ជាតិ
សង្គមជាតិ
ក្រសួងប្រៃសណីយ៍ នឹងចាត់វិធានការអ្នកទិញឧបករណ៍តេស្តរហ័សកូវីដ-១៩ហើយ យកលក់បន្ត
22, Jul 2021 , 9:59 pm        
រូបភាព
រូបភាពពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
រូបភាពពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ដោយ:
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះទៅរឹបអូសឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ចំនួន៤២៥០គ្រឿង ដែលស្ថិតនៅទីតាំងចំនួន៥ ពីជនឆ្លៀតឱកាសទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ពីក្រសួង ហើយបន្តលក់ឲ្យពលរដ្ឋក្នុងតម្លៃណាមួយ។

 
 
ក្រសួងប្រៃសណីយ៍ បានអះអាងថា ក្រសួងលក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ជូនទៅតែម្ចាស់ក្រុមហ៊ុន និងស្ថាប័នណា ដែលមានគោលបំណងយកទៅប្រើប្រាស់ក្នុងក្រុមហ៊ុន និងស្ថាប័នរបស់ខ្លួនប៉ុណ្ណោះ។ ក្រសួង ហាមដាច់ខាតម្ចាស់ក្រុមហ៊ុន និងស្ថាប័នទិញ ហើយបន្តលក់វិញ។ 
 
«ការទិញឧបករណ៍តេស្តពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ទៅធ្វើអាជីវកម្មបន្តនេះ ពុំបានផ្តល់ផលប្រយោជន៍អ្វីដល់ពលរដ្ឋឡើយ។ ប៉ុន្តែបែរជានាំឲ្យពលរដ្ឋខាត់បង់ថវិកា ស្របពេលដែលកំពុងជួបការលំបាកពីជំងឺកូវីដ-១៩»។ នេះជាការបញ្ជាក់របស់ក្រសួងប្រៃសណីយ៍ដែលណែនាំដល់ជនឆ្លៀតឱកាសបញ្ឈប់សកម្មភាពនេះ បើមិនចង់ឲ្យក្រសួងចាត់វិធានការទាន់ពេល។ 
 
ក្រសួងប្រៃសណីយ៍ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស៊ើបអង្កេតកំណត់មុខសញ្ញាជនឆ្លៀតឱកាសទាំងនោះ និងចាត់វិធានការលើពួកគេ ។ 
 
ក្នុងករណីពលរដ្ឋឃើញមានសកម្មភាពនេះនៅតែបន្ត សូមរាយការណ៍មកក្រសួង ដើម្បីទប់ស្កាត់ និងចាត់វិធានការបានទាន់ពេលវេលា៕ (លេខទូរសព្ទ ០១៧ ៨៤៨ ១០៨/ ០៦៧ ៨១៨ ៧៨២/០៧៧ ៨៦៧ ៩៥៧)
 
 

Tag:
 ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com