អន្តរជាតិ
អាមេរិកផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩​ ឱ្យវៀតណាម៣លានដូសទៀត
23, Jul 2021 , 11:13 am        
រូបភាព
វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ដែលអាមេរិកផ្ដល់ឱ្យវៀតណាមតាមយន្តការ COVAX កាលពីថ្ងៃទី១០ ខែកក្កដា។ រូបថតពីស្ថានទូតអាមេរិកប្រចាំទីក្រុងហាណូយ
វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ដែលអាមេរិកផ្ដល់ឱ្យវៀតណាមតាមយន្តការ COVAX កាលពីថ្ងៃទី១០ ខែកក្កដា។ រូបថតពីស្ថានទូតអាមេរិកប្រចាំទីក្រុងហាណូយ
ដោយ៖ ឈួ ស៊ាវយីងជាវ

នៅថ្ងៃទី២២ ខែកក្កដា រដ្ឋាភិបាលអាមេរិកប្រកាសបញ្ជូននវ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុន Moderna ចំនួន៣លានដូសបន្ថែមទៀតឱ្យវៀតណាម។ ជំនួយវ៉ាក់សាំងដែលផ្ដល់តាមយន្តការ COVAX ធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានទទួលវ៉ាក់សាំងអាមេរិកសរុប៥លានដូស។ វ៉ាក់សាំង៣លានដូសនេះ នឹងទៅដល់វៀតណាមចុងសប្ដាហ៍នេះ។​


វៀតណាម នឹងទទួលបានវ៉ាក់សាំងពីអាមេរិកចំនួន៣លានដូសទៀត ដែលជាការផ្ដល់ជំនួយលើកទី២ សម្រាប់ប្រទេសអាស៊ានមួយនេះ។ ជំនួយវ៉ាក់សាំងលើកទី២ នេះ នឹងជួយវៀតណាមដែលកំពុងប្រយុទ្ធប្រឆាំងនឹងសន្ទុះរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩។ ​វ៉ាក់សាំងដែលផ្តល់ដោយអាមេរិក ជាផ្នែកមួយពីការសន្យារបស់លោកប្រធានាធិបតីអាមេរិក ចូបៃ ដិន​ លើគម្រោងបរិច្ចាគវ៉ាក់សាំង៨០លានដូសដល់បណ្តាប្រទេសជុំវិញពិភពលោក។
 
លើសពីនេះ វ៉ាស៊ីនតោនក៏នឹងទិញវ៉ាក់សាំងប្រមាណ៥០០លានដូសបន្ថែមទៀតពីក្រុមហ៊ុន​ Pfizer-BioNtech ដើម្បីចែកចាយដល់សហភាពអាហ្រ្វិក​ និងបណ្តាប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យមចំនួន៩២ប្រទេសផ្សេងទៀត។​
 
«យើងនឹងបន្តធ្វើអ្វីទាំងអស់ដែលអាចជួយឱ្យពិភពលោកមានការធានានិងសុវត្ថិភាពជាងមុនលើការប្រឆាំងពីការគំរាមកំហែងនៃជម្ងឺឆ្លងដ៏សាហាវនេះ»។ ​នេះបើតាមការបញ្ជាក់ពីមន្រ្តីមួយរូបប្រចាំក្រុងវ៉ាស៊ីនតោន។​
 
ពីរដ្ឋធានីហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Le Thi Thu Hang និយាយថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ដែលអាមេរិកផ្គត់ផ្គង់ឱ្យយន្តការ COVAX នឹងទៅដល់វៀតណាមនៅថ្ងៃទី២៥ ខែកក្កដា។ វៀតណាម ទទួលបានវ៉ាក់សាំង Moderna ពីអាមេរិកជំហានទី១ ចំនួន២លានដូសកាលពីថ្ងៃទី១០ ខែកក្កដា។ 
 
កន្លងទៅ ​អាមេរិកបានផ្តល់វ៉ាក់សាំងមកកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមាន ឡាវ​​១លាន៨ពាន់ដូស, ហ្វីលីពីន១,៦លានដូស, ម៉ាឡេស៊ី២លានដូស និងឥណ្ឌូណេស៊ី៣លានដូស​ ។ 
 
ក្រោយពីជោគជ័យលើការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ក្នុងប្រទេសអស់ជារយៈពេលជាច្រើនខែ ​វៀតណាមបានកំពុងប្រឈមការកើនឡើងករណីឆ្លងប្រចាំថ្ងៃសារជាថ្មី។ ត្រឹមព្រឹកថ្ងៃទី២៣ ខែកក្កដា វៀតណាមមានករណីឆ្លងសរុបរហូតដល់៧៤៣៧១នាក់ និងស្លាប់៣៧០នាក់៕
 
 

Tag:
 អាមេរិក
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com