ជាតិ
ទូតចិន៖ អាមេរិកជាប្រភពវាយប្រហារតាមអ៊ីនធឺណិត បែរជាចោទចិនថា លួចទិន្នន័យពីកម្ពុជា
23, Jul 2021 , 11:37 am        
រូបភាព
លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ថ្លែងក្នុងពិធីដំណើរការភាពយន្តចល័តចិន-កម្ពុជា នាពេលកន្លងមក (រូបភាពពីហ្វេសប៊ុកស្ថានទូតចិន)
លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ថ្លែងក្នុងពិធីដំណើរការភាពយន្តចល័តចិន-កម្ពុជា នាពេលកន្លងមក (រូបភាពពីហ្វេសប៊ុកស្ថានទូតចិន)
ភ្នំពេញ៖ ចិន ច្រានចោលព័ត៌មានដែលផ្សាយថា ចិនបានលួចទិន្នន័យទន្លេមេគង្គ ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ ការបដិសេធនេះ ធ្វើឡើងតាមរយៈស្ថានទូតចិនប្រចាំកម្ពុជា នាយប់ថ្ងៃទី២២ កក្កដា។



ស្ថានទូតចិន បានបញ្ជាក់ថា រដ្ឋាភិបាលចិនប្រឆាំងជាដាច់ខាត និងតែងបង្ក្រាបលើការវាយប្រហារគ្រប់ទម្រង់នៅក្នុងប្រព័ន្ធអ៊ីនធឺណិត។ ចិនមិនដែលលើកទឹកចិត្ត គាំទ្រ ឬអនុគ្រោះចំពោះការវាយប្រហារ របស់ក្រុម Hackerឡើយ។ ចិន ចាត់ទុកការចុះផ្សាយថា ក្រុម Hacker ចិនបានលួចទិន្នន័យទន្លេមេគង្គពីក្រសួងការបរទេសកម្ពុជា ជាព័ត៌មានបំភ្លៃការពិត។
 
ស្ថានទូតចិនប្រចាំកម្ពុជា បានសរសេរលើហ្វេសប៊ុកឆ្លើយតបដូច្នេះថា៖«ស្ថានទូតចិនប្រចាំកម្ពុជា សម្តែងការព្រួយបារម្ភខ្លាំង និងប្រឆាំងជាដាច់ខាត ចំពោះការលើកឡើងខាងលើនេះ»។
 
កាលពីថ្ងៃទី១៩ កក្កដា ក្រសួងយុត្តិធម៌អាមេរិក បានចោទប្រកាន់ជនជាតិចិន៤នាក់ថា បានលួចទិន្នន័យសម្ងាត់ពីស្ថាប័នរដ្ឋកម្ពុជា ពាក់ព័ន្ធនឹងកិច្ចពិភាក្សាលើបញ្ហាទន្លេមេគង្គ កាលពីអំឡុងឆ្នាំ២០១៨។ រាល់ទិន្នន័យដែលចិនលួចពីកម្ពុជានេះ គឺតែងតែដាក់ចូល «Domain 6 » ដែលមានលេខសម្ងាត់ថា «មនុស្សល្អ» (Good Person)។ ក្រៅពីកម្ពុជា ចិនក៏បានលួចទិន្នន័យ និងព័ត៌មានឯកជនក្នុងប្រទេសផ្សេងទៀតដែរ។
 
បើតាមក្រសួងយុត្តិធម៌អាមេរិកដដែល ក្នុងចំណោមជនជាតិចិន៤រូបនោះ គឺមាន៣នាក់ បម្រើការងារនៅក្នុងក្រសួងសន្តិសុខរដ្ឋចិន នៃខេត្តហៃណាន (Hainan) រួមមានឈ្មោះ Ding Xiaoyang , Cheng Qingmin និង Zhu Yunmin ។
 
តែយ៉ាងណាចិន ចាត់ទុកព័ត៌មានរបាយការណ៍អាមេរិកនេះ ជាការញុះញង់ និងចោទប្រកាន់ចិនប៉ុណ្ណោះ។ បន្ថែមពីនេះ ចិនក៏បានផ្លែផ្កាវិញថា ការលួចទិន្នន័យពីប្រទេសដទៃ គឺមានតែអាមេរិកទេ ដែលពូកែប្រព្រឹត្តទង្វើបែបនេះ។  
 
«នៅលើពិភពលោកនេះ សហរដ្ឋអាមេរិក គឺជាប្រភពនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតដ៏ធំបំផុត ហើយទង្វើនៃការលួចតាមដានស្តាប់របស់ប្រទេសមួយនេះ សូម្បីតែ “សម្ព័ន្ធមិត្ត” ក៏មិនលើកលែងដែរ។ រីឯចំពោះបញ្ហាសន្តិសុខអ៊ីនធឺណិតវិញ ទំនុកចិត្តទៅលើសហរដ្ឋអាមេរិក ត្រូវបានបាត់បង់យូរមកហើយ។ ប្រទេសនេះ តែងពោលពាក្យចចាមអារ៉ាមផ្ដេសផ្ដាស ចោរស្រែកចាប់ចោរ ញុះញង់គេឯង…។ ការប្រឌិតមិនពិតខាងលើនេះ ក្រៅពីកុហកខ្លួនឯង និងអ្នកដទៃ គ្មានគុណតម្លៃអ្វីនោះទេ»។ នេះបើតាមសំណេរជាភាសាចិន និងខ្មែរ ដែលស្ថានទូតចិន​ លើទំព័រហ្វេសប៊ុក។
 
ជុំវិញករណីលួចទិន្នន័យនេះ សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍ ដើម្បីសុំការអត្ថាធិប្បាយ តបនឹងរបាយការណ៍អាមេរិកនេះឡើយ។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន យល់ថា ការចោទរបស់អាមេរិកលើភាគីចិននេះ មិនមែនជាការពិតទេ ព្រោះរាល់ទិន្នន័យទាក់ទងនឹងទន្លេមេគង្គនេះ គឺរដ្ឋាភិបាលកម្ពុជា បានបង្ហោះលើវេបសាយ និងបណ្ដាញអ៊ីនធឺណិតជាសាធារណៈ ហើយបុគ្គលណា ក៏អាចទាញយកទៅប្រើប្រាស់បានដែរ។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ផៃ ស៊ីផាន បាននិយាយដូច្នេះ៖«[អាមេរិក] គេចោទលើ [ការលួច] ទិន្នន័យទន្លេមេគង្គនៅប្រទេសកម្ពុជា ក៏ប៉ុន្តែទិន្នន័យនោះ គេដាក់បង្ហាញជាសាធារណៈ។ ដូច្នេះខ្ញុំមើលទៅ ការចោទ[របស់អាមេរិក]នេះ វាដូចជាមិនសម …។
 
ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋាភិបាល បានអះអាងថា កម្ពុជាមានប្រព័ន្ធ និងរបៀបការងារគ្រប់គ្រង និងការពាររាល់ឯកសារសម្ងាត់នានា នៅតាមក្រសួង និងស្ថាប័នរដ្ឋទាំងអស់ ដោយមានក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ ជាសេនាធិការគ្រប់គ្រងប្រព័ន្ធទិន្នន័យទាំងនោះ៕
 

Tag:
 ចិន
  កាទូត
© រក្សាសិទ្ធិដោយ thmeythmey.com