អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅឥណ្ឌាកើនជាង១០០នាក់
25, Jul 2021 , 8:30 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
 
អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ និងបាក់ដីនៅឥណ្ឌា ដែលបង្កដោយភ្លៀងធ្លាក់ខ្លាំង បានកើនដល់ ១២៤នាក់ហើយ នៅថ្ងៃទី២៥ ខែកក្កដា។ ចំនួននេះ អាចនឹងកើនបន្ថែមទៀត ខណៈអ្នកជួយសង្រ្គោះ កំពុងស្វែងរកអ្នកបាត់ខ្លួន។



ភូមិភាគខាងលិចរបស់ឥណ្ឌា បានរងភ្លៀងធ្លាក់យ៉ាងខ្លាំងចាប់តាំងពីថ្ងៃទី២២ ខែកក្កដាមក។ នាយកដ្ឋានឧតុនិយម បានព្រមានថា ភ្ញៀងធ្លាក់ខ្លាំង នឹងបន្តទៅ ៣ ឬ៤ថ្ងៃខាងមុខទៀត។ ដោយសារតែភ្លៀងធ្លាក់ខ្លាំងបែបនេះ វាបានធ្វើឱ្យបាក់ដី។ នៅក្នុងរដ្ឋ Maharasthra មនុស្សយ៉ាងហោចណាស់ ១១៤នាក់ បានស្លាប់។  

ចំណែកមនុស្សប្រមាណជាង ១០នាក់ទៀត បានស្លាប់នៅភាគខាងត្បូង ក្រុងMumbai ដោយសារតែបាក់ដីដែរ។ ទន្ទឹមនេះ ផ្នែកខ្លះនៅក្នុងទីក្រុងChiplun កម្ពស់ទឹកបានហក់ឡើងចំនួន ៦ម៉ែត្រ នៅថ្ងៃទី២២ ខែកក្កដា កន្លងទៅ។ ស្របគ្នានេះ នៅក្នុងរដ្ឋ Karnataka អ្នកស្លាប់បានកើនពី ៣នាក់ ទៅ៩នាក់ ខណៈ៤នាក់ បានបាត់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារAFP។

មិនតែប៉ុណ្ណោះ ភ្ញៀងធ្លាក់ខ្លាំង ក៏បានកាត់ផ្តាច់ចរន្តអគ្គិសនី និងផ្ទះសម្បែងមួយចំនួន ត្រូវដួលរលំ។ ដោយកាត់ផ្តាច់ចរន្តអគ្គិសនី អ្នកជំងឺកូវីដ-១៩ ចំនួន ៨នាក់ បានបាត់បង់ជីវិត បន្ទាប់ពីម៉ាស៊ីនជំនួយផ្លូវដង្ហើមត្រូវផ្តាច់៕


Tag:
 គ្រោះទឹកជំនន់
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com