កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក២០២០៖ ប្រទេសអាស៊ានបញ្ជូនអត្តពលិកសរុប១៧៣រូប ខណៈកម្ពុជា៣រូប ឯថៃច្រើនជាងគេ
× ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ នឹងបើកកម្មវិធីប្រកួតផ្លូវការនៅថ្ងៃទី២៣ ខែកក្កដា។ អូឡាំពិករដូវក្តៅ ដែលពន្យាមួយឆ្នាំដោយសារកូវីដ-១៩ មានអត្តពលិកទូទាំងពិភពលោក ចូលរួមសរុប១១,៥០០នាក់ ក្នុងនោះអត្តពលិកពីតំបន់អាស៊ានមានចំនួន១៧៣នាក់។ កម្ពុជាបញ្ជូនកីឡាករកីឡាការិនី៣រូប ខណៈថៃបញ្ជូនអត្តពលិកទៅតូក្យូច្រើនជាងគេ ក្នុងចំណោមប្រទេសអាស៊ានចំនួន៤២នាក់។
ប្រទេសតំបន់អាស៊ីអាគ្នេយ៍ចំនួន១១ សុទ្ធតែបានបញ្ជូនអត្តពលិកទៅប្រជែងមេដាយ នៅអូឡាំពិករដូវក្តៅឆ្នាំ២០២០រៀងៗខ្លួន។ កម្ពុជាបានបញ្ជូនកីឡាករកីឡាការិនីចំនួន៣រូប ដើម្បីទៅប្រជែងមេដាយ ក្នុងប្រភេទកីឡាហែលទឹក និងរត់ចម្ងាយ។
កីឡាករកម្ពុជា ហែម ប៉ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ត្រូវចូលរួមប្រកួតលើវិញ្ញាសាហែលសេរីចម្ងាយ៥០ម៉ែត្រដូចគ្នា រីឯកីឡាករ ប៉ែន សុគង់ ត្រូវប្រកួតលើវិញ្ញាសារត់ល្បឿនចម្ងាយ១០០ម៉ែត្រ។
ថៃ ជាប្រទេសអាស៊ានដែលបញ្ជូនកីឡាករកីឡាការិនីច្រើនជាងគេចំនួន៤២រូប ដោយចូលរួមក្នុង១៤ប្រភេទកីឡា។ ម៉ាឡេស៊ីនៅលេងរៀងទី២ ដោយនាំអត្តពលិកទៅតូក្យូចំនួន៣០រូប ដើម្បីប្រកួតប្រជែងក្នុង១០ប្រភេទកីឡា និងទី៣ ឥណ្ឌូណេស៊ីដែលបញ្ជូនអត្តពលិកសរុប២៨នាក់ ក្នុង៨ប្រភេទកីឡា។
ទី៤ សិង្ហបុរី បញ្ជូនអត្តពលិក២៣រូប ដើម្បីប្រកួតក្នុង១១ប្រភេទកីឡា ឯលេខ៥ ហ្វីលីពីន មានអត្តពលិក១៩នាក់ ទៅចូលរួម១១ប្រភេទកីឡា។ វៀតណាមនៅលេខរៀងទី៦ ក្នុងចំណោមប្រទេសអាស៊ានដែលបញ្ជូនអត្តពិកច្រើនជាងគេចំនួន១៨រូប ក្នុង១១ប្រភេទកីឡា។
មីយ៉ាន់ម៉ា មានអត្តពលិក៤រូប ក្នុង៣ប្រភេទកីឡា ឡាវមាន៣រូបទៅប្រជែងក្នុង៣ប្រភេទកីឡា និងកម្ពុជា៣រូប ក្នុង២ប្រភេទកីឡា។ ព្រុយណេមាន២រូប ក្នុង២ប្រភេទកីឡា និងទីម័រខាងកើតបញ្ជូនអត្តពលិក១រូបដើម្បីទៅប្រជែងមេដាយក្នុង១ប្រភេទកីឡា។
អត្តពលិកដែលមកពីទូទាំងពិភពលោកសរុប១១៥០០នាក់ នឹងត្រូវចូលរួមប្រកួតប្រជែងក្នុង៣៣ប្រភេទកីឡានៅអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ ដោយប្រើប្រាស់កីឡដ្ឋាន និងទីតាំងប្រកួតសរុបចំនួន៤២។ មេដាយទាំង៣ប្រភេទដែលរួមមានមាស ប្រាក់ និងសំរឹទ្ធិ មានចំនួនសរុប៣៣៩មេដាយ។
ក្រៅពីអត្តពលិក មានមន្ត្រី ប្រតិភូ បុគ្គលិកបច្ចេកទេស រួមទាំងអ្នកសារព័ត៌មានពីក្រៅប្រទេស ទៅកាន់ទឹកដីជប៉ុនសរុបចំនួន៧៩០០០នាក់ ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកលើកទី៣២នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com