ជាតិ
សង្គមជាតិ
ការសង់ផ្ទះស្នាក់បែបប្រពៃណីតាមតំបន់ទេសចរណ៍ ជួយលើកតម្កើងស្ថាបត្យកម្មខ្មែរ
24, Jul 2021 , 8:59 am        
រូបភាព
គម្រោងផ្ទះបុរាណខ្មែរ។ គម្រោងនេះធ្វើឡើងដោយនិស្សិត ជិន សុភិន សិក្សាជំនាញស្ថាបត្យកម្មនិងនគររោបនីយ៍វិទ្យា។
គម្រោងផ្ទះបុរាណខ្មែរ។ គម្រោងនេះធ្វើឡើងដោយនិស្សិត ជិន សុភិន សិក្សាជំនាញស្ថាបត្យកម្មនិងនគររោបនីយ៍វិទ្យា។
ដោយ:
 
ការសាងសង់កន្លែងសម្រាកតាមរីសត ឬតាមតំបន់ទេសចរណ៍ គឺឆ្លុះបញ្ចាំងពីបរិបទទេសចរណ៍ និងវប្បធម៌។ ជាក់ស្ដែងតាមទីក្រុងគេតែងធ្វើកន្លែងស្នាក់នៅជាលក្ខណសណ្ឋាគារបែបទំនើប ចំណែកជនបទ គេតែងធ្វើកន្លែងស្នាក់នៅបែបសាមញ្ញ។ ជាមួយគ្នានេះ អ្នកជំនាញខាងវិស័យសណ្ឋាគារ និងនិស្សិតស្ថាបត្យកម្ម លើកទឹកចិត្តដល់ម្ចាស់រីសតឱ្យសាងសង់ផ្ទះស្នាក់បែបប្រពៃណី ព្រោះប្រភេទផ្ទះនេះ អាចទាក់ទាញទេសចរ និងរក្សាស្នាដៃស្ថាបត្យកម្មខ្មែរ។



អ្នករកស៊ីក្នុងវិស័យទេសចរណ៍លើការបង្កើតកន្លែងស្នាក់នៅ តែងស្វែងរកគំនិតថ្មីៗប្លែកៗ ដើម្បីសាងសង់កន្លែងស្នាក់នៅ ឱ្យមានភាពប្រណីត ដែលអាចធ្វើឱ្យភ្ញៀវទេសចរជួលសេវាកម្មស្នាក់នៅរបស់ខ្លួន។ នាពេលបច្ចុប្បន្ន ការធ្វើកន្លែងស្នាក់នៅគឺខុសៗគ្នាតាមទីកន្លែង ដោយផ្ដោតលើ តំបន់ទីប្រជុំជន តំបន់ធម្មជាតិ និងតាមទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនតាមតំបន់។

លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារ និងស្ថាបនិកភូមិផ្កាត្រកួន លើកទឹកចិត្តឱ្យម្ចាស់រីសត សាងសង់ផ្ទះបែបប្រពៃណីខ្មែរ ព្រោះអាចទាក់ទាញទេសចរច្រើននៅជនបទ។ ប៉ុន្តែអ្នកសាងសង់ត្រូវចេះកែច្នៃ ដោយមិនធ្វើឱ្យប៉ះពាល់ធនធានធម្មជាតិច្រើនពេក។
«ខ្ញុំស្រឡាញ់ផ្ទះចាស់ៗ របស់ចាស់ អ៊ីចឹងខ្ញុំយករបស់ចាស់ៗមកច្នៃ។ ឈើដែលគេបោះចោលខ្ញុំយកមកធ្វើតុ ធ្វើស្ពានដើរ និងធ្វើភោជនីយដ្ឋាន។ យើងមិនចាំបាច់ដល់តែប្រើរបស់ថ្លៃៗទេ ទិញតែពីឃ្លាំងចាស់ៗក៏បាន។ ខ្ញុំធ្វើភូមិផ្កាត្រកួនដើម្បីធ្វើជាភូមិទេសចរណ៍ ដែលរំលេចពីសា្ថបត្យកម្ម និងប្រពៃណីខ្មែរជនបទ »។ នេះជាការបញ្ជាក់របស់លោក ឌិន សុមេធារិទ្ធ។
លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារ

ដ្បិតលោកយល់ថា ការសាងសង់ផ្ទះបែបប្រពៃណី ជាការឡើងតម្កើងទេសចរណ៍ជនបទ ប៉ុន្តែមិនមែនមានន័យថា ម្ចាស់កន្លែងស្នាក់នៅមិនអាចច្នៃផ្ទះតាមអ្វីដែលខ្លួនស្រឡាញ់នោះទេ ។ ស្ថាបនិកភូមិផ្កាត្រកួនរូបនេះ លើកឡើងថា កម្ពុជាជាទីផ្សារសេរី ដូច្នេះម្ចាស់ផ្ទះស្នាក់ និងទេសចរសុទ្ធតែមានសិទ្ធក្នុងការជ្រើសរើស។ លោកបន្ថែមដូច្នេះថា៖ « បើភ្ញៀវចង់ទំនើបគេទៅរកសណ្ឋាគារ តែបើភ្ញៀវទៅផ្ទះស្នាក់ នោះគេចង់បានបែបប្រពៃណី។ ម្ចាស់ផ្ទះក៏អាចសាងសង់ផ្ទះតាមក្ដីស្រមៃរបស់ខ្លួនដែរ»។

