អន្តរជាតិ
នយោបាយអន្តរជាតិ
រុស្ស៊ី លុបចោលវិធានការចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីវៀតណាម រូបភាព៖ Reuters
×
រដ្ឋាភិបាលរុស្ស៊ី បានសម្រេចដាក់វៀតណាម ក្នុងចំណោមប្រទេសចំនួន ៤៨ ដែលមិនតម្រូវអ្នកដំណើរមកពីប្រទេសទាំងនោះ ធ្វើចត្តាឡីស័ក។ ប៉ុន្តែអ្នកដំណើរទាំងនោះ ត្រូវភ្ជាប់មកជាមួយលក្ខខណ្ឌមួយចំនួន ដើម្បីអាចចូលរុស្ស៊ីបាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Vietnam Express នៅថ្ងៃទី២៤ ខែកក្កដា។
វៀតណាម ស្ថិតក្នុងចំណោមប្រទេស ៤៨ ផ្សេងទៀត ដោយមិនបាច់ធ្វើចត្តាឡីស័យរយៈពេល ១៤ថ្ងៃ។ ប៉ុន្តែអ្នកដំណើរមកពីប្រទេសទាំងនោះ ត្រូវតែមានលទ្ធផលអវិជ្ជមាន នៃជំងឺកូវីដ-១៩ ក្នុងរយៈពេល ៧២ម៉ោង មុនពេលមកដល់ និងត្រូវពាក់ម៉ាស់ ក្នុងទីសាធារណៈ មធ្យោបាយដឹកជញ្ជូនសាធារណៈ និងតាមកន្លែងលក់ទំនិញផ្សេងៗ។
ក្រៅពីវៀតណាម សិង្ហបុរី ជប៉ុន និងកូរ៉េខាងត្បូង ក៏ស្ថិតនៅក្នុងបញ្ជីលុបចោលនោះដែរ។ ស្របពេលរុស្ស៊ីលុបចោលវិធានចត្តាឡីស័កសម្រាប់វៀតណាម ប្រទេសផ្សេងទៀត បានហាមឃាត់អ្នកដំណើរមកប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដើម្បីទប់ស្កាត់វីរុសបង្កជាជំងឺកូវីដ-១៩ ទម្រង់ដែលតា។ ប្រទេសទាំងនោះ រួមមានស្រីលង្កា និងបារ៉ែនជាដើម។
សូមបញ្ជាក់ថា មកទល់ពេលនេះ វៀតណាម មានករណីឆ្លងកូវីដ-១៩ សរុបចំនួន ៨៦៩៥៧ករណី និងអ្នកស្លាប់មានចំនួន ៣៧០នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ១៥៥៣៦នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com