ជាតិ
សង្គមជាតិ
អនុបណ្ឌិតការពារព្រៃឈើពីចិន សាន សំណាង ប្ដេជ្ញាយកចំណេះដឹង មកអភិរក្សនិងអភិវឌ្ឍសហគមន៍ខ្លួន
24, Jul 2021 , 7:59 pm        
រូបភាព
លោក សាន សំណាង
លោក សាន សំណាង
ដោយ:
 
ភ្នំពេញ៖ បន្ទាប់ពីយុវជន សំណាង បានប្រឡងជាប់បាក់ឌុបកាលពីឆ្នាំ២០១១  សំណាង បានដាក់ពាក្យប្រឡងជាប់អាហារូបករណ៍ជំនាញ ព្រៃឈើ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ជាអ្នកស្រឡាញ់ព្រៃឈើ យុវជន សំណាង ស្រមៃចង់លើកស្ទួយជីវភាពសហគមន៍ និងចូលរួមដោះស្រាយបញ្ហា ប្រែប្រួលអាកាសធាតុ។ ក្រោយបញ្ចប់ការសិក្សា សំណាង បានក្លាយជាមន្រ្តីបរិស្ថាន ដែលបានធ្វើការផ្ទាល់ជាមួយសហគមន៍ និងកាន់តែស្រឡាញ់ព្រៃឈើកម្ពុជា។ សំណាង បានខ្មីឃ្មាតដាក់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតការពារព្រៃឈើ នៅប្រទេសចិន ដើម្បីស្ពាយចំណេះដឹង, បទពិសោធន៍ និងចំណុចល្អៗត្រឡប់មកការពារធនធានធម្មជាតិកម្ពុជា ឱ្យកាន់តែប្រសើរជាងមុន និងចែករំលែកចំណេះដឹងដល់សហគមន៍។


 
ជាកូនច្បងក្នុងគ្រួសារ ដែលមានប្អូន៣នាក់ សំណាង មិនដែលចង់បោះបង់ការសិក្សាឡើយ។ ថ្វីបើ គ្រួសាររបស់លោកមិនមានជីវភាពធូរធារ ប៉ុន្តែឪពុកម្ដាយរបស់លោក តែងតែជំរុញ និងលើកទឹកចិត្ត សំណាង ឱ្យបន្តការសិក្សា រហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រ។ បងប្អូនរបស់ សំណាង បានរៀនចប់ថ្នាក់បរិញ្ញាបត្រគ្រប់ៗគ្នា។
 
មានស្រុកកំណើតនៅឃុំស្វាយដង្កំ ស្រុកសៀមរាប ខេត្តសៀមរាប យុវជន សាន សំណាង បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែករដ្ឋបាលព្រៃឈើ នៅសាលាកសិកម្ម ឆ្នាំ២០១៥។ ក្រោយចប់ពីសាលាកសិកម្ម សំណាង បានចូលបម្រើការងារ ជាអ្នកស្ម័គ្រចិត្ត នៅអង្គការមួយ រយៈពេល ១ឆ្នាំ។ នៅឆ្នាំ២០១៦ សំណាង បានប្រឡងជាប់ ជាមន្រ្តីនៃមន្ទីរបរិស្ថានខេត្តសៀមរាប រហូតដល់ឆ្នាំ២០១៩។
 
នៅឆ្នាំ២០១៩ មន្រ្តីបរិស្ថានរូបនេះ បានទទួលអាហារូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិត នៅប្រទេសចិន តាមរយៈគម្រោងមួយ ឈ្មោះថា Asia-Pacific Network for sustainable forest management and rehabilitation ហៅកាត់ថា(APFnet)។
 
បទពិសោធសិក្សាថ្នាក់អនុបណ្ឌិតជំនាញ «ការពារព្រៃឈើ» នៅប្រទេសចិន
 
ជាសិស្សស្រឡាញ់ការសិក្សា លោក សាន សំណាង ខិតខំរៀនសូត្ររហូតបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកការការពារព្រៃឈើ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ ដោយសារស្រឡាញ់ព្រៃឈើនៅខេមររដ្ឋ សំណាង ត្រឡប់មកប្រទេសកំណើតវិញ ដើម្បីបំពេញការងារជាអ្នកអភិរក្សព្រៃឈើ និងជួយអភិវឌ្ឍសហគមន៍ដូចក្ដីស្រមៃរបស់ខ្លួន។
 
