កីឡាអន្តរជាតិ
អន្តរជាតិ
Van Gaal អតីតគ្រូ Man Utd, Barca គ្រោងចូលដឹកនាំហូឡង់ជាលើកទី៣
23, Jul 2021 , 12:59 pm        
រូបភាព
លោក Louis van Gaal គ្រោងវិលត្រឡប់ចូលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់ជាលើកទី៣ ដើម្បីជំនួសលោក Frank de Boer ដែលចុះចេញពីតំណែងក្រោយចប់ Euro 2020។


បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters អតីតអ្នកចាត់ការ Manchester United, Barcelona និង Bayern Munich រូបនេះ នឹងជំនួសលោក Frank de Boer ដែលបានលាឈប់ពីតំណែងបន្ទាប់ពីដឹកនាំហូឡង់ធ្លាក់ចេញពី Euro 2020 ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងសាធារណរដ្ឋឆែក។
 
លោក Van Gaal ត្រូវបានទាក់ទងដោយផ្ទាល់ពីសំណាក់លោក Nico-Jan Hoogma ប្រធានសហព័ន្ធកីឡាបាល់ទាត់ហូឡង់។ លោក Hoogma បានប្រាប់អ្នកយកព័ត៌មានថាលោកកំពុងស្វែងរកគ្រូដែលមានលក្ខណៈសម្បត្តិ និងរឹងមាំម្នាក់ដើម្បីកាន់កាប់ក្រុមរហស្សនាមទឹកក្រូច ហើយ Van Gaal ជាជម្រើសល្អបំផុត។
 
គ្រូសញ្ជាតិហូឡង់វ័យ ៦៩ ឆ្នាំ Van Gaal ត្រូវបានតែងតាំងជាគ្រូបង្វឹកហូឡង់លើកដំបូងនៅខែកញ្ញាឆ្នាំ ២០០០ ប៉ុន្តែបានលាលែងពីតំណែងក្រោយដឹកនាំបានជាងមួយឆ្នាំ។ លោកបានវិលត្រឡប់ទៅដឹកនាំវិញនៅខែសីហាឆ្នាំ ២០១២ ដោយជួយក្រុមទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៤ នៅប្រេស៊ីល។ 
 
ចាប់តាំពី Van Gaal ចាកចេញជាលើកទី២នៅឆ្នាំ២០១៤ ហូឡង់ប្តូរគ្រូបង្វឹកចំនួន៧រូបរួចមកហើយ រួមមាន Guus Hiddink, Danny Blind, Fred Grim, Dick Advocaat, Ronald Koeman, Dwight Lodeweges និង De Boer។
 
ស្របពេលគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនអះអាងថាលោក Van Gaal នឹងតែងតាំងលោក Danny Blind អតីតគ្រូបង្វឹកហូឡង់ និងលោក Henk Fraser ជាជំនួយការ ហើយតែងតាំង Frans Hoek ជាគ្រូបង្វឹកអ្នកចាំទីថ្មី។
 
លោក Patrick Lodewijks ដែលជាគ្រូបង្វឹកអ្នកចាំទីរបស់ហូឡង់តាំងពីឆ្នាំ ២០១៨ រហូតសព្វថ្ងៃ បង្ហាញការខកចិត្តក្រោយលេចព័ត៌មានខាងលើនេះ៕
 

Tag:
 Louis van Gaal
  ហូឡង់
© រក្សាសិទ្ធិដោយ thmeythmey.com