ជាតិ
សង្គមជាតិ
លោក ហ៊ុយ កុសល ច្នៃផ្លែមៀន ស្វាយ និងម្នាស់ជាភេសជ្ជៈ ដើម្បីលើកកម្ពស់កសិផលក្នុងស្រុក
24, Jul 2021 , 6:59 pm        
រូបភាព
រូបភាពពីផេកហ្វេសប៊ុក ខ្ញុំគាំទ្រផលិតផលខ្មែរ(1)
រូបភាពពីផេកហ្វេសប៊ុក ខ្ញុំគាំទ្រផលិតផលខ្មែរ(1)
ភ្នំពេញ៖ លោក ហ៊ុយ កុសល បានកែច្នៃផ្លែឈើក្នុងស្រុកមួយចំនួនដូចជាមៀន ស្វាយ ម្នាស់ និងរុក្ខជាតិសណ្តែកជាភេសជ្ជៈ ដើម្បីជំរុញសក្ដានុពលផលិតផលក្នុងស្រុក។ ទើបតែបញ្ចេញភេសជ្ជៈកែច្នៃទៅក្នុងទីផ្សារប្រមាណ២ខែ លោក ហ៊ុយ កុសល បានអះអាងថាផលិតផលខ្លួនទទួលបានការគាំទ្រគួរសមពីអតិថិជន។



លោក ហ៊ុយ កុសល បានយកផ្លែស្វាយ,មៀន,ម្នាស់ និងសណ្ដែក ផលិតជាភេសជ្ជៈផ្គត់ផ្គង់ទីផ្សារក្នុងស្រុក រយៈពេលជាង២ខែហើយ។ លោក ហ៊ុយ កុសល បានប្រាប់ សារព័ត៌មាន Thmeythmey25ថា ខ្លួនចាប់ផ្ដើមអាជីវកម្មផលិតទឹកផ្លែឈើនេះ ព្រោះចង់ជំរុញទីផ្សារផលិតផលកែច្នៃក្នុងស្រុក និងកាត់បន្ថយការនាំចេញវត្ថុធាតុដើមទៅក្រៅប្រទេស។ «ពេលយើងចេះកែច្នៃកសិផលក្នុងស្រុកដោយខ្លួនឯង គឺវាអាចជួយរក្សាតម្លៃដំណាំនាំចេញមិនឱ្យធ្លាក់ថ្លៃខ្លាំង។ និយាយទៅអ្នកដាំដុះ កសិករហ្នឹង គាត់មានជម្រើសមួយទៀតដែរ មិនបាច់ពឹងតែការនាំចេញមួយ។ នាំចេញក៏បាន តែបរទេសគេមិនទិញក៏យើង អាចច្នៃលក់ក្នុងស្រុកបានដែរ»។ នេះជាការលើកឡើងរបស់លោក ហ៊ុន កុសល ដែលធ្លាប់ជាបុគ្គលិកក្រុមហ៊ុននាំចេញផលិតផលក្នុងស្រុក។

បច្ចុប្បន្នភេសជ្ជៈកែច្នៃរបស់ លោក កុសល មានលក់តែតាមប្រព័ន្ធអនឡាញប៉ុណ្ណោះ ដោយលោកមានទំព័រហ្វេសប៊ុក ឈ្មោះ «ខ្ញុំគាំទ្រផលិតផលខ្មែរ» និងវេបសាយ Khmer Products.company.site។ ក្រៅពីផលិតផលភេសជ្ជៈរបស់ខ្លួន នៅលើទំព័រទាំង២ខាងលើនេះ ក៏មានដាក់លក់ផលិតផលរបស់អ្នកកែច្នៃផ្សេងៗទៀតដែរ។ សម្រាប់លោក ហ៊ុយ កុសល គឺចង់ឱ្យទំព័ររបស់ខ្លួនជាវេទិកាផ្សព្វផ្សាយផលិតផលក្នុងស្រុក និងបង្កើនតម្លៃផលិតផលខ្មែរ។ 

ចំពោះភេសជ្ជៈទាំង៤ប្រភេទ លោក កុសល ជាអ្នកផលិត និងកែច្នៃដោយខ្លួនឯង ហើយផ្លែឈើទាំងនោះ លោក បញ្ជាទិញពីកសិករតាមខេត្តបន្ទាយមានជ័យ និងស្ទឹងត្រែង។ ទឹកស្វាយ១ដប តម្លៃ២៥០០រៀល ទឹកមៀន១កែវ តម្លៃ១២០០០រៀល ទឹកម្នាស់១កែវ តម្លៃ៥០០០រៀលទៅ៦០០០ពាន់រៀល និងទឹកសណ្ដែក១ដប តម្លៃ២០០០រៀល។ បច្ចុប្បន្ន ភេសៈទាំងនេះ ក៏មានការគាំទ្រគួរសមដែរ ជាពិសេសទឹកស្វាយ។ ដ្បិតតែទីផ្សារមិនទាន់ទូលាយ ប៉ុន្តែលោកកុសល អះអាងថា វាគឺជាការចាប់ផ្តើមដ៏ល្អមួយ ដែលផ្ដល់ចំណូលសម្រាប់លោកសមល្មម ដើម្បីផ្គត់ផ្គង់ជីវភាព និងបន្តពង្រីកអាជីវកម្មថ្មីថ្មោងរបស់ខ្លួន។
 
បន្ទាប់ពីភេសជ្ជៈកែច្នៃរបស់លោក កុសល បំពេញតម្រូវការទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ និងមានការទទួលស្គាល់ច្រើនហើយនោះ លោក មានគម្រោងនាំចេញផលិតផលកែច្នៃទាំងនេះទៅបណ្ដាប្រទេសនានាផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com