អ្នកខេត្តសៀមរាប រូបនេះ បានប្រាប់សារព័ត៌មាន ThmeyThmey25 ដូច្នេះ៖ «បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញនេះ យើងអាចរៀបចំផែនការ សម្រាប់ដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុ។ ទោះវាមិនធំដុំ តែជាផ្នែកមួយ ធ្វើឱ្យប្រសើរឡើងនូវបរិស្ថាន ព្រៃឈើ ជីវៈចម្រុះ និងលើកស្ទួយជីវភាពសហគមន៍»។
  លោក សាន សំណាង​ ថ្ងៃបញ្ចប់ថ្នាក់អនុបណ្ឌិតនៅប្រទេសចិន

ជំងឺកូវីដ-១៩ បានធ្វើឱ្យរដ្ឋាភិបាលចិន រឹតបន្តឹងច្បាប់រស់នៅ ក្នុងប្រទេសចិនទាំងមូល។ សាលារៀន ភោជនីយដ្ឋាន ក្លឹមកម្សាន្ត ទាំងអស់ត្រូវបានផ្អាក រួមទាំងការរាល់ការធ្វើចរាចរណ៍ របស់ពលរដ្ឋ និងហាមរាល់ការជួបជុំផងដែរ។ កត្តាទាំងនេះ បានធ្វើឱ្យ លោក សំណាង និងនិស្សិតផ្សេងទៀត ប្ដូរមករៀនតាមអនឡាញ និងត្រូវជាប់គាំង ក្នុងសាលារៀន រហូតជិតមួយឆ្នាំ។
 
ការសិក្សានៅប្រទេសចិន បានធ្វើឱ្យអនុបណ្ឌិតទើបបញ្ចប់ការសិក្សារូបនេះ ទទួលបានពិសោធជីវិតបន្ថែមជាច្រើន ដែលមិនធ្លាប់ជួប។ លោក សំណាង បញ្ជាក់ថា បើទោះបីជួបបញ្ហាច្រើន ក្នុងការរៀនសូត្រ នៅប្រទេសចិន តែលោកបញ្ចប់ថ្នាក់អនុបណ្ឌិតដោយរលូន និងទៅតាមការកំណត់។ លោក សំណាង ទទួលបានពិសោធថ្មីៗជាច្រើន ទាំងបទពិសោធជីវិត និងការសិក្សា ហើយលោក ក៏មានឱកាស ស្គាល់មិត្តថ្មីៗ មកពីប្រទេសផ្សេងគ្នាផង។
 
តាមការចុះកម្មសិក្សាផ្ទាល់ យុវជនវ័យ ២៨ឆ្នាំរូបនេះ យល់ថា ស្ថានភាពព្រៃឈើនៅប្រទេសចិន រេចរឹល ដែលទាមទារឱ្យមានការស្ដារឡើងវិញ។ សំណាង លើកឡើងបែបនេះ៖«នៅប្រទេសចិន មានការបំពុលបរិយាកាសខ្ពស់ ដូច្នេះរដ្ឋាភិបាលចិន បានបង្កើតគម្រោងជាច្រើន ដើម្បីដោះស្រាយបញ្ហានេះ ដើម្បីស្ដារព្រៃឈើឡើងវិញ ជាច្រើននៅជុំវិញប្រទេសចិន។ រដ្ឋាភិបាលចិន បានដាំឈើលក្ខណៈឧស្សាហកម្ម ដែលគាំទ្រដល់ការកែច្នៃឈើក្នុងស្រុក កាត់បន្ថយការដកហូតឈើពីក្នុងព្រៃ»។
 
