កីឡាអន្តរជាតិ
អន្តរជាតិ
បាល់ទាត់អូឡាំពិក៖ ប្រេស៊ីលឈ្នះអាល្លឺម៉ង់ បារាំង កូរ៉េខាងត្បូង និងអាហ្សង់ទីន ខកចិត្ត
23, Jul 2021 , 8:29 am        
រូបភាព
Richarlison រកបាន៣គ្រាប់ក្នុងជ័យជម្នះ ៤-២ របស់ប្រេស៊ីលលើអាល្លឺម៉ង់។ រូបថត Getty Images
Richarlison រកបាន៣គ្រាប់ក្នុងជ័យជម្នះ ៤-២ របស់ប្រេស៊ីលលើអាល្លឺម៉ង់។ រូបថត Getty Images
ដោយ: រួបរួម
ការប្រកួតកីឡាបាល់ទាត់ផ្នែកបុរសនៃព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ បានចាប់ផ្តើមជំនួបដំបូងក្នុងពូលរៀងៗខ្លួន កាលពីថ្ងៃទី២២ ខែកក្កដា។

 
ក្នុងពូល A ម៉ិកស៊ិក និងម្ចាស់ផ្ទះជប៉ុន បាន៣ពិន្ទុរៀងៗខ្លួន។ ម៉ិកស៊ិកបានយកឈ្នះបារាំងក្នុងលទ្ធផលដល់ទៅ ៤-១។ គ្រាប់បាល់ម៉ិកស៊ិកសម្រេចបានដោយ Ernesto Vega, Francisco Cordova, Carlos Antuna និង Eduardo Aguirre ខណៈ១គ្រាប់របស់បារាំងជាការទាត់ប៉េណាល់ទីរបស់ Andre-Pierre Gignac។ ម្ចាស់ផ្ទះជប៉ុន ឈ្នះអាហ្វ្រិកខាងត្បូង ១-០ ដែលជាការស៊ុតបាល់បញ្ចូលទីរបស់ Takefusa Kubo នៅនាទី៧១។
 
 
Takefusa Kubo រកគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមម្ចាស់ផ្ទះជប៉ុន លើអាហ្វ្រិកខាងត្បូង។ រូបថត Getty Images

នៅពូល B កីឡាករ Chris Wood ជួយឲ្យនូវែលសេឡង់ ឈ្នះកូរ៉េខាងត្បូង ១-០ ចំណែកឯ រូម៉ានី ឈ្នះហុងឌូរ៉ាស់ ក្នុងលទ្ធផល ១-០ ដូចគ្នា ជាដែលគ្រាប់បាល់ចូលទីខ្លួនឯងរបស់ខ្សែការពារហុងឌូរ៉ាស់ Elvin Oliva នៅជិតបញ្ចប់តង់ទីមួយ។
 
សម្រាប់ពូល C អូស្ត្រាលី ឡើងទៅឈរកំពូលតារាងបណ្តោះអាសន្ន ក្រោយជ័យជម្នះ ២-០ ដ៏អស្ចារ្យលើអាហ្សង់ទីនដែល Franciso Ortega ត្រូវបានបណ្តេញចេញនៅចុងតង់ទីមួយ។ ២គ្រាប់របស់អូស្ត្រាលី រកបានដោយ Lachlan Wales និង Marco Tilio ដោយសារការបញ្ជូនរបស់ Mitcheel Duke ទាំងពីរគ្រាប់។ មួយគូទៀត អេស្ប៉ាញ និងអេហ្ស៊ីប បញ្ចប់ការប្រកួតដោយគ្មានការស៊ុតបាល់បញ្ចូលទី។
 
 
អូស្ត្រាលី ឈ្នះអាហ្សង់ទីន ២-០។ រូបថត Getty Images

ពូល D ឯណោះវិញ ម្ចាស់ការពារតំណែងជើងឯកប្រេស៊ីល បើកឆាកជាមួយនឹងជ័យជម្នះ ៤-២ លើជើងឯករងអាល្លឺម៉ង់។ Richarlison សម្រេចបាន៣គ្រាប់នៅតង់ទីមួយសម្រាប់ប្រេស៊ីល ហើយ Paulinho បន្ថែម១គ្រាប់ទៀត។ ចំណែក២គ្រាប់របស់អាល្លឺម៉ង់រកបានដោយ Nadiem Amiri និង Ragnar Ache។ ក្នុងការប្រកួតនេះ ខ្សែបម្រើអាល្លឺម៉ង់ Maximilian Arnold ត្រូវបានបណ្តេញចេញនៅនាទី៦៣។
 
កូតឌីវ័រ ក៏បានយកឈ្នះ អារ៉ាប៊ីសាអូឌីត ២-១ ផងដែរ ដោយគ្រាប់បាល់ដំបូងជាគ្រាប់ Own Goal របស់ខ្សែការពារអារ៉ាប៊ីសាអូឌីត Abdulelah Al Amri និងគ្រាប់ទីពីរសម្រេចបានដោយ Franck Kessie។ ១គ្រាប់របស់អារ៉ាប៊ីសាអូឌីត ជាការស៊ុតរបស់ Salem Al-Dawsari។ ក្នុងការប្រកួតនេះ កូតឌីវ័រ បានបាត់បង់សមាជិកម្នាក់នៅនាទី៩០+៧ ដោយ Aboubacar Doumbia ទទួលបានកាតក្រហម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com