ជាតិ
សង្គមជាតិ
ផ្លូវ៣៨ខ្សែ ចំណាយជិត១៥០លានដុល្លារ នៅសៀមរាប គ្រោងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំនេះ
24, Jul 2021 , 2:08 pm        
រូបភាព
 សៀមរាប៖ គម្រោងសាងសង់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប កំពុងដំណើរការទៅមុខជានិច្ច។ យ៉ាងណាមានការដ្ឋានខ្លះ ហាក់មានភាពយឺតយ៉ាវក្ដី តែរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ច្បាស់ថា ការដ្ឋានទាំងអស់ នឹងរួចរាល់ជាស្ថាពរតាមផែនការដែលបានកំណត់។



ថ្លែងក្នុងសន្និសីទសារព័ត៌មាន អំឡុងពេលដាក់ឱ្យដំណើរការមជ្ឈមណ្ឌលផ្តល់សេវាសាធារណៈនៅក្រុងសៀមរាប នាថ្ងៃទី២១ កក្កដា លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ការដ្ឋានផ្លូវ៣៨ខ្សែ នឹងបញ្ចប់រួចរាល់នៅត្រឹមថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ លោករដ្ឋមន្រ្តីទទួលស្គាល់ថា ការដ្ឋានផ្លូវខ្លះហាក់យឺតយ៉ាវបន្ដិច ដោយសារកម្មកររកឃើញវិជ្ជមានជំងឺកូវីដ-១៩ ដែលតម្រូវឱ្យពួកគេព្យាបាលជំងឺ និងធ្វើចត្តាឡីស័ក។ តែយ៉ាងណា លោក ស៊ុន ចាន់ថុល ប្រាប់ថា មកពេលនេះការដ្ឋានផ្លូវទាំងអស់ បានដំណើរការជាប្រក្រតី ហើយត្រឹមខែ កក្កដា គម្រោងទាំងមូលសម្រេចបានជាង ៦០ភាគរយហើយ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងក្រុមការងារចុះពិនិត្យការដ្ឋានផ្លូវ ៣៨ខ្សែ នៅថ្ងៃទី២០ កក្កដា ឆ្នាំ២០២១។ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

សូមបញ្ជាក់ថា ផ្លូវ៣៨ខ្សែ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ វិច្ឆកា ឆ្នាំ២០២០ ក្រោមអធិបតីភាពប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយផ្លូវនេះគ្រោងសាងសង់រយៈពេល១៣ខែ។ ផ្លូវទាំង៣៨ខ្សែ មានប្រវែងសរុប ១០៨.៧៤១ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិជាង ១៤៩លានដុល្លារ ក្នុងនោះ៩លានដុល្លារ ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធលូបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលស្ថិតនៅក្រៅគម្រោងសាងសង់ផ្លូវ៣៨ខ្សែ។ ផ្លូវទាំងនេះស្ថាបនាដោយអង្គភាពចំនួន៨ រួមមានទី១ កងវិស្វកម្មលេខ ១៧៨ស្ពាន-ថ្នល់ នៃនាយដ្ឋានវិស្វកម្ម ទី២ កងវិស្វកម្មសម្ដេចតេជោខេត្តសៀមរាប ទី៣ កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប  ទី៤ អគ្គនាយកដ្ឋាន សាធារណការ ទី៥ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ទី៦ នាយកដ្ឋាន គ្រឿងចក្រនិងស្ថាបនាផ្លូវ ទី៧ នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និងទី៨ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប៕


Tag:
 ផ្លូវ៣៨ខ្សែ
  ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com