ទអតិថិជនដែលកំពុងប្រើ ហើយលក់ឲ្យអតិថិជនថ្មី ដោយគ្មានការយល់ព្រមពីម្ចាស់ដើម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី២២ ខែកក្កដា។ 

 
ក្រសួងប្រៃសណីយ៍ចាត់ទុកទង្វើនេះមិនត្រឹមត្រូវ និងរំលោភលើទំនុកចិត្តដល់អតិថិជន។ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ដល់អ្នកប្រើប្រាស់សេវាទូរសព្ទចល័ត ក្រសួងស្នើឲ្យក្រុមហ៊ុន Smart ត្រូវចេញមុខសុំទោសជាសាធារណៈ ដោយត្រូវចុះផ្សាយក្នុងគេហទំព័រផ្លូវការខ្លួន ជាមួយនឹងការសន្យាបញ្ឈប់ករណីនេះ ដោយមិនឲ្យកើតមានសាជាថ្មីឡើយ។
 
លើសពីនេះ ក្រសួងប្រៃសណីយ៍ ប្រាប់ឲ្យក្រុមហ៊ុនផ្តល់សំណងនៃការខូចខាត ដល់ម្ចាស់លេខទូរសព្ទដើម ចំពោះការកាត់ផ្តាច់លេខទូរសព្ទ ដោយគ្មានហេតុផលច្បាស់លាស់នេះ។  ក្រៅពីករណីក្រុមហ៊ុនស្មាតនេះ ក្រសួងក៏នឹងបន្តតាមដាន ហើយចាត់វិធានការយ៉ាងតឹងរ៉ឹង ចំពោះក្រុមហ៊ុនទូរសព្ទណា ដែលប្រព្រឹត្តខុស។ 
 
ក្រសួងប្រៃសណីយ៍ បានក្រើនរំលឹកដល់ក្រុមហ៊ុនសេវាទូរសព្ទចល័តទាំងអស់ ត្រួវពង្រឹងការគ្រប់គ្រង និងដំណើការនីតិវិធីចែកចាយ និងលក់ស៊ីមកាតទូរសព្ទចល័តឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងមានករណីបែបនេះទៀត។ 
 
សារព័ត៌មានថ្មីៗ បានទាក់ទងទៅក្រុមហ៊ុនSmart ដែរ ប៉ុន្តែភាគីក្រុមហ៊ុន សុំមិនបកស្រាយអ្វីឡើយ៕  
 
 

Tag:
 លេខទូរសព្ទ
 ទូរគមនាគមន៍
© រក្សាសិទ្ធិដោយ thmeythmey.com