មិនខុសគ្នាប៉ុន្មានពីលោក ឌិន សុមេធារិទ្ធ សម្រាប់លោកស្រី ខៃ ចិន្តា ម្ចាស់សណ្ឋាគារទែរូ បានបង្កើតសណ្ឋាគារនេះឡើងពីផ្ទះខ្មែរបុរាណ និងមានរចនាប័ទ្មខ្មែរ។ លោកស្រី លើកឡើងថា ការធ្វើផ្ទះស្នាក់ និងសណ្ឋាគារតាមបែបប្រពៃណី អាចទាក់ទាញភ្ញៀវទេសចរបានច្រើន និងបានរួមចំណែកថែរក្សាវប្បធម៌រស់នៅរបស់ប្រជាជនខ្មែរ។
ម្ចាស់សណ្ឋាគារទែរូ នៅខេត្តរតនគិរីរូបនេះ បន្ថែមដូច្នេះថា៖ «ការសាងសង់ផ្ទះស្នាក់តាមបែបប្រពៃណី ដែលមានរចនាប័ទ្មខ្មែរ ម៉ូតខ្មែរ គឺអាចទាក់ទាញភ្ញៀវទេសចរបានច្រើន ដែលជួយលើកតម្កើងទេសចរណ៍បែបជនបទ។ ការធ្វើផ្ទះតាមបែបប្រពៃណី អាចជួយបង្ហាញពីអត្តសញ្ញាណរបស់ភូមិ របស់ខេត្ត ទៅតាមតំបន់»។
លោកស្រី​ ខៃ ចិន្តា​ ម្ចាស់សណ្ឋាគារទែរ៉ូ ក្នុងខេត្តរតនគិរី។ រូបភាព ពីគណនីហ្វេសប៊ុកលោកស្រី

ការសាងសង់ផ្ទះប្រពៃណីរបស់ខ្មែរភាគច្រើន ត្រូវបានធ្វើឡើងដោយឈើ ដែលអាចប៉ះពាល់ដល់ធនធានធម្មជាតិ។ ប៉ុន្តែចំពោះបញ្ហានេះ លោកស្រី ខៃ ចិន្តា ណែនាំឱ្យម្ចាស់ផ្ទះស្នាក់យកឫស្សីចាស់ និងផ្ដៅមកច្នៃបន្ថែម ដោយមិនប្រើឈើប្រណីតទាំងស្រុង ដើម្បីកុំឱ្យប៉ះពាល់ធនធានធម្មជាតិខ្លាំងពេក។

ជាមួយគ្នានេះ កញ្ញា រិទ្ធ ដានី និស្សិតទើបបញ្ចប់ការសិក្សាជំនាញស្ថាបត្យកម្មមួយរូប ចង់ឃើញការរួមចំណែករបស់ម្ចាស់រីសត តាមតំបន់ទេសចរណ៍ ក្នុងការលើកស្ទួយស្ថាបត្យកម្មខ្មែរ តាមរយៈការសាងសង់ផ្ទះស្នាក់របស់ខ្លួនតាមបែបប្រពៃណី។ បើតាមកញ្ញា ដានី ក្រៅពីទាក់ទាញទេសចរ សំណង់ផ្ទះស្នាក់បែបប្រពៃណីតាមរីសត រួមចំណែកយ៉ាងធំ ក្នុងការផ្សព្វផ្សាយស្ថាបត្យកម្មខ្មែរ។
កញ្ញា រឹទ្ធ ដានី និស្សិតទើបបញ្ចប់ការសិក្សាជំនាញស្ថាបត្យកម្ម

«ខ្ញុំគិតថា វាអាចជួយលើកស្ទួយស្ថាបត្យកម្មខ្មែរបានច្រើន ព្រោះផ្ទះស្នាក់នៅតាមរីសត គឺជាកន្លែងមួយដែលជាប្រមូលផ្តុំទៅដោយភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ បើសិនជាយើងព្យាយាមបញ្ជ្រៀតចូលនៅស្ថាបត្យកម្មប្រពៃណីខ្មែរទាំងអស់នោះ ក្នុងប្រភេទតំបន់ទេសចរណ៍នោះ នឹងមានមនុស្សកាន់តែច្រើនយល់ដឹងពី អរិយធម៌ និងវប្បធម៌របស់យើងកាន់តែច្រើន» ។ នេះជាការបញ្ជាក់របស់កញ្ញាដានី ដោយបន្ថែមថា ផ្ទះប្រពៃណីខ្មែរមានច្រើនប្រភេទ ស្អាតៗប្លែកពីគ្នា ដែលម្ចាស់រីសតអាចយកមកច្នៃដើម្បីទាក់ទាញទេសចរនៅតាមជនបទបាន៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com