ត្រឡប់មកជួយអភិវឌ្ឍសហគមន៍តាមរយៈការងារជាមន្រ្តីបរិស្ថាន
 
ក្រោយបញ្ចប់អនុបណ្ឌិត ពីប្រទេសចិន អ្នកបរិស្ថានរូបនេះ បានរៀបចំផែនការ ជាច្រើនក្នុងការអនុវត្ត ក្នុងការការពារព្រៃឈើ និងបរិស្ថាន។ សកម្មភាពដំបូង បន្ទាប់ពី សំណាង ចូលបម្រើការជាមន្រ្តីបរិស្ថានវិញ គឺការបញ្ជ្រាបចំណេះដឹង ការលើកកម្ពស់សុខភាពសាធារណះ ការចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាព។ ការងារបន្ទាប់ ការអនុវត្តច្បាប់ អោយបានតឹងរឹង លើកធនធានព្រៃឈើ សត្វព្រៃ និងជីវចម្រុះ ទប់ស្កាត់ការកាប់បំផ្លាញនិងទន្រ្ទានព្រៃឈើ និងការជួញដូរសត្វព្រៃ គ្រប់រូបភាពនៅក្នុងតំបន់។
  សកម្មភាព លោក សំណាង និងនិស្សិតដទៃ ចុះច្រូតស្រូវសាលី នៅប្រទេសចិន

អនុបណ្ឌិតដែលទើបបញ្ចប់ការសិក្សារូបនេះ រំពឹងយ៉ាងមុតមាំ ចំពោះលទ្ធផលដែលលោកបានសិក្សារៀនសូត្ររយៈពេល ២ឆ្នាំនៅប្រទេសចិន។ «ខ្ញុំសង្ឃឹមថា ការងារគ្រប់គ្រងធនធានធម្មជាតិរបស់យើងនឹងរីកចម្រើន ជាបន្តបន្ទាប់ តាមរយៈការងារអនុវត្តជាក់ស្តែង ដែលប្រកបដោយគុណភាព និងចំគោលដៅ ដែលជាចំនុចប្រឈម ក្នុងបញ្ហាបរិស្ថាន ព្រៃឈើ និងជីវៈចម្រុះរបស់យើង»។ នេះជាការអះអាងរបស់លោក សំណាង។
លោក សាន សំណាង នឹងត្រឡប់ទៅធ្វើ ជាមន្រ្តីនៃមន្ទីរបរិស្ថានខេត្តសៀមរាបដដែល ក្នុងន័យ យកចំណេះដឹង និងពិសោធ ដែលបានរៀន នៅប្រទេសចិន មកអនុវត្តផ្ទាល់ ដើម្បីលើកស្ទួយ កម្រិតជីវភាពសហគមន៍ និងចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
 
ជាមន្រ្តីបរិស្ថាន សំណាង តែងផ្តោតសំខាន់ទៅលើការបញ្ជ្រាបចំណេះដឹងនៃការងារគ្រប់គ្រងសំណល់រឹង រាវ ដែលគ្រោះថ្នាក់ដល់ប្រជាជនសហគមន៍ នឹងទប់ស្កាត់ ការបំពុលបរិស្ថាននានា។ តាមរយះកម្មវិធីផ្សេងៗ របស់ក្រសួងបរិស្ថាន តែងចុះដល់សហគមន៍ ដើម្បីផ្សព្វផ្សាយឱ្យមានការចូលរួមពីពលរដ្ឋ ក្នុងមូលដ្ឋានការពារធនធានធម្មជាតិ និងជំរុញឱ្យពួកគេចេះស្រលាញ់សត្វព្រៃ ព្រៃឈើ និងជីវចម្រុះ។
 
ការងារអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិ មិនមែនជាការងារផ្ដាច់មុខរបស់មន្រ្តីក្រសួងបរិស្ថាននោះទេ ត្រូវមានការចូលរួម គ្រប់ភាគីពាក់ព័ន្ធ រួមមាន អាជ្ញាធរមូលដ្ឋាន ដៃគូរអភិវឌ្ឍ ស្ថាប័នក្រៅរដ្ឋាភិបាល ពិសេសការចូលរួម របស់សហគមន៍មូលដ្ឋានផ្ទាល់តែម្តង។ «ក្នុងការងារគ្រប់គ្រងបរិស្ថាន ធនធានធម្មជាតិ ព្រៃឈើឬសត្វព្រៃ មិនសំដៅដោយផ្ទាល់ ទៅលើការគ្រប់គ្រងរបស់អង្គភាពណា ផ្តាច់មុខទេ។ ប៉ុន្តែវាជាការចូលរួមទាំអស់គ្នា ដើម្បីឱ្យវិស័យធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃ បានរីកចម្រើន ក្លាយជាមរកត ដល់មនុស្សជំនាន់ក្រោយបន្តទៀត»។ នេះជាសម្ដីរបស់អនុបណ្ឌិត សាន សំណាង៕




© រក្សាសិទ្ធិដោយ thmeythmey.com