ជាតិ
សត្វកម្រ «ជ្រូកពោន » ត្រូវបានរកឃើញនៅដែនជម្រកសត្វព្រៃកម្ពុជា
23, Jul 2021 , 6:59 pm        
រូបភាព
ដោយ៖ ប៉ូ សុភា
ភ្នំពេញ៖  ជ្រូកពោន  ដែលជាប្រភេទសត្វកម្រ  ត្រូវបានថតដោយម៉ាស៊ីថតស្វ័យប្រវត្តិនៅតាមតំបន់ធម្មជាតិនានា។ នេះបើតាមក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។

 
ក្រសួងបរិស្ថាន បានបង្ហាញរូបភាពសត្វជ្រូកពោល ដែលជាសត្វមានដោយកម្រក្នុងបញ្ជីក្រហម IUCN។  ជុំវិញទិន្នន័យជាក់លាក់របស់សត្វកម្រប្រភេទនេះ ក្រសួងមិនទាន់អាចបញ្ជាក់ពីចំនួនបាននៅឡើយ ដោយត្រូវការសិក្សា និងស្រាវជា្រវបន្ថែមទៀត។ 
 
លោក នេត្រភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា វត្តមានសត្វជ្រូកពោន នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា គឺជាមោទកភាពរបស់ កម្ពុជា។ សត្វព្រៃកម្រៗ មួយចំនួនបន្តមានវត្តមាន ខ្លះទៀតមានថេរភាព ខ្លះមានការកើនឡើង និងមួយចំនួនទៀតនៅតែបន្តថយចុះនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ 


 
អ្នកនាំពាក្យរូបនេះ បានពន្យល់ថា៖ «ជ្រូកពោនបច្ចុប្បន្នកំពុងរងគ្រោះដោយសារតែការបរបាញ់ ការដាក់អន្ទាក់ ដើម្បីយកសាច់ និងយកសំណាកធ្វើអាជីវកម្ម ដោយសារតែពលរដ្ឋមួយចំនួនមានជឿថា ខ្លាញ់ជ្រូកពោនអាចយកទៅធ្វើថ្នាំបុរាណជាដើម»។
 
ជាក់ស្ដែង នៅដើមខែមិថុនា ឆ្នាំ២០២១ ក្រុមមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាននិងបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) បានជួយសង្គ្រោះសត្វជ្រូកពោន ឬជ្រូកព្រុលមួយក្បាលដែលជាប់នៅក្នុងអន្ទាក់ រួមទាំងបានដកហូតសាច់ជ្រូកព្រុលមួយចំនួនពីជុំរុំបរបាញ់មួយកន្លែងក្នុងតំបន់ជួរភ្នំក្រវាញផងដែរ។
 
សូមរម្លឹកថា កម្ពុជា មានជីវៈចម្រុះប្រមាណ ៣,៩៩៣ប្រភេទ។ រុក្ខជាតិ មានប្រមាណ ២ ៣០០ប្រភេទ។ ថនិកសត្វ មានចំនួន ១២៣ប្រភេទ។ សត្វស្លាប មានប្រមាណ ៥៤៥ប្រភេទ។ ឧរង្គសត្វ មានចំនួន ៨៨ប្រភេទ។  ត្រី មានចំនួន ៨៧៤ប្រភេទ និងថលជលិក មានចំនួន ៦៣ប្រភេទ៕
 

 
 

Tag:
 ក្រសួងបរិស្ថាន
  ជ្រូកពោន
© រក្សាសិទ្ធិដោយ thmeythmey.com