អន្តរជាតិ
ចិន ច្រានចោលផែនការស៊ើបអង្កេតប្រភពជំងឺកូវីដ-១៩ ដំណាក់កាលទី២ របស់ WHO
22, Jul 2021 , 8:29 pm        
រូបភាព
លោក ចឹង អ៊ីស៊ីន អនុរដ្ឋមន្រ្តីនៃគណៈកម្មការសុខាភិបាលចិននាសន្និសីទសារព័ត៌មានថ្ងៃទី២២ ខែកក្កដា។ រូបថត Xinhua
លោក ចឹង អ៊ីស៊ីន អនុរដ្ឋមន្រ្តីនៃគណៈកម្មការសុខាភិបាលចិននាសន្និសីទសារព័ត៌មានថ្ងៃទី២២ ខែកក្កដា។ រូបថត Xinhua
ចិន នៅថ្ងៃទី២២ ខែកក្កដា បានប្រកាសទាត់ចោលផែនការស៊ើបអង្កេតរកប្រភពជំងឺកូវីដ-១៩ ដំណាក់កាលទី២ របស់អង្គការសុខភាពពិភពលោក (WHO) ។ មន្រ្តីជាន់ខ្ពស់សុខាភិបាលចិនអះអាងថា ផែនការរបស់ដែលស្នើដោយ WHO មិនសមហេតុផល និងមិនស្របតាមវិទ្យាសាស្រ្ត។ លើសពីនោះ ចិនក៏ចង់ឱ្យការស៊ើបអង្កេតធ្វើនៅប្រទេសឯទៀតផងដែរ ដោយមិនគួរផ្ដោតលើចិនតែមួយឡើយ។

 
ផែនការស៊ើបអង្កេតរកប្រភពដើមជំងឺកូវីដ-១៩ នៅចិនដំណាក់កាលទី២ ដែលស្នើដោយអង្គការសុខភាពពិភពលោក ត្រូវបានទីក្រុងប៉េកាំងជំទាស់ដាច់ខាត។ WHO បានដាក់ចេញផែនការរបស់ខ្លួនក្នុងខែកក្កដានេះ ដោយរួមមានការចុះធ្វើអធិការកិច្ចមន្ទីរពិសោធន៍ និងផ្សារនៅទីក្រុងវូហានដែលជាទីតាំងផ្ទុះជំងឺនេះមុនគេនៅចុងឆ្នាំ២០១៩ ។ ក្នុងផែនការនេះ WHO ក៏បញ្ចូលសម្មតិកម្មដែលវីរុសអាចធ្លាយចេញពីមន្ទីរពិសោធន៍ទៀតផង ដែលកន្លងមកជាចំណុចប្រទាំងប្រទើសមួយ។
 
«យើងមិនទទួលយកផែនការរកប្រភពដើមបែបនេះឡើយ ដោយក្នុងចំណុចខ្លះ មិនសមហេតុផល និងប្រាសចាកពីវិទ្យាសាស្រ្ត។» លោក ចឹង អ៊ីស៊ីន អនុរដ្ឋមន្ត្រីនៃគណៈកម្មការសុខាភិបាលចិននិយាយបែបនេះក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២២ ខែកក្កដា។ លោក ចឹង អះអាងថា រឹតតែហួសចិត្តពេលបានអានផែនការដំបូង ព្រោះបានបញ្ចូលសម្មតិកម្មដែលការបំពាននីតិវិធីមន្ទីរពិសោធន៍នៅចិន ជាហេតុនាំឱ្យបែកធ្លាយវីរុសទៅខាងក្រៅ។
 
មន្ត្រីជាន់ខ្ពស់ចិនដដែល ក៏ស្នើឱ្យ WHO គិតគូរសំណើរបស់អ្នកជំនាញចិន និងចាត់ទុកការស៊ើបអង្កេតរកប្រភពជំងឺកូវីដ-១៩ ជារឿងវិទ្យាសាស្រ្ត មិនមែនធ្វើឡើងតាមរឿងនយោបាយឡើយ។ លោក ចឹង សង្កត់ធ្ងន់ថា ចិនប្រឆាំងការយករឿងនេះធ្វើជានយោបាយ។
 
ក្នុងការស៊ើបអង្កេតដំណាក់កាលដំបូង អ្នកជំនាញចិន និង WHO យល់ស្របគ្នាថា វីរុសបង្កជំងឺកូវីដ- ១៩ ឆ្លងពីសត្វមកមនុស្សតាមរយៈសត្វដែលដើរតួជាអន្តរការីមួយទៀត ប៉ុន្តែគេមិនអាចកំណត់អន្តរការីបានឡើយ បើទោះជាមតិជាច្រើនគិតថា ជាសត្វប្រចៀវក្ដី។ ចំណែកលទ្ធភាពដែលវីរុសបែកធ្លាយពីមន្ទីរពិសោធន៍ ស្ថិតក្នុង «សេណារីយោទំនងជាមិនអាច» តែសេណារីយោនេះ ក៏មិនត្រូវបានបដិសេធទាំងស្រុងដែរ។
 
ក្នុងសន្និសីទដដែល លោក លាំង វ៉ាន់នៀន ដែលជាមេក្រុមអ្នកជំនាញចិនធ្វើការជាមួយ WHO បន្តរំឭកពីសេណារីយោបែកធ្លាយពីមន្ទីរពិសោធន៍ និងថា មិនគួរចំណាយពេល និងការប្រឹងប្រែងលើការស៊ើបអង្កេតសេណារីយោនេះទៀតឡើយ។
 
ទោះជាយ៉ាងណា លោក លាំង សង្កត់ធ្ងន់ថា សេណារីយូបែបនេះ ក៏មិនគួរបោះបង់ទាំងស្រុងដែរ តែប្រទេសនានាក៏ត្រូវបើកមន្ទីរពិសោធន៍របស់ខ្លួនសម្រាប់ការស៊ើបអង្កេតដូចគ្នា ប្រសិនមានព័ស្តុតាងបញ្ជាក់នោះ។ ត្រង់នេះ កន្លងមក ចិននិយាយជារឿយៗពីបន្ទាយ Fort Detrick របស់អាមេរិក ដែលជាមជ្ឈមណ្ឌលពិសោធន៍ដ៏ធំរបស់យោធាអាមេរិក។ 
 
 
 
 
 
  
 

Tag:
 ចិន
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com