ជាតិ
សង្គមជាតិ
ប្ដូរពីខេត្តឆ្លងកាត់ កំពង់ស្ពឺ ក្លាយជាខេត្តទេសចរណ៍ដ៏មានសក្តានុពល
24, Jul 2021 , 7:59 am        
រូបភាព
ដោយ:
 
ក្នុងបរិបទនេះ ទេសចរភាគច្រើន និយមដើរកម្សាន្តនៅតំបន់ទេសចរណ៍ជិតៗ និងតាមតំបន់ព្រៃភ្នំ ដើម្បីបង្ការការធ្វើដំណើរច្រើនដែលប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ខ្ពស់។ ការណ៍នេះ បានធ្វើឱ្យខេត្តកំពង់ស្ពឺដែលនៅជិតភ្នំពេញ និងមានតំបន់ទេសចរណ៍ព្រៃភ្នំច្រើន មានសន្ទុះភ្ញៀវទេសចរខ្លាំង រហូតប្ដូរមុខមាត់ពីតំបន់ឆ្លងកាត់ ក្លាយជាទិសដៅទេសចរណ៍យ៉ាងសំខាន់។



៦ខែ ឆ្នាំ២០២១ ខេត្តកំពង់ស្ពឺទទួលបានភ្ញៀវទេសចរ ១១៣,៣០៨នាក់ កើនឡើង ១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានភ្ញៀវទេសចរសរុប ៩៩,៨៧៣ នាក់។ ភ្ញៀវទេសចរភាគច្រើននិយមទៅកម្សាន្តនៅទឹកធ្លាក់ជ្រាវ ឱទ្យានជាតិគិរីរម្យ ភ្នំខ្នងផ្សា និងតាមតំបន់ទេសចរធម្មជាតិមួយចំនួនទៀត។

ចំពោះការហក់ឡើងនៃចំនួនភ្ញៀវទេសចរក្នុងខេត្តកំពង់ស្ពឺ លោក រស់ សុខ ប្រធានស្ដីទីមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា ខេត្តកំពង់ស្ពឺ មានទេសចរមកកម្សាន្តច្រើនក្នុងបរិបទកូវីដ-១៩នេះ។ ជាមួយគ្នានេះ មន្រ្តីជំនាញ និងអាជីវករ ដែលពឹងផ្អែកវិស័យទេសចរណ៍ នឹងខិតខំ អភិវឌ្ឍតំបន់ទេសចរណ៍ឱ្យកាន់តែស្រស់ស្អាត និងមានសេវាកម្មច្រើនជាងនេះ។
 
«កាលមិនទាន់មានកូវីដភ្ញៀវតែងមើលរំលង ប៉ុន្តែតាំងពីមានកូវីដមកភ្ញៀវចូលចិត្តដើរកម្សាន្តតាមភ្នំ ទើបធ្វើឱ្យកំពង់ស្ពឺមានភ្ញៀវច្រើន»។ នេះការបញ្ជាក់របស់លោក រស់ សុខ។
 
ដ្បិតថា ខេត្តកំពង់ស្ពឺទទួលបានភ្ញៀវទេសចរច្រើនហើយក្ដី ប៉ុន្តែប្រធានស្ដីទីមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺរូបនេះ នឹងផ្ដល់វគ្គបណ្ដុះបណ្ដាល ផ្នែកបដិសណ្ឋារកិច្ចដល់ប្រជាជនក្នុងសហគមន៍។ បន្ថែមពីនេះ មន្ទីរទេសចរណ៍ខេត្តនឹងបន្តរុករកតំបន់ទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺថែមទៀតដើម្បី បម្រើការកម្សាន្តដល់ភ្ញៀវទេសចរ។
 
លោក រស់ សុខ បញ្ជាក់ដូច្នេះ៖ « កន្លងមកខេត្តកំពង់ស្ពឺគ្រាន់តែជាខេត្តឆ្លងកាត់ពីភ្នំពេញ និងព្រះសីហនុទេ។ ប៉ុន្តែឥឡូវខេត្តកំពង់ស្ពឺមានភ្ញៀវដើរលេងច្រើន ជាពិសេសនៅតាមសហគមន៍ទេសចរណ៍ថ្មីៗដែលយើងទើបរៀបចំ ដូចជាជ្រាវ គិរីរម្យ ឱរ៉ាល់ និងខ្នងផ្សា។
  ទឹកធ្លាក់ជ្រាវរូបភាពពីមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ

សូមជម្រាបផងដែរថា ខេត្តកំពង់ស្ពឺមានតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌១៣កន្លែង និងតំបន់ទេសចរណ៍ផ្សងព្រេង ២កន្លែង។ តំបន់ទេសចរណ៍ទាំងអស់នោះមាន ល្អាងបុរាណវិទ្យាភ្នំចាស់,បុរាណវិទ្យាភ្នំព្រះ, រមណីយដ្ឋានប្រវត្តិសាស្ត្រតេទឹកពុះ និងរមណីយដ្ឋានប្រាសាទភ្នំក្អែកពង។
 
ទីតាំងទេសចរណ៍ធម្មជាតិទាំង៨កន្លែង មានឧទ្យានជាតិព្រះសុរាម្រិតកុសមៈគិរីរម្យ, មណ្ឌលកំសាន្តគីរីរម្យ, សហគមន៍ទេសចរណ៍ធម្មជាតិចំបក់, សហគមន៍ទេសចរណ៍ធម្មជាតិជ្រាវ, រមណីយដ្ឋានអំពែភ្នំ, គីរីរម្យផាញរីសត, កីឡាដ្ឋានវាយកូនហ្គោល និងរមណីយដ្ឋានឬទ្ធីគីរីសែនមនោរម្យ។ រីឯសារមន្ទីរនរៈបុរី គឺជាតំបន់ទេសចរណ៍វប្បធម៌របស់ខេត្តកំពង់ស្ពឺ។ ដោយឡែកតំបន់ទេសចរណ៍ផ្សងព្រេងមាន២កន្លែង គឺភ្នំឱរ៉ាល់ និងភ្នំខ្នងផ្សា៕



 

© រក្សាសិទ្ធិដោយ thmeythmey.com