កីឡាជាតិ
ជាតិ
FFC អះអាងប្រាប់អង្គរថាយហ្គឺរថា អាជ្ញាកណ្ដាល គ្មានកំហុសឡើយ
23, Jul 2021 , 3:55 pm        
រូបភាព
 (ពីឆ្វេង) លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC និងលោក Akihiro Kato ម្ចាស់ក្លិបអង្គរថាយហ្គឺ។
(ពីឆ្វេង) លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC និងលោក Akihiro Kato ម្ចាស់ក្លិបអង្គរថាយហ្គឺ។
ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានអះអាងថា អាជ្ញាកណ្ដាលកាត់សេចក្តី នៅក្នុងការប្រកួតរវាងក្រុមអង្គរថាយហ្គឺរ និងណាហ្គាវើលដ៍ គ្មានកំហុសអ្វីឡើយ។ ការអះអាងរបស់សហព័ន្ធនេះ តបទៅនឹងការតវ៉ារបស់ក្រុមអង្គរថាយហ្គឺរ ដែលមិនពេញចំពោះការសម្រេចរបស់អាជ្ញាកណ្ដាល។



អង្គរថាយហ្គឺរ បានតវ៉ាទៅសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជុំវិញករណីអាជ្ញាកណ្ដាលសម្រេចមិនឱ្យគ្រាប់បាល់ខ្សែប្រយុទ្ធ E.Cruz ដែលបានលោតតែតបាល់បញ្ចូលទីក្រុមណាហ្គាវើលដ៍ នៅនាទី៥៤ កាលពីថ្ងៃទី២០ កក្កដា។ គ្រាប់បាល់មួយនេះ ត្រូវបានអាជ្ញាកណ្ដាលខ្សែបន្ទាត់ លើកទង់ពិន័យ និងកាត់សេចក្តីថា ជាគ្រាប់មិនបានការ។
 
ជុំវិញបញ្ហានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានពិនិត្យមើលវីដេអូនៃការប្រកួតនេះឡើងវិញ ដោយមើលឃើញថា ការសម្រេចរបស់អាជ្ញាកណ្ដាល គឺពិតជាត្រឹមត្រូវ។ ក្នុងខ្លឹមសារលិខិតលោក កែវ សារ៉េត អគ្គលេខាធិការFFC ផ្ញើទៅក្លិបអង្គរថាយហ្គឺរ បានពន្យល់ថា ខ្សែប្រយុទ្ធ E.Cruz បានប្រព្រឹត្តកំហុសដោយយកដៃរុញសង្កត់ករ ខ្សែការពាររបស់ក្រុមណាហ្គាវើលដ៍ ឱ្យបាត់បង់ជំហរ ដើម្បីឱ្យរូបគេមានឱកាសងាយស្រួលលោតតែតបាល់បញ្ចូលទី។ ដោយសារពិនិត្យឃើញបែបនេះ ទើបអាជ្ញាកណ្ដាលសម្រេចបដិសេធលើគ្រាប់បាល់នេះ។
 
ចំពោះករណីអាជ្ញាកណ្ដាល ប្រើកាតក្រហមបណ្ដេញកីឡាករ ស្រាំង ទិត្យឈី ខ្សែការពារអង្គរថាយហ្គឺរ ពីការប្រកួតនៅនាទី៧៩ នោះ ដោយសារតែកីឡាកររូបនេះ បានប្រើពាក្យជេរប្រមាថលើអាជ្ញាកណ្ដាល។ នេះបើតាមលិខិតអគ្គលេខាធិការFFC ដែលបានពិនិត្យវីដេអូ និងសួរដេញដោលអ្នកពាក់ព័ន្ធ មុននឹងវាយតម្លៃលើករណីនេះ។
 

អត្ថបទទាក់ទង

 
លោក Akihiro Kato ម្ចាស់ក្លិបអង្គរថាយហ្គឺរ ក៏យល់ព្រមតាមការសម្រេចរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះ ។ ម្ចាស់ក្លិបជនជាតិជប៉ុនរូបនេះ បានសរសេរលើហ្វេសប៊ុកដោយភ្ជាប់ជាមួយខ្លឹមសារលិខិតFFC ដូច្នេះថា៖« ការតវ៉ារបស់យើងត្រូវបានបណ្តេញចេញ[បរាជ័យ]។ សូមអរគុណចំពោះការពិភាក្សារបស់អ្នក»។
 
ការបរាជ័យរបស់ក្លិបអង្គរថាយហ្គឺរ ក្នុងការប្រកួតជាមួយណាហ្គាវើលដ៍ ដោយលទ្ធផល ១-២ កាលពីថ្ងៃទី២០ កក្កដា បានធ្វើឲ្យបាត់ឱកាសទទួលបាន៣ពិន្ទុ ខណៈក្លិបក្រោមការដឹកនាំរបស់លោក Akihiro Katoនេះ កំពុងឈរនៅកំពូលតារាងបណ្ដោះអាសន្ន ដោយមាន១៩ពិន្ទុក្នុងដៃ ក្រោយប្រកួត៩លើក ឈ្នះ៦ ចាញ់២ និងស្មើ១ដង។ 
 
ក្លិបវិសាខា ឈរលេខ២ មាន១៨ពិន្ទុ ក្រោយប្រកួត៨លើក ឈ្នះ៥ និងស្មើ៣ ស្របពេលណាហ្គាវើលដ៍ ឈ្នះ៥ ចាញ់១ និងស្មើ២ មាន១៧ពិន្ទុ ឈរនៅលេខ៣ ៕

Tag:
 CNCC
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com