COVID-19
អន្តរជាតិ
នាយករដ្ឋមន្រ្តីសិង្ហបុរី អំពាវនាវឱ្យមនុស្សចាស់ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
25, Jul 2021 , 3:08 pm        
រូបភាព
រូបភាព៖ The Straits Times.jpg
រូបភាព៖ The Straits Times.jpg
នាយករដ្ឋមន្រ្តីសិង្ហបុរី លោកលី សៀនឡុង បានទទូចឱ្យមនុស្សចាស់ទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីការពារហានិភ័យមួយចំនួន។ បើតាមលោកនាយករដ្ឋមន្រ្តីសិង្ហបុរី មនុស្សចាស់ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ប្រមាណ ២០ម៉ឺននាក់ នៅមិនទាន់ទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ នៅឡើយទេ។

 
តាមរយៈវីដេអូដែលបង្ហោះបណ្តាញសង្គម Facebook នៅថ្ងៃទី២៤ ខែកក្កដា លោក លី សៀនឡុង ប្រមុខរដ្ឋាភិបាលសិង្ហបុរី បានជំរុញឱ្យមនុស្សចាស់ទៅទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការជំងឺកូវីដ-១៩ ដែងអាចឆ្លងពីសមាជិកគ្រួសារ ឬពីមិត្តភក្តិ។ ក្នុងន័យនេះ លោក លី បានសង្កត់ធ្ងន់ថា ជំងឺកូវីដ-១៩ អាចបង្កហានិភ័យខ្ពស់ សម្រាប់មនុស្សចាស់ ជាពិសេសអ្នកមានជំងឺទឹកនោមផ្អែម និងអ្នកមានសម្ពាធឈាមខ្ពស់។ 
 
«វ៉ាក់សាំង អាចការពារអ្នកពីជំងឺកូវីដ-១៩»។ នាយករដ្ឋមន្រ្តីសិង្ហបុរី បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា មនុស្សមួយចំនួន ប្រហែលជាទទួលផលប៉ះពាល់មួយចំនួន បន្ទាប់ពីចាក់វ៉ាក់សាំងរួច​ ប៉ុន្តែវាមិនធ្ងន់ធ្ងរឡើយ។ បើតាមលោកលី បើទោះមានផលវិបាកខ្លះក៏ពិតមែន ប៉ុន្តែវាអាចការពារមនុស្សចាស់ពីជំងឺកូវីដ-១៩ ។ 
 
ត្រឹមថ្ងៃទី១៩ កន្លងទៅ សិង្ហបុរី បានរាយការណ៍ថា មនស្សចាស់ចំនួន ៧០ភាគរយហើយ បានមកទទួលវ៉ាក់សាំង។ លោកនាយករដ្ឋមន្រ្តីសិង្ហបុរីសង្ឃឹមថា ចំនួននេះ នឹងកើនដល់ ៨០ភាគរយ ក្នុងពេលឆាប់ៗខាងមុន។ 
 
ការអំពាវនាវរបស់នាយករដ្ឋមន្រ្តីសិង្ហបុរី ធ្វើឡើងស្របពេលករណីឆ្លងជំងឺកូវីដ-១៩ បានកើនឡើងដល់ជាង ១០០ករណី។ នៅថ្ងៃទី២៤ ខែកក្កដា សិង្ហបុរី មានករណីឆ្លងចំនួន ១៣០ករណី និងអ្នកស្លាប់ចំនួន ១នាក់។ ករណីឆ្លងកូវីដ-១៩ សរុបមានចំនួន ៦៤០៥៤ករណី​ និងអ្នកស្លាប់មានចំនួន ៣៧នាក់។ 
 
គិតត្រឹមពេលនេះ សិង្ហបុរី បានផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន ៦,៩៨លានដូស ដល់ប្រជាជនខ្លួន ដោយមនុស្សចំនួន ២,៩លាននាក់ បានទទួលវ៉ាក់សាំងពេញលេញ៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com