កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ជើងឯកកីឡាវាយកូនបាល់ Andy Murray ដកខ្លួនចេញពីវិញ្ញាសាឯកត្តជនបុរស នៃព្រឹត្តិការណ៍អូឡាំពិក
26, Jul 2021 , 8:30 am        
រូបភាព
រូបពី Xinhua
រូបពី Xinhua
 
ម្ចាស់ការពារតំណែងជើងឯក​វាយកូនបាល់ពីរសម័យកាល Andy Murray បានដកខ្លួនចេញពីវិញ្ញាសាឯកត្តជនបុរសក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ២០២០ ដោយសារបញ្ហាភ្លៅ ។



កីឡាករតំណាងក្រុមចក្រភពអង់គ្លេសរូបនេះ បានប្រកួតជាលក្ខណៈដៃគូបុរសជាមួយកីឡាករ Joe Salisbury ដោយយកឈ្នះគូប្រកួតខ្លួន កាលពីថ្ងៃទី២៤ កក្កដា។ ហើយរូបគេ នឹងត្រូវបន្តការប្រកួតជាលក្ខណៈឯកត្តជនបុរស ជាមួយកីឡាករសញ្ជាតិកាណាដា Felix Auger-Aliassime នៅថ្ងៃច័ន្ទ។

ប៉ុន្តែដោយសារតែបញ្ហាភ្លៅ បានធ្វើឱ្យ Andy Murray មិនអាចប្រកួតទាំងពីរវិញ្ញាសារបានទេ ដូច្នេះកីឡាករវ័យ ៣៤ ឆ្នាំរូបនេះ បានជ្រើសរើសការប្រកួតជាគូ ដោយបោះបង់ការប្រកួតឯកត្តជនចោល។

BBC បានស្រង់សម្ដី Murray នៅក្នុងសេចក្តីថ្លែងការណ៍មួយថា« ខ្ញុំពិតជាខកចិត្តខ្លាំងណាស់ដែលបានដកខ្លួនចេញ ប៉ុន្តែបុគ្គលិកពេទ្យបានណែនាំខ្ញុំមិនឱ្យលេងនៅក្នុងព្រឹត្តិការណ៍អូឡាំពិក ទាំងពីរវិញ្ញាសារនេះទេ ។ ខ្ញុំបានសម្រេចចិត្តពិបាកមួយ ចំពោះការដកខ្លួនចេញពីឯកត្តជន ហើយផ្តោតលើការលេងជាគូជាមួយ Joe Salisbury »។

Murray បានឈ្នះមេដាយមាសជាលើកទី ១ របស់គេ នៅទីក្រុងឡុងដ៍ឆ្នាំ ២០១២ និងរក្សាបានតំណែងជើងឯកខ្លួន នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល នៅឆ្នាំ២០១៦ ។

ម្ចាស់ជើងឯក Grand Slam ៣ សម័យកាលរូបនេះ ក៏ធ្លាប់វះកាត់ត្រគាកដែរ មុននឹងវិលត្រឡប់ទៅកាន់ការប្រកួតវិញនេះ។

Murray និង Salisbury នឹងត្រូវជួបជាមួយគូរប្រកួតមកពីអាល្លឺម៉ង់ Kevin Krawietz និង Tim Puetz នៅជុំទី ២ ៕



Tag:
 Olympics ២០២០
  Andy Murray
© រក្សាសិទ្ធិដោយ thmeythmey.com